អានតួអត្ថបទ
កម្ពុជា-សង្គម

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មថាត្រីបឹងទន្លេសាបនឹងកើននៅឆ្នាំក្រោយ ខណៈប្រធានរាជបណ្ឌិតសភាថាត្រូវធ្វើឡើងប្រកបដោយឆន្ទៈ

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទរំពឹងថាទិន្នផលត្រីក្នុងបឹងទន្លេសាបនឹងមានការកើនឡើង ខណ:ការបង្ក្រាបបទល្មើសនេសាទ ទទួលបានលទ្ធផលល្អ និងនៅតែបន្តបង្ក្រាបដូចភ្លៀងរលឹម។ ការថ្លែងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មដូច្នេះ ធ្វើឡើងខណៈដែលលោកចុះទៅសាកសួរសុខទុក្ខ កម្លាំងចម្រុះបង្ក្រាបបទល្មើសនេសាទនៅក្នុងបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តសៀមរាបកាលពីថ្ងៃអាទិត្យម្សិលមិញ។  

ការនេសាទត្រីបឹងទន្លេសាប
ការនេសាទត្រីបឹងទន្លេសាប © សហការី
ផ្សាយពាណិជ្ជកម្ម

ការរំពឹងទុករបស់លោក ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ គឺធ្វើឡើងដោយយោងទៅលើសកម្មភាពបង្ក្រាបដែលមានប្រសិទ្ធភាពខ្ពស់ ទៅលើបទល្មើសជលផលដូចភ្លៀងរលឹមនៅក្នុងបឹងទន្លេសាប ខណៈដែលរបាយការណ៍ពីខេត្តសៀមរាបបង្ហាញថាសមត្ថកិច្ចចម្រុះខេត្តជាប់បឹងទន្លេសាបមួយនេះ បង្ក្រាបបានបទល្មើសនេសាទចំនួន៦លើកចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៤ខែមេសា ចាប់ខ្លួនជនល្មើសបាន៤នាក់បញ្ជូនទៅតុលាការ និងដកហូតសម្ភារៈបទល្មើសមួយចំនួនធំ។

លោក ណៅ ធួក ដែលជាអតីតប្រធានរដ្ឋបាលជលផលដែរនោះ ថ្លែងថាទោះបីជាផលត្រីក្នុងបឹងទន្លេសាបមានការថយចុះខ្លាំង ដោយសារមានបទល្មើសជាច្រើនឆ្នាំមកហើយ ហើយទោះបីកំណើនត្រី មិនអាចវិលទៅរកភាពដើមវិញក្តី ក៏នៅឆ្នាំខាងមុខគេរំពឹងថាទិន្នផលត្រីក្នុងបឹងទន្លេសាប នឹងមានការកើនឡើងផងដែរ។

ជុំវិញការរំពឹងថាធនធានត្រីនៅក្នុងបឹងទន្លេសាបនឹងកើនឡើងវិញនៅឆ្នាំខាងមុខ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា ដែលបានដឹកនាំមន្ត្រីចុះស្រាវជ្រាវពាក់ព័ន្ធបទល្មើសជលផលនៅតំបន់បឹងទន្លេសាបនាពេលកកន្លងទៅនេះ បានមើលឃើញថាមានចំណុចចំនួន៤ ដែលបង្ហាញថាត្រីនឹងកើនឡើងវិញ គឺការឈប់នេសាទខុសនឹងច្បាប់ជលផល កុំនេសាទនៅរដូវត្រីពង ត្រូវអភិរក្សតំបន់ទន្លេឆ្មារ និងសំខាន់មួយទៀតគឺរក្សាព្រៃលិចទឹកសម្រាប់ត្រីពងកូន។

ទោះយ៉ាងណា លោកបណ្ឌិត សុខ ទូច ក៏យល់ដែរថាទិន្នផលត្រីនឹងមិនអាចកើនដូចដើមវិញទេ ប្រសិនបើទឹកបឹងនៅតែបន្តគោករ៉ាក់នៅរដូវប្រាំង ហើយការប្រើប្រាស់ថ្នាំគីមីនៅតែបន្តនៅតំបន់ជុំវិញបឹងទន្លេសាប។ តែបើការងារនេះត្រូវបានធ្វើឡើងប្រកបដោយឆន្ទៈ នោះត្រីនឹងត្រលប់មកដូចដើមវិញ ដោយប្រើប្រាស់ទន្លេឆ្មារជាប្រភពវារីវប្បកម្ម។

ទិន្នផលត្រីនៅក្នុងបឹងទន្លេសាប មិនត្រូវបានបង្ហាញជាក់លាក់យ៉ាងណានោះទេមួយរយៈចុងក្រោយនេះ ខណៈដែលមានការព្រួយបារម្ភថាធនធានត្រីបានធ្លាក់ចុះទាប និងបន្តបាត់បង់ជារៀងរាល់ឆ្នាំ។ ក៏ប៉ុន្តែតាមរបាយការណ៍ក្រសួងកសិកម្ម ប្រទេសកម្ពុជាមានទិន្នផលត្រីទឹកសាបសរុបជាង ៣៨ម៉ឺនតោន ដែលមានប្រាក់ចំណូលជាង ១,៧ ពាន់លានដុល្លារកាលពីឆ្នាំទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ