អានតួអត្ថបទ
កម្ពុជា សង្គម

ព្រឹត្តិការណ៍១៧មេសា៖អ្នកនយោបាយខ្មែររំឭកឡើងវិញពីមេរៀនដែលត្រូវជៀសវាង

ថ្ងៃនេះ កាល​ពី​៤៧​ឆ្នាំមុន គឺ​ជា​គ្រា​ដែល​កម្ពុជា​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ភាពអន្តរាយ ដោយសារ​តែ​ជម្លោះ​ដណ្តើមអំណាច​រវាង​ខ្មែរនិង​ខ្មែរ។ ការចាត់ទុក​ អ្នក​ដែល​មាន​ទស្សនៈ​ផ្សេងឬ​អ្នក​មាន​និន្នាការនយោបាយ​ផ្សេង​ជា​ស​ត្រូវ គឺ​បាន​នាំ​ឲ្យ​របប​នោះ ឈាន​ទៅ​ដល់​ការ​ប្រល័យ​ពូជ​សាសន៍​ដែល​សម្លាប់​ប្រជាជន​ជិត ​២​លាននាក់ ​តែ​ក្នុង​រយៈ​ពេល​៣ឆ្នាំ​៨ខែ​និង​២០ថ្ងៃ។ ឆ្លង​កាត់​បទពិសោធន៍​ដ៍​ជូរចត់​នេះ អ្នកនយោបាយ​ខ្មែរ​បច្ចុប្បន្ន ចាត់​ទុក​ព្រឹត្តិការណ៍​១៧មេសា ដែល​ខ្មែរ​ក្រហម​ឡើង​កាន់​អំណាច​ថា​ជា​មេរៀន​ដែល​ត្រូវ​តែ​ជៀសវាង។ 

រូបតំណាងពលរដ្ឋ​ចាកចេញពីផ្ទះសំបែង​កាលពីថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥
រូបតំណាងពលរដ្ឋ​ចាកចេញពីផ្ទះសំបែង​កាលពីថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ © សហការី
ផ្សាយពាណិជ្ជកម្ម

ក្នុងឱកាសខួបទី៤៧ឆ្នាំដែលរបបខ្មែរក្រហម ឡើង​កាន់​អំណាចនៅកម្ពុជា តាមរយៈក្រុមអ្នកនយោបាយនៃគណបក្សកុម្មុយនិស្តនិយម លោក កឹម សុខា ប្រធានអតីតបក្សជំទាស់បានលើកឡើងថា ការឈាន​រក​របប​ប្រល័យពូជសាសន៍នៃរបបអាវខ្មៅមួយនេះ ដោយសារ តែការចាត់ទុក អ្នកដែលមានទស្សនៈផ្សេង ឬ មាននិន្នាការនយោបាយផ្សេងជាសត្រូវ។

ដោយលើកពីឧទាហរណ៍ជាក់ស្តែង ដែលឪពុករបស់លោកដែលត្រូវបានពួកខ្មែរ​ក្រហមចូលទៅ​ចាប់ខ្លួនដល់ក្នុងផ្ទះ​យកទៅ​សម្លាប់ចោល ដោយគ្រាន់តែដឹងថាឪពុកលោកធ្លាប់ធ្វើជាមន្ត្រីរាជការពីមុន លោក កឹម សុខា យល់ច្បាស់ណាស់ថា សន្តិភាពពិតប្រាកដកើតមានឡើង​តែពេលណាដែលសង្គមមួយ អាចទទួលយកបាននូវទស្សនៈខុសគ្នា មិនចាត់ទុកគ្នាជាសត្រូវ និងគោរពសិទ្ធិមូលដ្ឋានរបស់មនុស្សគ្រប់រូប និង គ្រប់និន្នាការ។

បើតាមអ្នកនយោបាយមកពីបក្សជំទាស់រូបនេះ ការកំចាត់ និងបំបាត់អ្នកដែលមានទស្សនៈផ្សេងអាចត្រឹមតែបង្កើតភាពស្ងប់ស្ងាត់បណ្តោះអាសន្នប៉ុណ្ណោះ។

ចំណែក គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានចាត់ទុកព្រឹត្តិការណ៍ ថ្ងៃទី១៧ខែមេសា ឆ្នាំ១៩៧៥ ថាជាមេរៀនរបស់នយោបាយខ្មែរក្នុងការដឹកនាំរដ្ឋដើម្បី​កុំ​ឲ្យដើរជាន់​ប្រវត្តិសាស្ត្រ។

បើតាមគណបក្សដែលនៅក្រៅរដ្ឋាភិបាលនេះ ការប្រកួតប្រជែងដណ្តើមអំណាច តាមរយៈមធ្យោបាយសង្គ្រាម និងមធ្យោបាយហិង្សាផ្សេងៗទៀត ដែលជាលទ្ធផលមិនអាចនាំឱ្យខ្មែរ​រស់​បានសុខនោះឡើយ។ ដូចគ្នាដែរ ការប្រកួតប្រជែងនយោបាយ ដែលផ្តោតទៅលើ​ការបណ្តុះ​ឱ្យមានការស្អប់ គំនុំគុំគួន ធ្វើជាសត្រូវរវាងគ្នានិងគ្នាទៅវិញទៅមកក្នុងនាមជាខ្មែរ ចុងក្រោយបំផុតក៏នាំមកនូវគ្រោះមហន្តរាយដល់ប្រទេសជាតិ។

មួយវិញទៀតការធ្វើនយោបាយ ដោយពឹងពាក់ ឬជឿជាក់លើបរទេសពេក ដើម្បីយកឈ្នះគូប្រកួតប្រជែងខ្មែរគ្នាឯង វាមិនត្រឹមតែមិនបានជួយអ្វីដល់ជាតិខ្មែរខ្លួនឯងទេ ថែមទាំងរុញឱ្យប្រទេសខ្មែរ រងនូវការបំផ្លិចបំផ្លាញ និងងាយបាត់បង់ឯករាជ្យភាពនៃជាតិថែមទៀតផង។ នេះបើតាមគណបក្សដដែលនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ