អានតួអត្ថបទ
កម្ពុជា-សង្គម

ក្រុមអង្គការសង្គមស៊ីវិលនៅតែបន្តទាមទាររកយុត្តិធម៌ឲ្យលោក ឈុត វុទ្ធី

ក្រុមអង្គការសង្គមស៊ីវិលនៅក្នុងស្រុកនៅតែទទួចឲ្យស្វែងរកយុត្តិធម៌ជូនលោក ឈុត វុទ្ធី ជាសកម្មជនព្រៃដែល​ត្រូវបានបាញ់​សម្លាប់​ក្នុង​ចុះ​ល្បាតព្រៃនៅខេត្តកោះកុង។ ការទទួចជាថ្មីទៀតនេះ គឺធ្វើឡើង​នៅពេល​ដែល​ក្រុម​អង្គការ សមាគម និង​សហជីពចំនួន៨ បាននាំគ្នា​រំឭកខួប១០ឆ្នាំ​នៅថ្ងៃនេះ នៃការ​ស្លាប់​របស់លោក ឈុត វុទ្ធី ខណៈដែលតុលាការកម្ពុជាបានបិទបញ្ចប់សំណុំរឿងនេះទៅហើយ។

លោក ឈុត វុទ្ធី ជាសកម្មជនព្រៃដែលត្រូវបានបាញ់សម្លាប់ក្នុងចុះល្បាតព្រៃនៅខេត្តកោះកុង។
លោក ឈុត វុទ្ធី ជាសកម្មជនព្រៃដែលត្រូវបានបាញ់សម្លាប់ក្នុងចុះល្បាតព្រៃនៅខេត្តកោះកុង។ © Internet
ផ្សាយពាណិជ្ជកម្ម

លោកឈុត វុទ្ធី ត្រូវបានបាញ់សម្លាប់ នៅតំបន់ដាច់ស្រយាលមួយកន្លែង ឆ្ងាយពីភ្នំក្រវាញ កាលពីថ្ងៃទី២៦ខែមេសាឆ្នាំ២០១២ ក្នុងខណៈពេលដែល​គាត់កំពុង​ស៊ើបអង្កេតករណី​កាប់ឈើ​ខុសច្បាប់​ ជាមួយ​អ្នកកាសែត Cambodia Daily ពីររូបទៀត។ មន្ត្រីយោធា ឈ្មោះ អ៊ិន រតនា ក៏ត្រូវបាន​បាញ់សម្លាប់​នៅពេលផ្ទុះអាវុធ​ផងដែរ។

សំណុំរឿងនេះគឺមានបុគ្គលិក​ក្រុមហ៊ុន Timber Green លោក រ៉ាន់ បូរ័ត្ន ម្នាក់ប៉ុណ្ណោះត្រូវបាន​តុលាការខេត្តកោះកុង​ផ្តន្ទាទោសនៅ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ២០១២ ឲ្យជាប់​ពន្ធនាគារ​ ពីរឆ្នាំ ​ពីបទ​បាញ់សម្លាប់​មន្ត្រីយោធា ដែលរដ្ឋាភិបាល​បានអះអាងថា​បានសម្លាប់​​លោក ឈុត វុទ្ធី។

ទោះជាយ៉ាងណាក្រុមអង្គការសិទ្ធិមនុស្សដែលតាមដានករណីនេះ បានកត់សំគាល់ថា មន្ត្រីរដ្ឋាភិបាល​បានរៀបចំ​លំដាប់នៃការពន្យល់​ដែលមានលក្ខណៈ​ផ្ទុយគ្នា ហើយចំលែកៗជាច្រើន សម្រាប់ការស្លាប់​របស់លោក វុទ្ធី នៅមុនបិទបញ្ចប់​ដោយការ​ចង្អុលនូវ​ការបាញ់​ទៅលោក អ៊ិន រតនា។

នាយិការ​អង្គការ​សិទិ្ធមនុស្ស លីកាដូ អ្នកនាង ណាលី ពីឡូក បានិយាយកាលពីពេលនោះថា “ការស៊ើបអង្កេត​លើករណី​ការសម្លាប់​លោក ឈុត វុទ្ធី គឺជាការ​មិនយកចិត្តទុកដាក់​ដល់ភាព​យុត្តិធម៌ទេ។ មន្ត្រីសិទ្ធិមនុស្សរូបនេះ បានហៅការបាញ់សម្លាប់ លោក ឈុត វុទ្ធី ថាជា ​ទម្លាប់បំភិត​បំភ័យ​ដល់​អ្នកទាំងឡាយ ដែលចង់និយាយ​រិះគន់​នឹងស្ថានភាព​បច្ចុប្បន្ន​នៅក្នុង​ប្រទេសកម្ពុជា។”

សាក្សីសំខាន់​ជាច្រើន មិន​បានមកបង្ហាញខ្លួន​នៅសវនាការ​នោះឡើយ រួមទាំង​យោធាម្នាក់​ដែលជាបុគ្គលិក​សន្តិសុខ​ក្រុមហ៊ុន Timber Green ដោយយោងតាម​របាយការណ៍​ជាច្រើន គឺជាតួសំដែង​យ៉ាងសំខាន់​នៅក្នុងព្រឹត្តិការណ៍​ដែលឈានដល់​ការបាញ់ប្រហារ ហើយដែល​នៅក្នុងព្រឹត្តិការណ៍​នោះ​យោធានោះបាន​ពាក់ម៉ាសមុខ និងមានភាព​ស្រវឹងស្រា​ខ្លាំង។ នេះបើតាមរបាយការណ៍របស់លីកាដូ។

ដោយសារតែហេតុផលទាំងនេះ ទើបក្រុមអង្គការសង្គមស៊ីវិលនៅក្នុងស្រុកនៅតែទទួចឲ្យស្វែងរកយុត្តិធម៌ជូនលោក ឈុត វុទ្ធី ខណៈ​ដែល​ក្រុម​អង្គការ សមាគម និង​សហជីពចំនួន៨ បាននាំគ្នា​រំឭកខួប១០ឆ្នាំ​នៃការ​ស្លាប់​របស់សកម្មជនព្រៃឈើរូបនេះ។

បើតាមអង្គការលីកាដូ “ការស្លាប់​របស់​លោកវុទ្ធី សមនឹង​ទទួលបាន​នូវភាពយុត្តិធម៌ ហើយការណ៍នេះ​ទាមទារឲ្យមាន​ការស៊ើបអង្កេត​ឲ្យបានត្រឹមត្រូវ និងការលាតត្រដាង​នូវភស្តុតាង​ដែលគួរឲ្យជឿ​ដល់សាធារណជន ដើម្បីលុបបំបាត់​ទស្សនៈ​និទណ្ឌភាព​ដែលនៅតែបន្តមាន នៅជុំវិញ​សោកនាដកម្ម​នេះ”៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ