អានតួអត្ថបទ
កម្ពុជា-កូវីដ១៩

អ្នកដំណើរពីបរទេសដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ៖ កម្ពុជាកាត់បន្ថយពេលធ្វើចត្តាឡីស័កពី១៤ថ្ងៃ មកត្រឹម៧ថ្ងៃ

ចាប់​ពី​ថ្ងៃ​ទី​២១​ខែ​មេសា​នេះ​ត​ទៅ អ្នក​ដំណើរ​មក​ពី​បរទេស​ចូល​មក​កាន់​កម្ពុជា​ដែល​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ឬ​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​ពេញ​លេញ លែង​តម្រូវ​ឲ្យ​ធ្វើ​ចត្តាឡីស័ក​រយៈ​ពេល​យូរ ដល់​ទៅ​១៤​ថ្ងៃ​ដូច​មុន​ទៀត​ហើយ​។ ការ​ធ្វើ​ចត្តាឡីស័ក​ត្រូវ​កាត់​បន្ថយ​ពី​១៤​ថ្ងៃ មក​ត្រឹម​តែ​៧​ថ្ងៃ​ប៉ុណ្ណោះ។ នេះ​បើ​តាម​ការ​ប្រកាស​របស់​ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២១ ខែ​មេសា​នេះ​។

អ្នកដំណើរពីបរទេសចូលមកកម្ពុជា (រូបតំណាង)
អ្នកដំណើរពីបរទេសចូលមកកម្ពុជា (រូបតំណាង) AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

ជំនួស​ឲ្យ​ការ​ធ្វើ​ចត្តាឡីស័ក​១៤​ថ្ងៃ អ្នក​ដំណើរ​ពី​បរទេស​ចូល​មក​កម្ពុជា​ដែល​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ឬ​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​ពេញ​លេញ ត្រូវ​ធ្វើ​ចត្តាឡីស័ក ឬ​ដាក់​ខ្លួន​ឯង​ឲ្យ​នៅ​ដាច់​ដោយ​ឡែក តែ​៧​ថ្ងៃ​ប៉ុណ្ណោះ។ ការ​សម្រេច​ថ្មីនេះ មាន​សុពលភាព​គ្រប​ដណ្ដប់​ទៅ​លើ​អ្នក​ដំណើរ​ដែល​ចូល​មក​កម្ពុជា តាមផ្លូវ​អាកាស និង​តាម​ព្រំដែន​គោក​។

សម្រាប់​អ្នក​ដំណើរ​ពី​បរទេស​ចូល​មក​កម្ពុជា​តាមផ្លូវ​អាកាស ក្រសួង​សុខាភិបាល​បញ្ជាក់​ថា ពួក​គេ​ត្រូវ​ធ្វើ​តេស្ត​រហ័ស​នៅ​ថ្ងៃ​ទី​៧ ដើម្បី​បញ្ចប់​ការ​ធ្វើ​ចត្តាឡីស័ក​។ ចំណែក​អ្នក​ដំណើរ​ចូល​មក​តាម​ព្រំដែន​គោក​វិញ ត្រូវ​ធ្វើ​តេស្ត​រហ័ស​ចំនួន​២​លើក៖ លើក​ទី​១ នៅ​ថ្ងៃ​ទី​១ មុន​ពេល​ចូល​មណ្ឌល​ចត្តាឡីស័ក និង​លើក​ទី​២ នៅ​ថ្ងៃ​ទី​៧ ដើម្បី​បញ្ចប់​ការ​ធ្វើ​ចត្តាឡីស័ក​។

គួរ​រំឭក​ថា កន្លង​មក អ្នក​ដំណើរ​ពី​បរទេស​ដែល​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង ឬ​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​ពេញ​លេញ ត្រូវ​អនុវត្ត​របប​ចត្តាឡីស័ក​រយៈ​ពេល​១៤​ថ្ងៃ និង​ត្រូវ​ធ្វើ​តេស្ត​ដោយ​ម៉ាស៊ីន PCR ពេល​ដាក់​ជើង​ជាន់​ទឹក​ដី​កម្ពុជា។ រី​ឯ​​អ្នក​ដំណើរ​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​រាល់ មិន​តម្រូវ​ឲ្យ​ធ្វើ​ចត្តាឡីស័ក​ឡើយ ដោយ​គ្រាន់​តែ​យក​សំណាក​រក​មេរោគ​កូវីដ​១៩ ដោយ​ឧបករណ៍​​តេស្ត​រហ័ស​ពេល​មក​ដល់​តែ​ប៉ុណ្ណោះ​។

ដោយ​ឡែក ភ្ជាប់​នឹង​​ការ​សម្រេចថ្មី ​​កាត់​បន្ថយ​រយៈ​ពេល​ធ្វើ​ចត្តាឡីស័ក​ ក្រសួង​សុខាភិបាល បាន​ស្នើ​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវ​បន្ត​រក្សា​ការ​ចាក់​វ៉ាក់សាំង​កូវីដ​១៩ ដូស​ទី​១ ឬ​ដូស​ទី​២ ជូន​ដល់​ពលរដ្ឋ​ខ្មែរ និង​ពលករ​ខ្មែរ នៅ​ថ្ងៃ​ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចាកចេញ​ពី​មណ្ឌល​ចត្តាឡីស័ក​ផង​ដែរ​។ ចំពោះ​ការ​ចាក់​វ៉ាក់សាំង​នេះ​ទៀត​សោត សម្រាប់​អ្នក​ចាក់​ដូស​ទី​១​រួច គឺ​ទាល់​តែ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​សម្រាប់​ការ​ចាក់​ដូស​ទី​២ ទើប​អនុញ្ញាត​ឲ្យ​ចាក់​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​សុខាភិបាល​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ