អានតួអត្ថបទ
កម្ពុជា-អាស៊ាន

តំណាងឲ្យអាស៊ាន៖កម្ពុជាស្នើមេដឹកនាំយោធាបង្កើតច្រករបៀងមនុស្សធម៌សម្រាប់នាំជំនួយជូនប្រជាជនភូមា

លោកប្រាក់ សុខុន ក្នុងឋានៈជាប្រេសិតពិសេសអាស៊ានបានដល់ប្រទេសកម្ពុជាវិញហើយនៅថ្ងៃទី២៣មីនានេះ ក្រោយបញ្ចប់បេសកកម្មកាទូត៣ថ្ងៃនៅក្នុងប្រទេសភូមា។  បន្ទាប់ពីដាក់ជើងជាន់ដីកម្ពុជាភ្លាមលោក ប្រាក់ សុខុន បានប្រាប់អ្នកកាសែតភ្លេតថា លោកបានស្នើសុំបីចំណុចទៅកាន់មេដឹកនាំយោធាភូមាដើម្បីបន្ថូរភាពតានតឹងនៅទីនោះ។ ចំណុចមួយក្នុងចំណោមសំណើរបីចំណុចនោះ គឺលោកប្រេសិតបានសង្កត់ធ្ងន់ដោយស្នើឲ្យមេដឹកនាំយោធាបង្កើតច្រករបៀងមនុស្សធម៌សម្រាប់ប្រជាជនភូមា។  ប្រជាជន​ភូមា​ដែលកំពុងជួបបញ្ហា​ជីវភាពខ្វះខាត ​ដោយ​សារ​អស្ថិរភាព​នយោបាយ ក្នុងប្រទេសជាង​មួយឆ្នាំ​ក្រោយ​រដ្ឋប្រហារ​យោធា។  

កិច្ចពិភាក្សារវាងប្រេសិតពិសេសអាស៊ាន គឺលោក ប្រាក់ សុខុន និង លោក មិន អ៊ុងលាំង មេដឹកនាំរបបសឹកភូមា
កិច្ចពិភាក្សារវាងប្រេសិតពិសេសអាស៊ាន គឺលោក ប្រាក់ សុខុន និង លោក មិន អ៊ុងលាំង មេដឹកនាំរបបសឹកភូមា © mfa.gov
ផ្សាយពាណិជ្ជកម្ម

នៅចំពោះមុខមេដឹកនាំយោធាលោក មីន អ៊ុងឡាំង លោកប្រាក់ សុខុន បានលើកឡើងថា ក្នុងនាមជាប្រេសិតអាស៊ានលោកចង់ឃើញការអនុគ្រោះពីរបបសឹកសម្រាប់ការដឹកជញ្ជូនជំនួយមនុស្សធម៌ប្រក​បដោយសុវត្ថិភាពដោយគ្មានការរើសអើង និងរារាំង។ លទ្ធភាព​ដែលអាចដឹកជញ្ជូនជំនួយមនុស្សធម៌ប្រកបដោយសុវត្ថិភាពគឺការបង្កើតច្រករបៀងដោយឡែក ព្រោះបើតាមលោកប្រាក់ សុខុន ទីតាំងខ្លះនៅក្នុងប្រទេសភូមាជំនួយមនុស្សធម៌ពិបាកទៅដល់ ដោយសារតែវាយប្រហារគ្នារបស់ក្រុមពាក់ព័ន្ធនានានៅក្នុងប្រទេសភូមា។

ប្រសិនបើច្រករបៀងសុវត្ថិភាពអាចបង្កើតឡើងបានតាមសំណើររបស់ប្រេសិតអាស៊ានលោកប្រាក់ សុខុន ក៏ចង់ឃើញការភ្ជាប់ទៅជាមួយនូ​វកម្មវិធីចាក់វ៉ាក់សាំងបង្ការកូវីដ១៩ សម្រាប់ចាក់ជូនប្រជាជនភូមាផងដែរ។ លោកប្រាក់ សុខុន បានគូសបញ្ជាក់ទៀតថា សំណើរនេះទទួលបានការស្វាគមន៍ និងការគាំទ្រពីសំណាក់ក្រុមការងារធ្វើការផ្នែកមនុស្សធម៌ដែរ។

ប៉ុន្តែយ៉ាងណាមិញចំពោះសំណើរដែលស្នើឡើងដោយប្រេសិតអាស៊ាន ឲ្យអាជ្ញាធរភូមាបង្កលក្ខណៈងាយស្រួលសម្រាប់ដឹកជញ្ជូនជំនួយមនុស្សធម៌នេះ មិនទាន់មានការឆ្លើយបែបណានៅឡើយទេពីសំណាក់មេដឹកនាំយោធាភូមាលោក មីន អ៊ុងឡាំង។ តែសម្រាប់ការឆ្លើយតបជារួម​ចំពោះសំណើរទាំងអំបាលមាណរបស់ប្រេសិតអាស៊ានមេដឹកយោធាទទួលស្ដាប់។

សូមជម្រាបជូនថា កង្វល់របស់ប្រេសិតអំពីឧបសគ្គក្នុងការដឹកជញ្ជូនជំនួយមនុស្សឲ្យទៅដល់ដៃប្រជាជនភូមាដែលត្រូវការជំនួយបន្ទាន់នោះ ធ្វើឡើងស្របនឹងអង្គការសហប្រជាជាតិកាលពីខែមុន​បានអំពាវនាវ​ស្វែងរកប្រាក់ជំនួយមនុស្សធម៌ ជាង ៨២៦លាន​ដុល្លារ​សម្រាប់​ជួយប្រជាជន​ភូមា ជាង ៦លាននាក់ ដែល​ត្រូវការជំនួយបន្ទាន់បំផុត នៅ​ឆ្នាំ ២០២២។  តាមការវាយតម្លៃ​របស់​អង្គការ​សហប្រជាជាតិ នៅក្នុង​ចំណោម​ប្រជាជន​ភូមា​សរុប ៥៤លាននាក់ មាន​ប្រជាជនភូមា ចំនួន​ពាក់កណ្តាល​កំពុង​រស់នៅក្នុងភាពក្រីក្រ និង​មនុស្ស​ជាង ១៤,៤​លាននាក់ ត្រូវការជំនួយមនុស្សធម៌ ដែលនៅក្នុង​នោះ ៥លាននាក់​ជា​កុមារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ