អានតួអត្ថបទ
កម្ពុជា-សង្គម

ក្រសួងរ៉ែថា ដំណើរការបូមប្រេងនឹងបន្តឡើងវិញ ក្រោយក្រុមហ៊ុនពីប្រទេសចំនួន៥ កំពុងសិក្សាអំពីលទ្ធភាព

ក្រសួងរ៉ែ ​និងថាមពល​បាន​អះអាងថា​ បច្ចុប្បន្ន​មានក្រុមហ៊ុន​មកពីបណ្តា​ប្រទេស​ចំនួន៥​ កំពុង​ចាប់អារម្មណ៍ ​និងសម្លឹង​មើល​អំពីលទ្ធភាព​ជីករុករក​ប្រេង ​និង​ឧស្ម័ន​នៅកម្ពុជា។ ​ការចូល​មកនៃក្រុមហ៊ុន​ថ្មីទាំងអស់​នេះ ​ធ្វើឡើង​បន្ទាប់​ពីដំណើរ​ការ​រុករក​ប្រេង​នៅកម្ពុជា​ត្រូវស្ងាត់​សូន្យ​ឈឹងអស់រយៈពេល​ជាង១ឆ្នាំ ​ក្រោយក្រុម​ហ៊ុន​រុករកប្រេង​របស់​សឹង្ហបុរី​KrisEnergy​ បានប្រកាស​ក្ស័យធន់មក។​ បើតាម​ លោក ចៀប ​សួរ អគ្គនាយក​នៃអគ្គនាយកដ្ឋាន​ប្រេងកាត​ វត្តមាន​នៃក្រុមហ៊ុន​ទាំងអស់​នេះ ​ជាក្តីសង្ឃឹម​ថ្មី​របស់កម្ពុជា​ក្នុង​ការបន្ត​ប្រតិបត្តិការ​បូមប្រេង​ឡើងវិញ។​

កន្លែងបូមប្រេង (រូបតំណាង)
កន្លែងបូមប្រេង (រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

ក្រោយក្រុមហ៊ុនបូមប្រេងរបស់សឹង្ហបុរីKrisEnergy បានប្រកាសក្ស័យធន់កាលពីដើមខែមិថុនា ឆ្នាំ២០២១  អគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែនិងថាមពលបានបញ្ជាក់ថា ឥឡូវនេះ ក្រុមហ៊ុនជាច្រើនមកពីបណ្តាប្រទេសចំនួន៥កំពុងចូលមកសិក្សាស្រាវជ្រាវអំពីលទ្ធភាពបូមប្រេងនិងឧស្ម័ននៅកម្ពុជា។ ខណៈការស្រាវជ្រាវនេះ គឺស្ថិតក្នុងជំហានដំបូងនៅឡើយ ដោយមិនទាន់ប្រាកដច្បាស់ថា នឹងមានក្រុមហ៊ុនប៉ុន្មានអាចទទួលសិទ្ធិបូមប្រេងនៅកម្ពុជាឡើយ។

ក៏ប៉ុន្តែចំពោះវត្តមាននៃក្រុមហ៊ុនទាំងអស់នេះ លោក ចៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាតបានបញ្ជាក់ថា នេះជាក្តីសង្ឃឹមថ្មីមួយទៀតមកលើដំណើការបូមប្រេងនៅកម្ពុជា បន្ទាប់ពីប្រតិបត្តិការបូមប្រេងនេះត្រូវបានស្ងាត់សូន្យឈឹងអស់ជាយូរ។ លោក ចៀប សួរបន្តថា ទោះបីការបូមប្រេងរបស់កម្ពុជាលើកដំបូងត្រូវបានបរាជ័យក៏ដោយ តែសម្រាប់ប្រទេសកម្ពុជា គឺជាទីតាំងដ៏មានសក្តានុពលសម្រាប់ឱ្យអ្នកវិនិយោគិនបរទេស សម្លឹងមើលអំពីឱកាសនៃការបូមប្រេងនេះបាន។  

ដោយឡែក ស្ថិតក្នុងស្ថានភាពតម្លៃប្រេងនៅលើពិភពលោកកំពុងកើនថ្លៃខ្ពស់ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាតរូបនេះបានលើកឡើងថា អ្នកវិនិយោគិនតែងតែចាប់អារម្មណ៍ទៅលើប្រទេសដែលមានប្រភពផ្សេងដូចកម្ពុជានេះឯង។

សូមជម្រាបថា អគ្គនាយកដ្ឋានប្រេងកាតមិនទាន់បញ្ជាក់ឈ្មោះក្រុមហ៊ុននីមួយៗបាននោះទេ ក៏ប៉ុន្តែក្រុមហ៊ុនទាំងអស់នេះមកពីបណ្តាប្រទេសមួយចំនួនដូចជា៖ ប្រទេសថៃ កាណាដា ចិន ម៉ាឡេស៊ី និងកាហ្សាក់ស្តង់។

តែយ៉ាងណា​ គេនៅមិនទាន់ភ្លេចនោះទេ ជុំវិញសំណុំរឿងប្រេងឆៅជាង៣០ម៉ឺនបារ៉ែលដែលត្រូវបាននាវាMT Strovolos លួចដឹកចេញពីដែនទឹកកម្ពុជា។ បើតាម លោក ចៀប សួរ កម្ពុជានៅមិនទាន់ទទួលតម្រុយថា អាចទទួលបានប្រេងដែលជារបស់កម្ពុជាវិញនៅពេលណានោះទេ ខណៈកម្ពុជាផ្ទាល់កំពុងបន្តធ្វើការលើរឿងនេះជាប់ជាប្រចាំ ដើម្បីនាំយកប្រេងដែលកម្ពុជាបាត់មកវិញគ្រប់ចំនួន។

សូមរំឭកបន្តិចថា ប្រេងឆៅរបស់កម្ពុជាជាង៣០ម៉ឺនបារ៉ែល ត្រូវបានក្រុមហ៊ុនMT Strolovos លួចដឹកចេញពីដែនទឹកកម្ពុជា កាលពីថ្ងៃទី០៤ មិថុនា ឆ្នាំ២០២១។​ ការលួចដឹកចេញនេះ​ ភាគីក្រុមហ៊ុននាវាដឹកប្រេងបានអះអាងថា ដោយសារក្រុមហ៊ុន KrisEnergy ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិបូមប្រេងក្នុងប្លុកអេ រឺហៅថាប្លុកអប្សរារបស់កម្ពុជា មិនបានបង់ប្រាក់មកឱ្យខ្លួន ក្រោយក្រុមហ៊ុននេះប្រកាសក្ស័យធន់ ។ ក្រោយមក នាវាដឹកប្រេង ក៏ត្រូវបានអាជ្ញាធរឥណ្ឌូនេស៊ីចាប់បាន ហើយភាគីកម្ពុជាកំពុងរៀបចំនិតិវិធីបញ្ចូនប្រេងមកកម្ពុជាវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ