អានតួអត្ថបទ
កម្ពុជា-សង្គម

សំណុំរឿងណាហ្គាវើលដ៍៖ក្រុមហ៊ុននិងតំណាងកម្មករគ្រោងជួបគ្នាថ្មីបន្ទាប់ពីជំនួបមុនៗគ្មានការវិវត្តន៍ទៅមុខ

តាមគម្រោងភាគី​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ​និង​តំណាង​កូដករ​គ្រោងជួបគ្នាជា​ថ្មីទៀត​នៅថ្ងៃទី២២​មេសាខាងមុន​នេះ។​ ជំនួប​គ្រោងធ្វើនៅ​បីថ្ងៃខាងមុខ​ទៀតជាជំនួប​លើកទី៨ ​ដែល​តំណាង​កូដករ​សង្ឃឹម​ នឹង​ទទួល​បាន​ដំណោះស្រាយ​ដើម្បីឈាន​ទៅបញ្ចប់​រឿង​ឲ្យបានឆាប់​  ខណៈសំណុំរឿងនេះ​ត្រូវ​បានចាត់​ទុកថា​ ជាវិវាទរ៉ាំរៃ។

កូដករនៃក្រុមហ៊ុនណាហ្គាវើលដ៍
កូដករនៃក្រុមហ៊ុនណាហ្គាវើលដ៍ © CCHR
ផ្សាយពាណិជ្ជកម្ម

គិតមកដល់ពេលនេះ​ សំណុំរឿងក្រុមហ៊ុនណាហ្គាវើល៍ និងតំណាងកូដករ នៅទ្រឹងមួយកន្លែងជាប់គាំងដោយមិនទាន់រកច្រកចេញឃើញនៅឡើយទេ ទោះជាភាគីទាំងពីរបានជួបគ្នាច្រើនលើកច្រើនសារហើយក៏ដោយ។ ផ្អែកតាមសក្ដីកម្មនានា ភាគីទាំងសង់ខាងប្រកាន់ជំហររឹងត្អឹងរៀងខ្លួនដោយមិនទាន់មានភាគីណាមួយព្រមដកថយមួយជំហ៊ាន។

ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី១៩ខែមេសានេះកញ្ញា ឈឹម ស៊ីថរ សង្ឃឹមថា ជំនួបជាថ្មីនឹងមានច្រកចេញដោយក្រុមហ៊ុនព្រមទទួលកម្មករជាង២០០នាក់ចូលធ្វើការវិញ បើក្រុមហ៊ុនមិនទទួលយកសំណើរនេះទេ កញ្ញាស៊ីថរជឿជាក់ថា បញ្ហានឹងមិនត្រូវបានបញ្ចប់ឡើយ ហើយកម្មករជាង២០០នាក់នៅតែបន្តចុះផ្លូវធ្វើបាតុកម្មរហូតមានដំណោះស្រាយ ទោះជាត្រូវរងការទប់ស្កាត់ពីសំណាក់អាជ្ញាធរក៏ដោយ។

លោក មាស នី  អ្នកស្រាវជ្រាវបញ្ហាសង្គមចាត់ទុកថា នេះជាបរាជ័យរបស់គូភាគីពាក់ព័ន្ធទាំងអស់ ព្រោះគ្មាននរណាដឹងឡើយថា នៅក្នុងជំនួបតទល់ម្ដងៗ តើភាគីណាមួយជាអ្នកដាក់សម្ពាធ ហើយភាគីណាមួយជាអ្នករងសម្ពាធនោះទេ។ សម្រាប់លោក មាស នី យល់ថា បើដំណោះស្រាយបន្តអូសបន្លាយភាគីទាំងសង់ខាងបាត់បង់ប្រយោជន៍ដូចគ្នា។ ជាក់ស្ដែង ភាគីក្រុមហ៊ុនរងការរិះគន់រំលោភសិទ្ធិកម្មករ ខណៈកម្មកររងការខាតបង់ខាតចំណូល។

នៅក្នុងសំណុំរឿងនេះ កន្លងមករដ្ឋាភិបាលកម្ពុជាបានធ្វើជាអាជ្ញាកណ្ដាលចេញមុខសម្របសម្រួលម្ដងរួចមកហើយ តាមរយៈសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី១៥ ខែមីនា។​ តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន កាលណោះរដ្ឋាភិបាល បានលើកឡើងថា ក្រុមហ៊ុន ណាហ្គាវើលដ៍ ត្រូវបានបង្ខំឱ្យកាត់បន្ថយបុគ្គលិករបស់ខ្លួន ប្រហែល ២៥% មកនៅត្រឹមជាង ៦០០០នាក់។ ក្នុងនោះកម្មករនិយោជិតចំនួន ៣៧៣នាក់ ដែលជាសមាជិកសហជីព បានជំទាស់នឹងគម្រោងកាត់បន្ថយបុគ្គលិក ហើយកំពុងទាមទារឱ្យក្រុមហ៊ុនទទួលយកខ្លួន និងអតីតបុគ្គលិកផ្សេងទៀតចូលធ្វើការវិញ រួមនឹងការ ទាមទារផ្សេងទៀត។

ប៉ុន្តែយ៉ាងណាមិញគិតមកដល់ពេលនេះ ក្នុងចំណោមកម្មករ៣៧៣នាក់មានកម្មករមួយចំនួនព្រមទូទាត់សំណងដើម្បីបញ្ចប់រឿងរួចទៅហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ