អានតួអត្ថបទ
កម្ពុជា-សង្គម

វិវាទណាហ្គាវើលដ៏៖ ភាគីទាំង២ នឹងជួបគ្នាម្តងទៀតនៅថ្ងៃពុធស្អែក បន្ទាប់ពីបរាជ័យកាលពីម្សិលមិញ

ភាគីសហជីព​តំណាង​ឲ្យកម្មករ​និយោជិត​ និង​តំណាងក្រុមហ៊ុន​ណាហ្គាវើលដ៏​មិនអាច​រកដំណោះស្រាយ​ដើរទៅមុខបានទេ​ នៅក្នុង​ការចរចាជុំទី៤ ​កាលពីថ្ងៃ​ចន្ទម្សិលមិញ​ ដោយ​ភាគីម្ខាងៗ​ប្រកាន់​យកជំហររៀងៗខ្លួន។​ ការចូល​តុចរចារវាងភាគីវិវាទ​នៃក្រុមហ៊ុន​ណាហ្គាវើលដ៏នេះ ​ធ្វើឡើង​បន្ទាប់​ពីមេដឹក​នាំស​ហជីព​១១រូបត្រូវ​បាន​អាជ្ញាធរ​ដោះលែង​ឲ្យនៅក្រៅឃុំ​កាលពីសប្តាហ៍មុន។​

ការចូលតុចរចារវាងភាគីវិវាទ ភាគីសហជីពតំណាងឲ្យកម្មករនិយោជិត និងតំណាងក្រុមហ៊ុនណាហ្គាវើលដ៏
ការចូលតុចរចារវាងភាគីវិវាទ ភាគីសហជីពតំណាងឲ្យកម្មករនិយោជិត និងតំណាងក្រុមហ៊ុនណាហ្គាវើលដ៏ © FB
ផ្សាយពាណិជ្ជកម្ម

មានសមាសភាព៥នាក់ម្ខាង សម្របសម្រួលដោយក្រសួងការងារ ភាគីសហជីព តំណាងឲ្យកម្មករនិយោជិតដឹកនាំដោយកញ្ញា ឈឹម ស៊ីថរ និងភាគីនិយោជកក្រុមហ៊ុនណាហ្គាវើលដ៏ ដឹកនាំដោយលោក Hein Dames ការជជែកគ្នាពេញ១ល្ងាច មិនទទួលបានលទ្ធផលអ្វីជាដុំកំភួនទេ ដោយសារភាគីម្ខាងៗប្រកាន់យកចំណុចចង់បានរៀងៗខ្លួន។

ភាគីសហជីព និងតំណាងកម្មករនិយោជិត បានលើកយក៥ចំណុចមកជជែកគឺទី១ ស្នើឲ្យកិច្ចប្រជុំលើកយកចំណុចទាមទារយកចូលធ្វើការវិញ មកពិភាក្សាមុននឹងឈានទៅពិភាក្សាចំនុចវិវាទផ្សេងទៀត ដោយស្នើឲ្យនិយោជកផ្តល់ចំលើយតបចំពោះការទាមទារនេះ។ បើពុំនោះទេ នោះការចរចានឹងជាប់គាំងបន្តទៀត។ ចំណុចទី២ និងចំណុចទី៣ របស់ភាគីនិយោជិត គឺបន្តទាមទារឲ្យកម្មករនិយោជិតប្រហែល២០០នាក់បានចូលធ្វើការវិញ និងជាជម្រើសដែលមានការដោះដូរឲ្យកម្មករនិយោជិត២០០នាក់ចូលធ្វើការ ខណៈដែលកម្មករនិយោជិតប្រហែល៣០០នាក់ ព្រមលាឈប់ពីការងារ។ 

តែចំណុចនេះ ភាគីតំណាងក្រុមហ៊ុនមិនព្រមទេ ដោយសារកម្មករនិយោជិត ដែលកំពុងបំរើការងារនៅក្នុងក្រុមហ៊ុនណាហ្គាវើលដ៏នៅតែជាចំនួនដែលលើសតម្រូវការជាក់ស្តែងរបស់ក្រុមហ៊ុន។ ក្រុមហ៊ុនណាហ្គាវើលដ៏ ចង់ឲ្យលើកយកចំណុចវិវាទទី៣ និងទី៤ នៃសេចក្តីបង្គាប់របស់អាជ្ញាកណ្តាលមកជជែក និងថាភាគីនិយោជកមិនសប្បាយចិត្តនឹងការលើកឡើងរបស់ភាគីសហជីព តំណាងឲ្យកម្មករនិយោជិត ដែលមានន័យថាសហជីពចង់ដើរតួនាទីជាអ្នកទទួលខុសត្រូវអំពីដំណើរការអាជីវកម្មជំនួសក្រុមហ៊ុន។

ទោះយ៉ាងណា ក្រសួងការងារ ដែលជាអ្នកសម្របសម្រួល ក៏បានស្នើឲ្យភាគីវិវាទគ្នា ដោះស្រាយគ្នាប្រកបដោយការយោគយល់គ្នាខ្ពស់ ហើយថាតាមនីតិវិធីច្បាប់ ភាគីទាំងពីរអាចដាក់ពាក្យបណ្តឹងបន្តទៅតុលាការ ប្រសិនបើការចរចាច្រើនដងនៅតែមិនមានលទ្ធផល។

សូមរំលឹកថាផ្តើមចេញពីការទាមទារឡើងប្រាក់ឈ្នួលកាលពីឆ្នាំ២០២០ មេដឹកនាំសហជីព កញ្ញាឈឹម ស៊ីថរ ត្រូវបានក្រុមហ៊ុនព្យួរការងារដោយមិនកំណត់ ដោយសារតែការពារបុគ្គលិក។ ក្រោយមកបុគ្គលិកកម្មករជាង៣ពាន់នាក់បានផ្តិតមេដៃគាំទ្រយុទ្ធនាការឡើងប្រាក់ឈ្នួលនេះ ជាហេតុធ្វើឲ្យក្រុមហ៊ុនណាហ្គាវើលដ៏ធ្វើការកាត់បុគ្គលិកកម្មកររាប់ពាន់នាក់នៅឆ្នាំ២០២១ ដោយឈរលើមូលហេតុក្រុមហ៊ុនខាតបង់ប្រាក់ចំណេញអំឡុងពេលនៃវិបត្តិកូវីដ-១៩។ ជាបន្តបន្ទាប់បុគ្គលិកកម្មករ បានធ្វើកូដកម្មដើម្បីទាមទារចូលធ្វើការវិញ និងខ្លះទៀតស្នើឲ្យក្រុមហ៊ុនទូទាត់ប្រាក់សំណងឲ្យបានត្រឹមត្រូវតាមច្បាប់ការងារ។ មិនមានដំណោះស្រាយអ្វីទេ ខណៈភាពតានតឹងនៅតែកើតមាន ជាហេតុនាំឲ្យមានការចាប់ខ្លួន និងឃុំខ្លួនតាមនីតិវិធីតុលាការ នូវមេដឹកនាំសហជីពជាង១០នាក់ ដែលធ្វើឲ្យការតវ៉ាបានដាច់ក្បាល។

ទន្ទឹមគ្នានេះ ប្រតិកម្មរិះគន់ ថ្កោលទោសចម្រុះក៏ធ្លាក់មកជាបន្តបន្ទាប់ពីសំណាក់អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិខណៈដែលអាជ្ញាធរ និងក្រុមហ៊ុន ក៏បានថ្លែងការពារខ្លួនផងដែរ។ ទីបំផុតក៏មានការបើកផ្លូវចរចាមួយ ដោយមានការដោះលែងមេដឹកនាំសហជីពទាំង១១នាក់ឲ្យនៅក្រៅឃុំ និងឈានដល់ការចរចាកាលពីម្សិលមិញ និងគ្រោងជួបគ្នាជាថ្មីនៅថ្ងៃទី២៣ ខែមីនានេះទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ