អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

ទិវាពលកម្មអន្តរជាតិ៖ អ្នកការពារសិទ្ធិចង់បានការរៀបចំឲ្យពលករចំណាកស្រុកចូលរួមបោះឆ្នោត

ពលករចំណាកស្រុកបានរកថវិកាចូលសេដ្ឋកិច្ចជាតិ ដូច្នេះពួកគាត់គួរតែទទួលបានសិទ្ធិគ្រប់គ្រាន់ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួន។ នេះជាការលើកឡើងរបស់អ្នកស្រាវជ្រាវ និងអ្នកធ្វើការគាំពារសិទ្ធិពលករ កាលពីថ្ងៃទី២៩ ខែមេសា តាមរយៈកិច្ចវេទិកា អបអរទិវាពលកម្មអន្តរជាតិខួបលើកទី១៣៦។ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបញ្ជាក់ថាច្បាប់មិនតម្រូវឲ្យ គ.ជ.ប រៀបចំការិយាល័យបោះឆ្នោតក្រៅដែនដីកម្ពុជាទេ។

ពលករ​ខ្មែរ​ចំណាក​ស្រុក ដែល​ត្រូវ​បាន​បញ្ចូន​មក​កាន់ប្រទេសកម្ពុជាវិញ​នា​ពេល​កន្លង​មក។
ពលករ​ខ្មែរ​ចំណាក​ស្រុក ដែល​ត្រូវ​បាន​បញ្ចូន​មក​កាន់ប្រទេសកម្ពុជាវិញ​នា​ពេល​កន្លង​មក។ RFI/Im Navin
ផ្សាយពាណិជ្ជកម្ម

មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (ហៅកាត់ថា សង់ត្រាល់) បានរៀបចំកិច្ចសន្ទនាតាមអនឡាញមួយ កាលពីថ្ងៃទី២៩ ខែមេសា ក្នុងឱកាសអបអរទិវាពលកម្មអន្តរជាតិខួបលើកទី១៣៦ ក្រោមប្រធាន «ផ្តល់ការគាំពារ និងសិទ្ធិបោះឆ្នោតដល់ពលករចំណាកស្រុក»

វាគ្មិនកិត្តិយសក្នុងកិច្ចសន្ទនានេះ គឺលោកបណ្ឌិត សេង សារី អ្នកស្រាវជ្រាវ និងវិភាគនយោបាយនៅកម្ពុជាបានលើកឡើងថា ដោយមិនរាប់បញ្ចូលពលករចំណាកស្រុកនៅកូរ៉េខាងត្បូង និងម៉ាឡេស៊ី ពលរករខ្មែរនៅប្រទេសថៃ បានផ្ញើលុយត្រឡប់មកកម្ពុជាវិញ ជាង១ពាន់លានដុល្លារក្នុងមួយឆ្នាំ។

លោកបន្តថា ពលករចំណាកស្រុកក៏មានគុណសម្បតិ្តជាអ្នករួមចំណែករកលុយចូលជាតិច្រើនដែរ។ អំឡុងពេលពលករចំណាកស្រុកបានរកថវិកាចូលរួមកសាងអភិវឌ្ឍជាតិ ពួកគាត់គួរតែត្រូវទទួលបានសិទ្ធិគ្រប់គ្រាន់នៅក្នុងការបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួន ដើម្បីដឹកនាំកម្ពុជាឲ្យមានមុខមាត់ ឬសមត្ថភាពនៅក្នុងការប្រកួតប្រជែងក្នុងតំបន់។

លោក ឌី ថេហូយ៉ា ប្រធានកម្មវិធីប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងពលករទេសន្តរប្រវេសន៍ នៃអង្គការសង់ត្រាល់ បានបញ្ជាក់ថា ពលរដ្ឋខ្មែរដែលកំពុងធ្វើការក្រៅប្រទេសមិនទទួលបានការសម្របសម្រួលឲ្យប្រើប្រាស់សិទ្ធិចូលរួមនៅក្នុងការបោះឆ្នោតស្របតាមរដ្ឋធម្មនុញ្ញនោះទេ ដែលមានន័យថាម្ចាស់វាសនានៃប្រទេសទាំងមូលមិនបានប្រើប្រាស់សិទ្ធិក្នុងការកំណត់វាសនាប្រទេស។

បើតាមលោក ឌី ថេហូយ៉ា អ្វីដែលត្រូវគិតបន្តគឺត្រូវធ្វើយ៉ាងណាឲ្យម្ចាស់ប្រទេសបានចូលរួមចំណែកបោះឆ្នោតជ្រើសរើសតំណាងរបស់ពួកគាត់ ដែលជាអ្នកបំរើសេវាឲ្យពួកគាត់ប្រកបដោយគុណភាព និងប្រសិទ្ធភាព តាមអ្វីដែលពួកគាត់ចង់បាន។  

យោងតាមការប៉ាន់ស្មានរបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (ហៅកាត់ថា សង់ត្រាល់) កាលពីខែកញ្ញា ឆ្នាំ២០២១ មានពលរដ្ឋខ្មែរ កំពុងរស់នៅ និងធ្វើការក្នុងប្រទេសថៃប្រមាណ២លាននាក់ ដែលភាគច្រើនធ្វើការនៅក្នុងផ្នែកនេសាទ កសិកម្ម សំណង់ រោងចក្រ និងផ្នែកសេវាកម្មជាដើម។ 

លោក សោម សូរីដា អ្នកនាំពាក្យគណៈកម្មាធិការជាតិ​រៀប​ចំការ​បោះឆ្នោតបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី៣០ ខែមេសាថា បើតាមច្បាប់ស្តីពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ប្រជាពលរដ្ឋខ្មែរ ដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតត្រូវមកបោះឆ្នោតនៅ តាមការិយាល័យបោះឆ្នោតក្នុងឃុំសង្កាត់របស់ខ្លួន។

លោកបន្តថា ដូច្នេះ គ.ជ.ប ពុំមានការរៀបចំការិយាល័យបោះឆ្នោតនៅក្រៅប្រទេសឲ្យប្រជាពលរដ្ឋខ្មែរចំណាកស្រុកបានបោះឆ្នោតនោះទេ ព្រោះលក្ខខណ្ឌច្បាប់មិនតម្រូវឲ្យ គ.ជ.ប រៀបចំការិយាល័យបោះឆ្នោតក្រៅដែនដីនៃប្រទេសកម្ពុជាឡើយ។

សូមជម្រាបជូនថាកម្ពុជាគ្រោងនឹងរៀបចំការការបោះឆ្នោតឃុំ សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២​ ខាង​មុខនេះ ដោយមានបេក្ខភាព​នៃ​គណបក្ស​ចំនួន​១៧​ចូលរួម​ការ​បោះឆ្នោតនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ