អានតួអត្ថបទ
កម្ពុជា-សង្គម

បរធនបាលកិច្ច អាចជាឱកាសសម្អាតលុយកខ្វក់និងហិរញ្ញប្បទានភេរវកម្ម តែមន្ត្រីថាឃ្លាំមើលបានល្អ

បរធនបាល​កិច្ចនៅកម្ពុជា​បច្ចុប្បន្ន​ បាន​ក្លាយ​ជាការ​ចាប់អារម្មណ៍​ពីសំណាក់​វិនិយោគិន​បរទេស។​ ក៏ប៉ុន្តែ​បរធនបាលកិច្ច​ មាន​ជួបបញ្ហា​ប្រឈមមួយ​ចំនួន​ទាក់ទង​ទៅនឹង​ការលាងលុយកខ្វក់​ និង​ការទទួល​ហិរញ្ញប្បទាន​ភេរវកម្ម​ជាដើម។​ នេះបើតាម​ការធ្វើ​បទបង្ហាញ​របស់និយ័តករបរ​ធនបាល​កិច្ច​ នៅថ្ងៃព្រហស្បតិ៍​នេះ។ ​ទោះយ៉ាង​នេះក្តី ​និយ័តករ​បរធន​បាលកិច្ច​ ក៏អះអាង​ថាបាន​ឃ្លាំមើល​លើបញ្ហាទាំង​នេះយ៉ាង​ម៉ត់ចត់។ ​

សិក្ខាសាលាស្តីពី "ការឈ្វេងយល់ពីកិច្ចដំណើរការអភិវឌ្ឍន៍វិស័យបរធនបាលកិច្ចនៅព្រះរាជាណាចក្រកម្ពុជា"
សិក្ខាសាលាស្តីពី "ការឈ្វេងយល់ពីកិច្ចដំណើរការអភិវឌ្ឍន៍វិស័យបរធនបាលកិច្ចនៅព្រះរាជាណាចក្រកម្ពុជា" © FB/និយ័តករបរធនបាលកិច្ច
ផ្សាយពាណិជ្ជកម្ម

ស្របពេលដែលវិស័យបរធនបាលកិច្ចនៅកម្ពុជាកំពុងបន្តរីកចម្រើន បញ្ហាប្រឈមមួយចំនួនក៏កំពុងកើតមានឡើងនៅទន្ទឹមគ្នា។ តាមរយៈបទបង្ហាញរបស់មន្ត្រីនិយ័តករបរធនបាលកិច្ច បញ្ហាប្រឈមមួយចំនួននោះរួមជាអាទិ៍ ការយល់ដឹងជាសាធារណៈពីវិស័យបរធនបាលកិច្ចនិងច្បាប់ពាក់ព័ន្ធនៅមានកម្រិត អស្ថិរភាពហិរញ្ញវត្ថុនិងវិបត្តិកូវីដ១៩ កង្វះនូវបច្ចេកវិទ្យាព័ត៌មានវិទ្យាថ្មីៗ និងបញ្ហាប្រឈមទាក់ទងទៅនឹង ការលាងសម្អាតលុយកខ្វក់ រួមនឹងហិរញ្ញប្បទានភេរវកម្មជាដើម

កញ្ញា ឈាន សុខារី ប្រធាននាយកដ្ឋានកិច្ចការគតិយុត្ត និងអធិការកិច្ចនៃនិយ័តករបរធនបាលកិច្ច បានអះអាងថា ពាក់ព័ន្ធនឹងបញ្ហាលាងសម្អាតលុយកខ្វក់ និងការទទួលហិរញ្ញប្បទានភេរវកម្មជាដើមតាមរយៈយន្តការបរធនបាលកិច្ច ខាងនិយ័តករតែងតែឃ្លាំមើលជាប្រចាំ។

បើតាមកញ្ញា ឈាន សុខារី និយ័តករបរធនបាលកិច្ចតែងតែពិនិត្យលើប្រភពលុយនៃម្ចាស់ទ្រព្យ ថាស្របច្បាប់ឬមិនស្របច្បាប់ ទៅតាមលក្ខខណ្ឌបញ្ជីខ្មៅរបស់អង្គការសហប្រជាជាតិ។ បន្ថែមពីនេះ និយ័តករក៏សិក្សាលើអ្នកដែលទទួលទ្រព្យទាំងនោះ ថាជាអ្នកណាមុននឹងធ្វើបរធនបាលកិច្ចដូចគ្នា។ ហើយនិយ័តករក៏តែងតែជូនដំណឹងជាប្រចាំដល់អ្នកដែលផ្តល់សេវាបរធនបាលកិច្ច។

គួរបញ្ជាក់ថា បរធនបាលកិច្ចគឺជាកិច្ចការក្នុងការថែរក្សាទ្រព្យសម្បត្តិរបស់អ្នកដទៃ ដើម្បីប្រើប្រាស់ជាប្រយោជន៍នៃបុគ្គលឬសាធារណៈឬក្នុងវិស័យអ្វីមួយ។ នេះមានន័យថា បរធនបាលកិច្ច គឺជាដំណើរនៃការថែរក្សាប្រាក់ ទ្រព្យ មូលនិធិ ជាដើមរបស់ម្ចាស់ដើម ដែលគេហៅថា បរធនបានទាយក ដោយអ្នកផ្តល់សេវាកម្មគឺបរធានបាល មុននឹងសម្រេចផ្ទេរប្រាក់ ឬមូលនិធិទាំងនោះទៅកាន់បុគ្គល សាធារណៈ ឬក្នុងវិស័យអភិវឌ្ឍន៍អ្វីមួយ ដែលត្រូវបានហៅថា អត្តគាហកៈ ស្របទៅបទបញ្ញត្តិ និងខ្លឹមសារដែលមានចែង។ នេះបើតាមការពន្យល់របស់និយ័តករបរធនបាលកិច្ច។

បើតាម លោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច វិស័យមួយនេះបានចាប់ផ្តើមឡើងនៅឆ្នាំ២០០៨ ហើយផ្តើមមានសន្ទុះខ្លាំងនៅឆ្នាំ២០២០។ រហូតមកដល់ខែមីនាឆ្នាំ២០២៣ បរធនបាលកិច្ចដែលបានចុះបញ្ជីនៅនិយ័តករមានចំនួន១៧ គិតជាទឹកប្រាក់ចំនួន២៥៦លានដុល្លារអាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ