អានតួអត្ថបទ
កម្ពុជា-អាស៊ាន

មន្ត្រីជាន់ខ្ពស់ HRW ចោទសួរពីបញ្ហាសិទ្ធិមនុស្សចំពោះកិច្ចប្រជុំពិសេសអាស៊ាន-អាមេរិក

មន្ត្រីជាន់ខ្ពស់​អង្គការ​ឃ្លាំមើលសិទ្ធិមនុស្ស ​Human Rights Watch​ កាល​ពីថ្ងៃទី១៨ ​ខែមេសា ​បាន​ចោទ​សួរពីប្រធានបទ​ពាក់ព័ន្ធ​នឹង​បញ្ហាសិទ្ធិមនុស្ស ​ដែលមិន​ឃើញដាក់​បញ្ចូល​ទៅក្នុងកិច្ច​ប្រជុំពិសេស​អាស៊ាន​-អាមេរិក។ ​ជាកិច្ច​ប្រជុំពិសេស ​ដែលរដ្ឋបាល​លោក ចូ បៃដិន​ អញ្ជើញ​មេដឹក​នាំអាស៊ាន​ទៅចូលរួម​ប្រជុំ​នៅវ៉ាស៊ីនតោន ​នាពាក់​កណ្តាល​ខែឧសភា​ខាងមុខនេះ។ ​

ទង់ជាតិតំណាងសហរដ្ឋអាមេរិក និងអាស៊ាន
ទង់ជាតិតំណាងសហរដ្ឋអាមេរិក និងអាស៊ាន © Internet
ផ្សាយពាណិជ្ជកម្ម

លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) នាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានសរសេរសារនៅលើបណ្តាញសង្គម Twitter ផ្លូវការរបស់លោក កាលពីថ្ងៃទី១៨ ខែមេសាថា លោកតក់ស្លុតនៅពេលដែលសហរដ្ឋអាមេរិកប្រកាសអញ្ជើញ “មេដឹកនាំផ្តាច់ការ” មួយចំនួននៅតំបន់អាស៊ីប៉ាស៊ីហ្វិកទៅចូលរួមកិច្ចប្រជុំពិសេស។ ប៉ុន្តែមិនបានស្វែងរកវិធីដាក់បញ្ចូលប្រធានបទស្តីពីសិទ្ធិមនុស្សទៅក្នុងកិច្ចប្រជុំនោះ។

តាមរយៈសារមួយទៀតលោក ហ្វីល រ៉ូបឺតសុន បានលើកឡើងពីភាពមិនច្បាស់លាស់នៃសេចក្តីប្រកាសអញ្ជើញមេដឹកនាំអាស៊ានមកចូលរួមកិច្ចប្រជុំពិសេសនៅសហរដ្ឋអាមេរិក ដោយលោកបានចោទសួរពីបញ្ហាសិទ្ធិមនុស្ស ដូចជានៅហ្វីលីពីន អ្នកទោសនយោបាយនៅកម្ពុជា និងវៀតណាម ច្បាប់អង្គការក្រៅរដ្ឋាភិបាលដែលមានបញ្ហានៅក្នុងប្រទេសថៃជាដើម។

កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-អាមេរិក នឹង​ត្រូវ​រៀបចំ​ឡើង​នៅថ្ងៃទី ១២-១៣ ឧសភា​ខាងមុខ​នេះ នាទី​ក្រុងវ៉ាស៊ីនតោន ទឹកដី​សហរដ្ឋអាមេរិក។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​ប្រធាន​អាស៊ាន នាយប់​ថ្ងៃ​អាទិត្យ ទី១៧ ខែមេសា។ ពេល​វេលា​ប្រជុំ​លើកនេះ គឺ​ជា​ការកំណត់ឡើង​ជា​លើកទី២ បន្ទាប់​ពី​អាស៊ាន-អាមេរិកកំណត់មិនត្រូវ​គ្នា​កាលពីខែមីនាកន្លងទៅ។

បើតាមសេចក្តីថ្លែងការណ៍ចេញផ្សាយដោយក្រសួងការបរទេសកម្ពុជា ជំនួបដោយផ្ទាល់រវាងមេដឹកនាំអាស៊ាន និងអាមេរិក នឹងជជែកគ្នា លើប្រធានបទមានជាអាទិ៍ ការឆ្លើយតបនឹងជំងឺកូវីដ១៩ បញ្ហាសន្តិសុខសុខភាពសកល បម្រែបម្រួលអាកាសធាតុ និងការតភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចរវាងគ្នា។ ជាមួយគ្នានេះ ភាគីអាស៊ាននិងអាមេរិក ក៏នឹងជជែកគ្នា លើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាប្រយោជន៍ និងកង្វល់រួម។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា ក្នុងឋានៈជាប្រធានប្តូរវេនរបស់អាស៊ាន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់មួយរបស់កម្ពុជា អញ្ជើញចូលរួម និងធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលនេះជាមួយប្រធានាធិបតីអាមេរិក។

លោក ជុំ សុន្ទរី ក៏បានបន្ថែមថាកម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាន មានការតាំងចិត្តខ្ពស់ ក្នុងការជំរុញអោយមានលទ្ឋផលផ្លែផ្កានៃកិច្ចប្រជុំកំពូលពិសេសនេះ ។ ជាមួយគ្នានេះដែរ នេះក៏ជាឱកាសដ៏ល្អមួយ សំរាប់ការលើកស្ទួយទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-សហរដ្ឋអាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ