អានតួអត្ថបទ
កម្ពុជា-បរិស្ថាន

អ្នកការពារព្រៃឈើស្នើរដ្ឋាភិបាលបង្កើនការរក្សាគម្របព្រៃឈើឲ្យបាន៦០%នៅឆ្នាំ២០៣០

អង្គការ និងសមាគមចំនួន២២ស្នើឲ្យរដ្ឋាភិបាល​ តាមរយៈក្រសួងពាក់ព័ន្ធ​ អនុវត្តការ​ប្តេជ្ញាចិត្ត​របស់​ខ្លួន​ ដូចមានចែងក្នុង​កម្មវិធី​ព្រៃឈើជាតិពីឆ្នាំ២០១០​ដល់​ឆ្នាំ​២០២៩ និងការសន្យាជាមួយអង្គការសហប្រជាជាតិ ក្នុងការ​រក្សា​គម្របព្រៃឈើនៅកម្ពុជាឲ្យបាន៦០%នៅឆ្នាំ២០៣០។ ការ​ស្នើ​នេះ​ធ្វើឡើង​តាមរយៈ​ការដាក់ញត្តិរបស់សកម្មជនព្រៃឈើ​នៅថ្ងៃអង្គារនេះទៅកាន់​ក្រសួងកសិកម្ម និង​ក្រសួង​បរិស្ថាន។

សមាគម អង្គការសង្គមស៊ីវិល សកម្មជនបរិស្ថាន សិស្ស និស្សិត និងប្រជាពលរដ្ឋខ្មែរអ្នកស្រលាញ់ធនធានធម្មជាតិ បានរួមគ្នាដាក់ញត្តិ នៅក្រសួងបរិស្ថាននិងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ
សមាគម អង្គការសង្គមស៊ីវិល សកម្មជនបរិស្ថាន សិស្ស និស្សិត និងប្រជាពលរដ្ឋខ្មែរអ្នកស្រលាញ់ធនធានធម្មជាតិ បានរួមគ្នាដាក់ញត្តិ នៅក្រសួងបរិស្ថាននិងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ © FB/CYN
ផ្សាយពាណិជ្ជកម្ម

ដោយ​បង្ហាញពីការព្រួយបារម្ភពីការរឹតត្បិត​សេរីភាពប្រជាពលរដ្ឋ​ក្នុងការចូលរួមល្បាតព្រៃឈើ ក្រុម​សកម្មជន​បរិស្ថាន​កត់សំគាល់ថា គម្របព្រៃឈើនៅកម្ពុជា​បានបាត់បង់ជាបន្តបន្ទាប់យ៉ាងឆាប់រហ័សពីជាង៦០%នៅឆ្នាំ២០០២ មកសល់តែជាង៤៦%នៅឆ្នាំ២០១៨។

ការ​បាត់បង់​គម្របព្រៃឈើយ៉ាងគំហុកនេះត្រូវបាន​សកម្មជនព្រៃឈើអះអាងថា កើតឡើងស្របពេល​ដែលមានការរឹតត្បិត​សេរីភាព ចំពោះ​ការ​ចូលរួមការពារព្រៃឈើ​ និង​ធនធានធម្មជាតិ​ដោយ​ស្ម័គ្រចិត្ត ដ៏ដូចជាការ​ល្បាតព្រៃ​របស់បណ្តាញសហគមន៍ព្រៃឡង់ សហគមន៍ព្រះរកា និងសកម្មជនព្រៃឈើ។

យោងតាមរបាយការណ៍ នៅឆ្នាំ២០២១ គម្រប់ព្រៃឈើជាង៦,២៧១​ហិកតា​ត្រូវបានកាប់​បំផ្លាញ​ក្នុង​ដែន​ជម្រក​សត្វព្រៃ«ព្រៃឡង់ និងដែនជម្រកសត្វព្រៃព្រះរកា»។ ដោយឡែក​របាយការណ៍មួយទៀត​បានអះអាងថា​គម្របព្រៃឈើ​ក្នុង​ដែនជម្រក​សត្វព្រៃទាំងនេះគឺបានបាត់បង់ប្រមាណ១ម៉ឺន​ហិកតា​នៅឆ្នាំ២០២០។ នេះជាទិន្នន័យថ្មី​បំផុត​ដែលបាន​រក​ឃើញបន្ទាប់ពីគំនិត​ផ្តួចផ្តើមសកល​ប្រឆាំង​ឧក្រិដ្ឋកម្ម​​ឆ្លង​ដែន បាន​ចុះផ្សាយ​កាលពីឆ្នាំ២០២១ពីការបាត់​បង់​គម្រប​ព្រៃឈើ​ក្នុង​ទំហំ៥៥៧.០០០ហិកតា ស្មើ​នឹង​១១,៧% នៃតំបន់​ការពារ​ធម្មជាតិ​របស់​កម្ពុជា​ចន្លោះ​ឆ្នាំ​២០០១ និង​ឆ្នាំ​២០១៨។

នៅចំពោះមុខនៃការ​បាត់​បង់​គម្របព្រៃឈើនេះ អង្គការ និងសមាគមចំនួន២២ស្នើឲ្យរដ្ឋាភិបាល​ តាមរយៈក្រសួងកសិកម្ម និង​ក្រសួង​បរិស្ថាន​ អនុវត្តការ​ប្តេជ្ញាចិត្ត​របស់​ខ្លួន​ ដូចមានចែងក្នុង​កម្មវិធី​ព្រៃឈើជាតិពីឆ្នាំ២០១០​ដល់​ឆ្នាំ​២០២៩ និងការសន្យាជាមួយអង្គការសហប្រជាជាតិ ក្នុងការ​រក្សា​គម្របព្រៃឈើនៅកម្ពុជាឲ្យបាន៦០%នៅឆ្នាំ២០៣០។

ប៉ុន្តែបើតាម​ក្រុមអង្គការទាំងនេះ កម្ពុជា​បានខកខាន​ មិនបានបំពេញ​តាម​សូចនាករណ៍គោលដៅ​អភិវឌ្ឍ​សហវត្សរបស់កម្ពុជាដែលមានគោលដៅរួម លុបបំបាត់​ភាពក្រីក្រ ការធានានិរន្តរភាពបរិស្ថាន និងការ​រក្សាគម្របព្រៃឈើឲ្យបាន៦០%តាំងពីឆ្នាំ២០១៥។ និន្នាការ​នេះ បង្កឲ្យមានការព្រួយបារម្ភចំពោះ​ការ​ខកខាន​ម្តងទៀត ក្នុងការ​បង្កើនគម្របព្រៃឈើឲ្យបាន៦០% នៃផ្ទៃដីសរុបរបស់កម្ពុជា នៅត្រឹមឆ្នាំ២០២៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ