អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

អ្នកសេដ្ឋកិច្ច៖ តំបន់សាងសង់អាកាសយន្តដ្ឋានអន្តរជាតិថ្មីខេត្តសៀមរាប នឹងប្រែជាទីក្រុងពាណិជ្ជកម្មនាពេលអនាគត

រដ្ឋាភិបាល​កម្ពុជារំពឹងថា​ ទីតាំង​ជុំវិញ​អាកាសយានដ្ឋាន​អន្តរជាតិថ្មី​ខេត្តសៀមរាប​ នឹង​ប្រែទៅជាកូនទី​ក្រុងអភិវឌ្ឍន៍​ពាណិជ្ជកម្មដ៏រីក​ចម្រើន​មួយនាពេលអនាគត។​ ភាពរីក​ចម្រើន​ក៏ដោយសារ​ លំហូរ​ការវិនិយោគ​ ពាណិជ្ជកម្ម ​វិស័យទេសចរណ៍​នឹងផុស​ឡើងនៅ​តំបន់នេះច្រើន។​ ក្នុងនោះ ​អ្នកជំនាញ​ផ្នែកសេដ្ឋកិច្ច​ និង​ទេសចរណ៍​មួយចំនួន​ ក៏បង្ហាញ​ការយល់ឃើញ​ដែរថា ​តាមរយៈ​ការវិនិយោគ​សាងសង់​អាកាសយានដ្ឋាន​ថ្មីនេះ ​សន្ទុះអ្នកវិនិយោគិន​នឹងមានការ​ចាប់អារម្មណ៍​ខ្ពស់ ​ជាពិសេស​អាចស្រូប​ទាញកំណើន​ភ្ញៀវទេសចរ​ ដែល​ចំណុច​ទាំងនេះ​នឹងជំរុញ​ទីតាំង​សាងសង់​អាកាសយានដ្ឋាន​ខាងលើឱ្យ​ទៅជាតំបន់​ពាណិជ្ជកម្ម​ដ៏រស់រវើក​មួយបន្ថែម​ទៀតរបស់​ខេត្តសៀមរាប។​ ​

តំបន់សាងសង់អាកាសយន្តដ្ឋានអន្តរជាតិថ្មីខេត្តសៀមរាប (រូបតំណាង)
តំបន់សាងសង់អាកាសយន្តដ្ឋានអន្តរជាតិថ្មីខេត្តសៀមរាប (រូបតំណាង) © info.gov
ផ្សាយពាណិជ្ជកម្ម

ក្នុងពិធីចុះពិនិត្យដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីខេត្តសៀមរាប លោក តឹករ៉េត សំរេច រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងច្បាស់ថា  ទីតាំងជុំវិញអាកាសយានដ្ឋានអន្តរជាតិ នឹងប្រែក្លាយទៅជាទីក្រុងរណប ពាណិជ្ជកម្ម ទេសចរណ៍ដ៏សម្បូរបែបមួយថ្មីបន្ថែមទៀតរបស់ខេត្តសៀមរាបនាពេលអនាគត។ ខណៈបច្ចុប្បន្នក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានផ្ទាល់ ក៏មានគម្រោងពាណិជ្ជកម្មនៅក្បែរតំបន់ខាងលើនេះផងដែរ។  លោក សំរេច បន្តថា គម្រោងខាងលើនេះ ក៏នឹងអាចស្រូបទាញចំនួនអ្នកវិនិយោគិនក្នុងស្រុក និងបរទេសបានច្រើន ជាពិសេសការពង្រើកវិស័យពាណិជ្ជកម្ម ទេសចរណ៍របស់ខេត្ត។

ទាក់ទិននឹងរឿនេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញផ្នែកសេដ្ឋកិច្ចមកពីរាជបណ្ឌិតសភាកម្ពុជាក៏បានអះអាងថា នេះជាការវិនិយោគដែលផ្តល់ផលចំណេញខ្ពស់ដល់សេដ្ឋកិច្ចជាតិ ខណៈលោកបណ្ឌិត​កត់សម្គាល់ថា ប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់សាងសង់ខាងលើនឹងមានជីវភាពរីកចម្រើនឡើង ហើយការធ្វើពាណិជ្ជកម្មនៅតំបន់នោះទៀតសោធ នឹងកាន់តែមមាញឹកថែមទៀត​។ បើតាមលោកបណ្ឌិត ហុង វណ្ណៈ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ប្រៀបបានទៅនឹងការបោះទុនដើម្បីយកផលចំណេញមកជំរុញកំណើនសេដ្ឋកិច្ចជាតិដូចគ្នាអញ្ចឹងដែរ។  

ដោយឡែក ពីជ្រុងទេសចរណ៍វិញ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានបញ្ជាក់ថា ខេត្តសៀមរាបជាគោលដៅទេសចរណ៍ធំស្រាប់ទៅហើយរបស់កម្ពុជា។ ក៏ប៉ុន្តែ នេះជាវឌ្ឍនភាព និងឱកាសមួយថ្មីបន្ថែមទៀតរបស់ខេត្តសៀមរាប ក្នុងការទាក់ទាញភ្ញៀវទេសចរបរទេសដែលមានបំណងចង់មកទស្សនាកម្សាន្ត។ លោកស្រីរំពឹងថា វិស័យទេសចរណ៍ក្នុងខេត្តសៀមរាបនឹងកាន់តែរីកចម្រើន ក៏ព្រោះថាពួកគេអាចហោះត្រង់មកខេត្តបានដោយមិនបាច់ចំណាយពេលវេលាច្រើននោះទេ។    

សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិថ្មីខេត្តសៀមរាប គឺជាការវិនិយោគដោយក្រុមហ៊ុនចិន ក្រោមទុនប្រមាណ ៨៨០លានដុល្លារ និងសាងសង់លើផ្ទៃដីប្រមាណ៧០០ហិកតា ស្ថិតនៅក្នុងភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ក្នុងនោះ អាកាសយានដ្ឋានខាងលើនេះ មានចំណតយន្តហោះរហូតដល់ទៅ៣៨ និងមានសមត្ថភាពទទួលអ្នកដំណើរបានប្រមាណ ៧លាននាក់ក្នុងមួយឆ្នាំក្នុងដំណាក់កាលទី១។ ដោយឡែកដំណាក់កាលទី២ អាចទទួលអ្នកដំណើរដល់ ១០លាននាក់ក្នុងមួយឆ្នាំ និងដំណាក់កាលទី៣ អាចទទួលអ្នកដំណើរបានរហូតដល់ ២០លាននាក់នៅក្នុងមួយឆ្នាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ