អានតួអត្ថបទ
កម្ពុជា-សង្គម

សាលាក្រុងចោទថា កូដករកំពុងបំពានច្បាប់ ក្រោយប្រើអំពើហឹង្សា និងរបួសស្នាមមកលើសមត្ថកិច្ច

សាលាក្រុង​ភ្នំពេញ​កាលពីម្សិលមិញ​ បានចោទ​ប្រកាន់​មកលើក្រុម​កូដករ​របស់​ក្រុមហ៊ុន​ណាហ្គាវើលដ៍ថា​ បាន​បង្ក​ជារបួស​ស្នាម និងប្រើ​ពាក្យអសុរោះ ​មកលើ​អាជ្ញាធរ​មានសមត្ថកិច្ច​ដែលកំពុង​បំពេញភារកិច្ច​ការពារសន្តិសុខ​ និង​សណ្តាប់ធ្នាប់​។ ​សកម្មភាព​នេះ ត្រូវសាលាក្រុង​ភ្នំពេញ​ចាត់ទុកថា​ ក្រុម​កូដករ​កំពុង​បំពាន​មកលើច្បាប់​បន្ថែម​ទៀត ​ក្នុង​រូបភាព​បម្រើមហិច្ឆតារបស់ខ្លួន។​ ក៏ប៉ុន្តែលោក ឃុន ថារ៉ូ​ អ្នក​គ្រប់​គ្រង​កម្ម​វិធី​ការ​ងារ​ នៃ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិ​មនុស្ស របស់អង្គការសង់ត្រាល់ បានកត់​សំគាល់ថា​ ការចោទ​ប្រកាន់​គ្រប់បែបយ៉ាង ​ពីអាជ្ញាធរ​នេះ​មិនមែន​ជារឿងចម្លែក​ និង​ថ្មីនោះទេ។​

អាជ្ញាធរបញ្ចូនក្រុមកូដករឡើងឡានក្រុង
អាជ្ញាធរបញ្ចូនក្រុមកូដករឡើងឡានក្រុង © Internet
ផ្សាយពាណិជ្ជកម្ម

នេះមិនមែនជារឿងថ្មី និងលើកទី១នោះទេ ដែលសាលាក្រុងភ្នំពេញបានចេញសេចក្តីប្រកាសព័ត៌មានស្រាយបំភ្លឺទៅកាន់សាធារណជន ជុំវិញករណីអំពើហឹង្សាដែលកើតមានឡើងរវាងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ និងកងកម្លាំងសមត្ថកិច្ច។

ជាក់ស្តែង កាលពីថ្ងៃទី២៣​ មីនា សាលាក្រុងភ្នំពេញបានចេញសេចក្តីប្រកាសព័ត៌មានចំនួន២សន្លឹក ដោយបានចោទប្រកាន់បុគ្គលិកណាហ្គាវើលដ៍ ថាបានសម្តែងមតិខុសច្បាប់នៅតាមទីសាធារណៈ និងផ្ទុយពីការណែនាំរបស់អាជ្ញាធរ។ សាលាក្រុងភ្នំពេញ ក៏បានបញ្ជាក់ទៀតថា ខ្លួនមានការសោកស្តាយចំពោះសកម្មភាពមិនគោរពវិធានការរដ្ឋបាល វិធានការច្បាប់ និងវិធានអប់រំនានារបស់អាជ្ញាធរទៅកាន់ក្រុមកូដករ។ ក៏ប៉ុន្តែ កូដករនៅតែបន្តបំពានសកម្មភាពច្បាប់ និងដើម្បីកេងចំណេញរូបភាពបម្រើមហិច្ឆតារបស់ក្រុមខ្លួន និងរហូតឈានដល់សម្តែងធ្វើជាជនរងគ្រោះ។ នេះជាការបញ្ជាក់បន្ថែមពីសាលាក្រុងភ្នំពេញ។

លើសពីនេះ សាលាក្រុងក៏បានចោទប្រកាន់មកលើក្រុមកូដករថា ពួកគេបានបង្កជារបួសស្នាម បង្ហាញកាយវិការមិនសមរម្យ ប្រើ​ប្រាស់ពាក្យអសុរោះ មកលើអាជ្ញាធរថែមទៀត។ សកម្មភាពទាំងអស់នេះ អាជ្ញាធរចាត់ទុកថា ធ្វើឡើង ដើម្បីបញ្ជោះកំហឹងរបស់សមត្ថកិច្ច ក្នុងការត្រៀមចាំផ្តិតយករូបភាពផ្សេងៗទុកធ្វើការចោទប្រកាន់មកលើអាជ្ញាធរជាដើម។ បើតាមសេចក្តីបញ្ជាក់ពីសាលាក្រុង អាជ្ញាធរមិនបានប្រើប្រាស់អំពើហឹង្សាទៅលើកូដករនោះទេ ពោលគឺ អាជា្ញធរគ្រាន់តែកូដករឡើងឡាន ដើម្បីទៅធ្វើការសម្តែងមតិនៅទីលានប្រជាធិបតេយ្យប៉ុណ្ណោះ។

ក្រោយការចេញមុខស្រាយបំភ្លឺពីសំណាកភាគីអាជ្ញាធរនាពេលនេះ លោក ឃុន ថារ៉ូ អ្នក​គ្រប់​គ្រង​កម្ម​វិធី​ការ​ងារ​ នៃ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិ​មនុស្ស របស់អង្គការសង់ត្រាល់ បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិថា លោកមិនចំឡែកនោះទេ ចំពោះការចោទប្រកាន់របស់សាលាក្រុងភ្នំពេញមកលើក្រុមកូដករ ពីព្រោះជាទម្លាប់របស់អាជ្ញាធរទៅហើយ។ លោកបន្តថា ទោះបីអាជ្ញាធរចោទប្រកាន់យ៉ាងណាក្តី សាធារណជនបានឃើញនូវរូបភាព និងវីឌីអូផ្សព្វផ្សាយយ៉ាងព្រោងព្រាតជុំវិញសកម្មភាពប្រើប្រាស់អំពើហឹង្សាមកលើកូដកររួចទៅហើយ។

លោក ឃុន ថារ៉ូបន្តថា អាជ្ញាធរកំពុងដើរខុសពីតួនាទី និងការអនុវត្តច្បាប់របស់ខ្លួនចំពោះការរារាំងការធ្វើកូដកម្មដោយសន្តិវិធីរបស់កូដករ។ បើតាមសិទ្ធិការងារ កូដករមានសិទ្ធិធ្វើកូដកម្មដោយសន្តិវិធីនៅមុខកន្លែងធ្វើការ ដោយមិនរងការចោទប្រកាន់ខុសច្បាប់ណាមួយនោះទេ។​ មន្ត្រីសិទ្ធិមនុស្សរូបនេះបញ្ជាក់ទៀតថា កូដករគួរតែដាក់ពាក្យបន្តឹងទៅលើបុគ្គលដែលពាក់ឯកសណ្ឋានស៊ីវិល ចូលមកប្រើប្រាស់អំពើហឹង្សាមកកូដករជាដើម។

ជុំវិញរឿងនេះដែរ កូដករមួយរូបសុំមិនបញ្ចេញឈ្មោះបានប្រាប់ឱ្យវិទ្យុបារាំងអន្តរជាតិដឹងថា ការចោទប្រកាន់របស់អាជ្ញាធរជាហូរហែមកលើកូដករ គឺមិនមានភស្តុតាងណាមួយច្បាស់លាស់នោះទេ​ ខណៈអាជ្ញាធរវិញបានប្រើប្រាស់ពាក្យអសុរោះ និងមិនគប្បីជាច្រើនមកលើកូដករដែលជាស្ត្រី ជាពិសេសការបៀតបៀនរូបរាងកាយជាដើម។ កូដករដែលសុំមិនបញ្ចេញឈ្មោះខាងលើបន្តថា សកម្មភាព និងពាក្យសម្តីរបស់កូដករ គឺធ្វើត្រាប់តាមទង្វើនិងសកម្មភាពរបស់អាជ្ញាធរតែប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ