អានតួអត្ថបទ
កម្ពុជា-សង្គម

សង្គមស៊ីវិលដាក់ពាក្យបណ្ដឹងទៅស្ថាប័នហិរញ្ញវត្ថុអន្តរជាតិចោទមីក្រូហិរញ្ញវត្ថុនិងធនាគារ៦ពីបទរំលោភសិទ្ធិមនុស្ស

អង្គការ​សង្គមស៊ីវិល​ក្នុង​ស្រុក​ចំនួន​ពីរ តំណាង​ឲ្យ​អ្នក​ខ្ចី​ប្រាក់​នៅ​កម្ពុជា បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ ដោយ​ធ្វើការ​ចោទ​ប្រកាន់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​ចំនួន​៦​ពី​បទ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។ ម្ចាស់​បណ្ដឹង​អំពាវនាវ​ឱ្យ​ទី​ប្រឹក្សា​ដោះស្រាយ​វិវាទ​នៃ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ ចាប់​ផ្ដើម​ស៊ើប​អង្កេត​ជា​បន្ទាន់ ទៅ​លើ​ការ​ខូចខាត​បង្ក​ឡើង​ដោយ​ការ​វិនិយោគ​ជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​និង​ធនាគារ​ចំនួន៦។ នេះ​បើ​តាម​សេចក្ដីថ្លែង​ការណ៍​របស់​អង្គការលីកាដូ​នៅ​ថ្ងៃ​ទី​៣​ខែ​ឧសភានេះ។ ​

រូបតំណាង
រូបតំណាង © licadho
ផ្សាយពាណិជ្ជកម្ម

សម្ព័ន្ធខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ និងអង្គការ​សមធម៌​កម្ពុជា ជា​តំណាង​ម្ចាស់​បណ្ដឹង​អ្នក​ខ្ចីប្រាក់​ដែល​រង​ផលប៉ះពាល់​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និងធនាគារ​ចំនួន​៦​នៅ​កម្ពុជា។ ស្ថាប័ន​ទាំង៦​ដែលអង្គការ​ទាំង​ពីរ​ចង្អុល​មុខ​នោះ​រួមមាន៖ ធនាគារអេស៊ីលីដា ធនាគារហត្ថា ធនាគារស្ថាបនា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ដែល​រួមគ្នា​កាន់​កាប់​ប្រមាណ​ជា ៧៥​ភាគ​រយ នៃ​កម្ចី​ឥទាន​ខ្នាត​តូច​នៅ​ក្នុង​ប្រទេស​ទាំង​មូល ។

បើតាមអង្គការលីកាដូ និងអង្គការសមធម៌កម្ពុជា ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​បាន​ទទួល​ពាក្យបណ្ដឹង​ ​និង​បន្ត​ដំណើរ​ការពិនិត្យ​មើល​បណ្តឹង​ចោទប្រកាន់​អំពី​ការរំលោភ​សិទ្ធិមនុស្ស​និង​ការរំលោភ​លើ​បទដ្ឋាន​អនុវត្ត​ស្តង់​ដារ​ ​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​​ដែល​ប្រព្រឹត្ត​ដោយ​​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​និង​ធនាគារ​​ចំនួន៦​ដែល​ផ្តល់​ក​ម្ចី​ឥណទាន​ខ្នាត​តូច​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

ស្ថាប័ន​ទាំង៦​ទទួល​បានការ​អនុម័ត​ទឹកប្រាក់​ច្រើនជាង​៤​០​០​លាន​ដុល្លារ​ ​ពី​មូលនិធិ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​នៅ​រយៈពេល​៥​ឆ្នាំ​ចុងក្រោយ​នេះ​ ​រួម​មាន​ក​ម្ចី​ឥណទាន​ដោយ​ផ្ទាល់​ ​ក​ម្ចី​បញ្ចូល​គ្នា​ ​ក​ម្ចី​ឥណទាន​និង​ការ​វិនិយោគ​ផ្អែកលើ​សមភាព​ពី​មូលនិធិ​ដែល​គាំទ្រ​ដោយមាន​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​​។

សម្រាប់អង្គការទាំងពីរ ការ​វិនិយោគ​ប្រកបដោយ​គ្រោះថ្នាក់​ ​និង​ខ្វះ​ការ​ចាត់វិធានការ​ចាំបាច់​ឱ្យ​បាន​គ្រប់ជ្រុងជ្រោយ​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​ពាក់ព័ន្ធ​នឹង​គម្រោង​ក​ម្ចី​ឥណទាន​ខ្នាត​តូច​របស់​ខ្លួន​ ​បាន​បំផ្លិចបំផ្លាញ​ការរស់នៅ​ ​និង​ខូចខាត​ដល់​សហគមន៍​ជាច្រើន​នៅ​ក្នុង​ប្រទេស​ ​ហើយ​ពួកគេ​ត្រូវតែ​ចាត់វិធានការ​ ​ដើម្បី​ផ្ដល់​ការ​អនុគ្រោះ​ពិតប្រាកដ​សម្រាប់​អ្នក​ខ្ចីប្រាក់​ទាំងនេះ។

លោក​ ​អៀង​ ​វុទ្ធី​ ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​សមធម៌​កម្ពុជាបានលើកឡើង នៅក្នុងសេចក្ដីថ្លែងការណ៍នៅថ្ងៃទី៣ឧសភានេះថា ​ ​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ ​បង្កឡើង​ដោយ​វិ​ស័យ​យ​នេះ​ ​គឺ​កើតមានឡើង​ជាច្រើន​ឆ្នាំ​មក​ហើយ។ ​ ​ ​ ​លោក​បាន​បន្ត​ថា​ ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​ ​ត្រូវតែ​ចាត់វិធានការ​ជាបន្ទាន់​ ​ដើម្បី​ស៊ើប​អង្កេត​ការ​រំលោភបំពាន​ទាំងនេះ​ដោយ​ឯករាជ្យ​ ​និង​ផ្ដល់​សំណង​សមរម្យ​ដល់​ជនរងគ្រោះ​។

គេនៅ​មិនទាន់​ឃើញ​មាន​ការ​ឆ្លើយ​តប​បែប​ណា​ឡើយ​ទេ​ពី​សមាគម​មីក្រូហិរញ្ញវត្ថុ និង​សមាគម​ធនាគារនៅ​កម្ពុជា គិត​មក​ដល់​ពេល​នេះ។ តែ​កន្លង​មក​អ្នក​នាំពាក្យ​សមាគម​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជាធ្លាប់​បាន​គូស​បញ្ជាក់ថា វិស័យ​ធនាគារ​និង​ហរិញ្ញវត្ថុ​នៅកម្ពុជា មិន​ដែល​រឹបអូស​ទ្រព្យ​ធានា​របស់​អតិថិជន​មក​ដោះស្រាយ​បញ្ហា​បំណុល​នោះ​ទេ។   

បើតាម​អង្គការ​លីកាដូ បច្ចុប្បន្ន ប្រជាពលរដ្ឋ​កម្ពុជា​ជាប់​ជំពាក់​កម្ចី​ឥណទាន​ច្រើន​ជាង​គេ​នៅ​ក្នុង​ពិភពលោក ។ ប្រជាពលរដ្ឋ​ចំនួន ៩៥% មានប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ តិច​ជាង​ចំនួន​កម្ចី​គិត​ជា​មធ្យម​នេះ​ទៅទៀត ហើយ​ជា​ញឹក​ញាប់ កម្ចី​ឥណទាន​ខ្នាតតូច ត្រូវ​តម្រូវ​ឱ្យ​ដាក់​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ជា​ទ្រព្យ​ធានា។ ការ​រំលោភបំពាន​ជាច្រើន​ ​ទាក់ទង​នឹង​បំណុល​ឥណទាន​ខ្នាត​តូច​ ​ក្នុង​នោះ​រួម​មាន​ ​ការ​អនុវត្ត​ការ​ផ្ដល់​ប្រាក់​ក​ម្ចី​បែប​កេង​ប្រ​វញ្ច​ ​កា​រលក់​ដី​ដោយបង្ខំ​ ​ការ​គំរាមកំហែង​ ​ពលកម្ម​កុមារ​ ​និង​ការ​បង្កើន​បន្ទុក​បំណុល​សម្រាប់​អ្នក​ខ្ចីប្រាក់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ