អានតួអត្ថបទ
កម្ពុជា-កូវីដ១៩

លោក ហូ វណ្ណឌី៖ ប្រតិបត្តិករទេសចរណ៍នៅបន្តព្រួយបារម្ភពីបញ្ហាកូវីដ១៩ ទើបមិនហ៊ានបើកអាជីវកម្មពេញលេញ

លោក ហូ វណ្ណឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជាបានអះអាងថា ប្រតិបត្តិករទេសចរណ៍ភាគច្រើននៅមិនទាន់មានទំនុកចិត្តវិលត្រឡប់ រឺបើកដំណើរការអាជីវកម្មរបស់ខ្លួនឱ្យបានពេញលេញនៅឡើយ បើទោះបីពួកគេមានទុនបម្រុងសម្រាប់ស្រោចស្រង់ហានិភ័យនាថ្ងៃអនាគតក៏ដោយ។ មិនទុកចិត្ត លោក ហូ វណ្ណឌី បញ្ជាក់ថា ដោយសារភាពមិនទាន់ច្បាស់លាស់នៃបញ្ហាកូវីដ-១៩ និងការងើបឡើងវិញនៃវិស័យទេសចរណ៍ទាំងក្នុងស្រុក និងក្រៅស្រុក។

ភ្ញៀវទេសចរនៅខេត្តសៀមរាប
ភ្ញៀវទេសចរនៅខេត្តសៀមរាប © Internet
ផ្សាយពាណិជ្ជកម្ម

ក្នុងវេទិកាតុមូលស្តីពីវិស័យទេសចរណ៍ក្នុងបរិបទកូវីដ១៩ ដែលរៀបចំឡើងដោយរាជបណ្ឌិតសភាកម្ពុជា លោកហូ វណ្ណឌី បានសង្កត់ធ្ងន់ថា ការបើកដំណើរការវិស័យទេសចរណ៍ឡើងវិញរបស់កម្ពុជា គឺជាការផ្តល់ដង្ហើមដកមួយយ៉ាងសំខាន់ចំពោះវិស័យមួយនេះ ពិសេសបង្កើនប្រាក់ចំណូលចូលចរន្តសេដ្ឋកិច្ចជាតិ។ 

ក៏ប៉ុន្តែទន្ទឹមនឹងនេះ លោក ហូ វណ្ណឌី ​នៅតែមើលឃើញថា អាជីវកម្មទេសចរណ៍ភាគច្រើនមិនទាន់អាចធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ដើម្បីបម្រើលើវិស័យមួយនេះឱ្យពេញលេញបាននៅឡើយទេ។ បញ្ហានៅចំពោះមុខដែលធ្វើឱ្យប្រតិបត្តិករទេសចរណ៍ព្រួយបារម្ភខ្ពស់ គឺជុំវិញករណីផ្ទុះសារជាថ្មីនៃមេរោគកូវីដ១៩ និងអវត្តមាននៃភ្ញៀវទេសចរក្នុងស្រុក និងបរទេស។

បើតាម លោក ហូ វណ្ណឌី ម្ចាស់អាជីវកម្មមួយចំនួន មានទុនបម្រុងសម្រាប់បន្តអាជីវកម្មរបស់ខ្លួន ក៏ប៉ុន្តែពួកគេមិនប្រថុយជាមួយភាពមិនច្បាស់លាស់នៃស្ថានភាពវិវត្តន៍របស់មេរោគកូវីដ១៩នោះទេ ជាពិសេសអាជីវកម្មផ្ទះសំណាក់ សណ្ឋាគារ ពួកគេធ្វើប្រតិបត្តិការត្រឹមតែ១ជាន់​ រឺ២ជាន់ប៉ុណ្ណោះ ដោយអាស្រ័យទៅលើវត្តមានភ្ញៀវទេសចរ និងតម្រូវការបន្ទប់។ លោក វណ្ណឌី បន្តថា ប្រសិនបើអាជីវកម្មខាងលើបើកដំណើរការពេញលេញ ក៏ប៉ុន្តែគ្មានតម្រូវការពីអតិថិជន នោះផលចំណាយលើបុគ្គលិក ការថែទាំ សេវាកម្ម ថ្លៃអគ្គីសនីនឹងកាន់ខ្ពស់ ហើយមិនមានចំណូលចូលក្នុងអាជីវកម្មវិញ។ 

ក្នុងនោះ ទីបឹ្រក្សាសមាគមទេសចរណ៍កម្ពុជារូបនេះគូសបញ្ជាក់ទៀតថា ម្ចាស់អាជីវកម្មខ្លះក៏ដួលរលំ ខ្លះត្រូវបង្ខំចិត្តខ្ចីបំណុលពីវិស័យធនាគារដើម្បីបន្តនិរន្តភាពអាជីវកម្ម ហើយខ្លះគ្មានសមត្ថភាពវិលត្រឡប់មកឈរជើងលើវិស័យនេះវិញដោយហេតុផលផ្សេងៗគ្នា។ ខណៈ៨០% នៃអាជីវកម្មទេចរណ៍បានឃ្លាតចាកឆ្ងាយពីកាលពីអំឡុងកម្ពុជាផ្ទុះរីករាលដាលនៃមេរោគកូវីដ១៩ក្នុងសហគមន៍។  

ជាមួយគ្នានេះដែរ លោក ឈុន មករា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតនៃក្រសួងទេសចរណ៍ក៏បានលើកឡើងដែរថា វិស័យទេសចរណ៍កម្ពុជាពាក់ព័ន្ធនឹងផ្នែកសេវាកម្ម គឺមិនមានបញ្ហាចោទនោះទេ។ ក៏ប៉ុន្តែបញ្ហាតម្លៃវិញ ​កម្ពុជាមិនទាន់អាចប្រកួតប្រជែងជាមួយប្រទេសជិតខាងបាននៅឡើយ។ សម្រាប់លោក ឈុន មករា ដើម្បីឱ្យវិស័យទេសចរណ៍កម្ពុជាវិលត្រឡប់មកស្ថានភាពដើម ពិសេសកំណើនភ្ញៀវទេសចរ១១លាននាក់ក្នុងឆ្នាំ២០២៣ រដ្ឋាភិបាលបានដាក់ចេញនូវត្រីវិស័យតម្រង់ទិសចំនួន៣ចំណុច ក្នុងនោះរួមមាន៖ ការលើកស្ទួយវិស័យ​ឯកជន ពិសេសលើផ្នែកពន្ធ និងអាជ្ញាបណ្ណអាជីវកម្ម ការជំរុញលើយន្តការបើកវិស័យទេសចរណ៍ក្នុងស្រុក និងអន្តរជាតិ តាមរយៈការសម្រួលលក្ខខណ្ឌធ្វើដំណើរ និងពង្រឹងអភិបាលកិច្ចឡើងវិញ។

គួររំឭកដែរថា គិតត្រឹមរយៈពេលជិត៤ខែមកនេះ កម្ពុជាមានភ្ញៀវទេសចរចេញដើរលេងកម្សាន្តជាង៧លាននាក់ ខណៈផែនការរបស់រដ្ឋាភិបាលសម្រាប់ឆ្នាំនេះ គឺសម្រេចឱ្យបាន៨លាននាក់។ បន្ថែមពីនេះ កម្ពុជាក៏បានបន្ធូរបន្ថយលក្ខខណ្ឌធ្វើចតា្តឡីស័កដល់អ្នកដំណើរពីបរទេសដែលមិនបានចាក់វ៉ាក់សាំងកូវីដ១៩មកត្រឹម៧ថ្ងៃវិញ ដើម្បីជួយសម្រួលមួយកម្រិតទៀត ពិសេសជាយុទ្ធសាស្ត្រសូបទាញកំណើនភ្ញៀវទេសចរបរទេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ