អានតួអត្ថបទ
កម្ពុជា-សង្គម

ពលករជាង១ពាន់នាក់ចាប់ផ្តើមត្រលប់ចូលស្រុកមុនពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ

ពលករ​ខ្មែរ​ដែល​ធ្វើ​ការ​នៅ​ប្រទេសថៃ ចាប់​ផ្តើម​ត្រលប់​ចូល​មក​ប្រទេស​កម្ពុជា​វិញ​តាម​ច្រក​ព្រំដែន​មួយ​ចំនួន។ នេះ​បើ​តាម​ការ​អះអាង​របស់​អាជ្ញាធរ​ខេត្ត​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃអាទិត្យ​នេះ។ បើ​តាម​ការ​បញ្ជាក់ យ៉ាង​ហោច​ណាស់​មាន​ពលករ​ជាង​១​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ ​វិលចូល​ស្រុក​វិញ ដើម្បី​ជួបជុំ​ក្រុម​គ្រួសារ​នា​ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ដែល​ជិត​មក​ដល់។

រូបតំណាង
រូបតំណាង © Internet
ផ្សាយពាណិជ្ជកម្ម

ពីខេត្តឧត្តរមានជ័យ លោក ឌី រ៉ាដូ អភិបាលរងខេត្ត បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិថា មួយសប្តាហ៍នេះចរន្តពលករត្រលប់ចូលមកកម្ពុជាតាមច្រកព្រំដែនអូរស្មាច់ មានចំនួនច្រើនគួរឲ្យកត់សម្គាល់ បើធៀបទៅនឹងមួយរយៈពេលមុន។ យ៉ាងហោចណាស់ មានពលករចន្លោះពី ៧០០ ទៅ ៨០០នាក់ ក្នុងមួយថ្ងៃ ខណៈថ្ងៃខ្លះ មានរហូតដល់ជាង១០០០ពាន់។

លំហូរពលករត្រលប់ចូលប្រទេសកម្ពុជានាពេលនេះ គឺដើម្បីជួបជុំក្រុមគ្រួសារនាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលនឹងត្រូវធ្វើឡើងនាថ្ងៃទី១៤មេសា។ បើតាម លោក ឌី រ៉ាដូ កន្លងមកមានពលករតែខ្ទង់ចន្លោះពី៥០០ទៅ៦០០នាក់ប៉ុណ្ណោះ ដែលត្រលប់ចូលកម្ពុជាតាមច្រកព្រំដែនអូរស្មាច់ជាប្រចាំ។

យ៉ាងណាមិញ អភិបាលរងរូបនេះ ក៏បានបញ្ជាក់ថា អាជ្ញាធរបានត្រួតពិនិត្យសុខភាពពលករយ៉ាងម៉ត់ចត់ ទោះបីជាមិនតម្រូវឲ្យធ្វើចត្តាឡីស័កដើម្បីបង្ការហានិភ័យកូវីដ១៩ក្តី។ បើតាមលោក ឌី រ៉ាដូ ប្រសិនបើពលករបានចាក់វ៉ាក់សាំងកូវីដ១៩នោះ មិនតម្រូវឲ្យធ្វើតេស្តនោះទេ តែប្រសិនបើមិនទាន់បានចាក់វ៉ាក់សាំង នោះអាជ្ញាធរនឹងតម្រូវឲ្យពលករទាំងនោះ ធ្វើតេស្តរកមេរោគកូវីដ១៩។

រីឯខេត្តបន្ទាយមានជ័យ តាមរយៈច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតក៏មានពលករមួយចំនួនត្រលប់ចូលកម្ពុជាវិញដែរ។ តែបើតាមការអះអាងរបស់លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ ចំនួនពលករដែលត្រលប់ចូលមកកម្ពុជាមានក្នុងរង្វង់តិចតួចប៉ុណ្ណោះ។ លោកថា ជាប្រចាំមានពលករតែត្រឹមជាង១០០នាក់ប៉ុណ្ណោះ ដែលចូលមកកម្ពុជាវិញ តាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត។

ទោះជាមិនតម្រូវឲ្យធ្វើតេស្តរហ័សលើពលករ ក៏ប៉ុន្តែលោក ង៉ោ ម៉េងជ្រួ​ន បានអះអាងថា អាជ្ញាធរខេត្តបន្ទាយមានជ័យបានណែនាំជាប្រចាំអំពីវិធានការសុខាភិបាលដើម្បីបង្ការការឆ្លងជំងឺកូវីដ១៩។

គួរបញ្ជាក់ថា បច្ចុប្បន្ន ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ទាំង​មានឯកសារ និងមិនមានឯកសារ មាន​​ចន្លោះពី ១,៨លាននាក់ ទៅ ២លាននាក់។ ពួក​គេ​ទាំង​នោះ កំពុងបំរើការងារនៅក្នុងវិស័យផ្សេងៗនៅក្នុងប្រទេសថៃ មានជាអាទិ៍ វិស័យសំណង់ ឧស្សាហកម្មម្ហូបអាហារ គ្រឿងអេឡិចត្រូនិក ឧស្សាហកម្មនេសាទ កសិកម្ម សេវាកម្ម និងអ្នកធ្វើការតាមផ្ទះ។ នេះបើតាមរបាយការណ៍របស់សង់ត្រាល់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ