អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

លោក ហ៊ុន សែន បញ្ជាក់បារាំង ជប៉ុន និងUNESCO ថាលោកមិនអនុញ្ញាតឲ្យប៉ះពាល់លក្ខខណ្ឌUNESCO ទេនៅតំបន់អង្គរ

លោកនាយករដ្ឋមនន្ត្រី ហ៊ុន សែន នៅក្នុងពិធីសម្ពោធផ្កូវចំនួន៣៨ខ្សែរ នៅខេត្តសៀមរាបនាព្រឹកថ្ងៃចន្ទនេះ បានថ្លែងថាគេមិនអាចយកខេត្តសៀមរាបទៅប្រៀបធៀបនឹងទីផ្សារអចនទ្រព្យដូចជាខេត្តដទៃបានទេ ដោយហេតុថាប្រាសាទអង្គវត្តនឹងប្រឈមការដកចេញពីបញ្ជីបេតិកភណ្ឌពិភបលោក។ ការបញ្ជាក់របស់លោក ហ៊ន សែន ដូច្នេះ គឺធ្វើឡើងបន្ទាប់ពីមានការរិះគន់អ្នកជំនួញអចលនទ្រព្យ ជុំវិញការអភិវឌ្ឍនៅតំបន់អង្គរបែបទំនើប ដែលអាចជួយឲ្យមានទីផ្សារអចលនទ្រព្យមានភាពល្អប្រសើរ។

ប្រាសាទអង្គរវត្ត (រូបតំណាង)
ប្រាសាទអង្គរវត្ត (រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ឲ្យអ្នកទីផ្សារអចលនទ្រព្យមើលព្រៃទាំងមូល កុំមើលឈើមួយដើមៗ ខណៈដែលមានការលើកពីចំងល់កន្លងមកហេតុអ្វីបានជាតំបន់អង្គរវត្តមិនត្រូវបានអភិវឌ្ឍន៍ ដូចជាសំណង់អគារខ្ពស់ៗជាដើម។

លោក ហ៊ុន សែន បញ្ជាក់ថាបើធ្វើដូចជាការលើកឡើង ក្នុងនោះមានលោក គីម ហ៊ាង ដែលជាអ្នកជំនាញផ្នែកអចលនទ្រព្យមួយរូប នោះគេនឹងដកអង្គរវត្តពីបញ្ជីបេតិកភណ្ឌពិភពលោក។ បញ្ហានេះបានកើតឡើងនៅប្រទេសដទៃរួចទៅហើយ ហើយត្រូវបានដកចេញពីបញ្ជីបេតិកភណ្ឌ ដោយសារតែបំពានលក្ខខណ្ឌអង្គការ UNESCO។ លោក ហ៊ុន សែន ក៏បានប្រាប់ឲ្យក្រុមហ៊ុនវិនិយោគមួយកែតម្រូវដែររឿងស្នើសុំជីកស្រះដ៏ធំមួយនៅជិតតំបន់អង្គរ។

ជាមួយគ្នានេះ ដើម្បីជម្រះនូវការព្រួយបារម្ភកន្លងមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ជាក់ទៅដៃគូរសហប្រតិបត្តិការរួមមានប្រទេសបារាំង ជប៉ុន និងអង្គការ UNESCO ថារដ្ឋាភិបាលមិនអនុញ្ញាតឲ្យប្រាសាទអង្គរវត្តរងនូវផលប៉ះពាល់ណាមួយដែលធ្វើឲ្យបាត់បង់លក្ខណៈសម្បត្តិជាបេតិកភណ្ឌពិភពលោកនោះទេ។ លោកថា កម្ពុជាមិនអាចសម្លាប់មេមាន់ ដើម្បីតែឆ្ងាញ់តែមួយពេលនោះទេ ដែលនេះបង្ហាញថាសម្បត្តិដូនតាដែលបានខិតខំរក្សាទុកពីមុនត្រូវបានគោរព។

សូមរំលឹកថា លោក គីម ហ៊ាង អគ្គនាយកក្រុមហ៊ុនខ្មែររៀលអ៊ីស្ទេតនៅក្នុងសិក្ខាសាលាមួយកាលពីខែកុម្ភៈ បាននិយាយថា ចំណុចខ្សោយរបស់ខេត្តសៀមរាប គឺការកំណត់កម្ពស់នៃការសាងសង់គម្រោងធំៗ និងការអភិរក្សវប្បធម៌ច្រើនពេក រួមនឹងចំណុចរិះគន់ទៅលើអង្គការUNESCO មួយចំនួនទៀត។ ក៏ប៉ុន្តែការលើកឡើងនេះ បានរងប្រតិកម្មពីលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា និងលោក ហ៊ុន ម៉ានី កូនប្រុសពៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រសួងវប្បធម៌ ជាហេតុធ្វើឲ្យលោក គីម ហ៊ាង ធ្វើលិខិតសុំទោសចំពោះការលើកឡើងរបស់គាត់។

សូមបញ្ជាក់ដែរថា ក្រុមប្រាសាទអង្គរ ត្រូវបានចុះបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ នាទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក ក្រោមព្រះរាជតម្រិៈ នៃព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរៈក្សត្រ ដែលកាលណោះព្រះអង្គបានធ្វើការអំពាវនាវទៅកាន់អង្គការយូណេស្កូ សុំឲ្យជួយស្រោចស្រង់ការពារក្រុមប្រាសាទអង្គរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ