អានតួអត្ថបទ
កម្ពុជា-អាស៊ាន

ប្រទេសបីក្នុងសហគមន៍អាស៊ានទទួលរៀបចំកិច្ចប្រជុំសំខាន់បីផ្សេងគ្នានៅចុងឆ្នាំនេះ

កិច្ច​ប្រជុំ​ធំៗ​ចំនួន​បី​គ្រោង​រៀប​ចំ​នៅ​ក្នុង​ប្រទេស​សមាគម​អាស៊ាន​ដែល​មាន​កម្ពុជា ថៃ និង ឥណ្ឌូណេស៊ី​នៅ​ពាក់​ខែ​វិច្ឆិកា​ចុង​ឆ្នាំ​នេះ។ កិច្ចប្រជុំ​ទាំងបី​នោះ​រួមមាន៖ កិច្ច​ប្រជុំ​កំពូល​អាស៊ាន​រៀបចំ​នៅ​កម្ពុជា កិច្ចប្រជុំ​G20​រៀបចំ​នៅ​ឥណ្ឌូណេស៊ី និង​កិច្ច​ប្រជុំ​សេដ្ឋកិច្ច​APECរៀបចំ​នៅ​ថៃ។ តើ​កិច្ច​ប្រជុំ​ទាំង​បី​មានរបៀបវារៈ​និង​ទិស​ដៅ​អ្វី​ខ្លះ?

កិច្ចប្រជុំធំៗចំនួនបីគ្រោងរៀបចំនៅក្នុងប្រទេសសមាគមអាស៊ានដែលមានកម្ពុជា ថៃ និង ឥណ្ឌូណេស៊ីនៅពាក់ខែវិច្ឆិកាចុងឆ្នាំនេះ (រូបតំណាង)
កិច្ចប្រជុំធំៗចំនួនបីគ្រោងរៀបចំនៅក្នុងប្រទេសសមាគមអាស៊ានដែលមានកម្ពុជា ថៃ និង ឥណ្ឌូណេស៊ីនៅពាក់ខែវិច្ឆិកាចុងឆ្នាំនេះ (រូបតំណាង) © សហការី
ផ្សាយពាណិជ្ជកម្ម

កិច្ច​ប្រជុំ​អាស៊ាន​រៀចំ​ឡើង​ក្រោម​ប្រធាន​បទ«អាស៊ាន​រួម​គ្នា​ធ្វើ៖ដោះ​ស្រាយ​បញ្ហា​ប្រឈម​រួម​គ្នា»ផ្ដោត​​លើ​ការ​ពន្លឿន​កិច្ច​ប្រឹងប្រែង​ស្ដារ​ឡើងវិញ​នូវ​ផលប៉ះពាល់​ដែល​បណ្ដាល​មក​ពី​ជំងឺ​កូវីដ១៩ ,ការ​លើកកម្ពស់​សមាហរណកម្ម​អាស៊ាន និង​សមត្ថភាព​ប្រកួតប្រជែង​សម្រាប់កំ​ណើន​រយៈពេល​វែង​ក្នុង​បរិបទ​នៃបដិវត្តន៍​ឧស្សាហកម្មទី៤,ការ​លើក​កម្ពស់​សន្តិសុខ​ផ្នែកសុខភាព និង​ការ​គាំ​ពារ​សង្គម​សម្រាប់​ប្រជាជន។​ ទាំង​នេះ​ជា​អ្វី​ដែល​អាស៊ាន​អះអាង​ថា ជា​របៀបវារៈ​អទិភាព​នឹង​ត្រៀម​ជជែក​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ខាង​មុខ។

រីឯ​វេទិកា​ក្រុម​ប្រទេស​G20​ធ្វើ​ឡើង​ក្រោម​ប្រធាន​បទ«ងើប​ឡើង​វិញ​ទាំង​អស់​គ្នា ងើប​ឡើង​វិញ​កាន់​តែ​រឹងមាំ»គឺ​មាន​គោល​បំណង​ជួយ​សម្រួល​ដល់​ការ​ងើប​ឡើង​វិញ​ដ៏​រឹង​មាំ​និង​ប្រកប​ដោយ​បរិយាប័ន្ន​សម្រាប់ទាំង​អស់​គ្នា។​ ជាមួយ​គ្នា​នេះ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ប្ដេជ្ញា​ធានា​ថា ក្រុម G20មាន​សារៈ​សំខាន់​មិនមែន​ត្រឹម​តែ​សម្រាប់​សមាជិក​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​សំខាន់​សម្រាប់​ពិភព​លោក​ទាំង​មូល ជា​ពិសេសប្រទេស​កំពុង​អភិវឌ្ឍន៍។ ហើយ​ក្រុម G20​ក៏​បាន​កំណត់​អាទិភាព​លើ​វិស័យ​សំខាន់​ចំនួន​បី​រួមមាន៖​ការពង្រឹង​សុខភាព​សកល ការ​ផ្លាស់​ប្ដូរ​បែប​ឌីជីថល និង​ការ​ផ្លាស់​ប្ដូរ​ថាមពល សម្រាប់​ការ​ងើប​ឡើង​វិញជា​សកល​ដ៏រឹង​មាំ​និង​ប្រកប​ដោយ​បរិយាប័ន្ន។

ចំពោះ​កិច្ច​ប្រជុំ​សេដ្ឋកិច្ច​APEC​ឆ្នាំ​២០២២​រៀចំ​ឡើង​ក្នុង​ប្រធាន​បទ«បើក​ចំហ តភ្ជាប់ តុល្យភាព»ដែលមាន​គោល​បំណង​ជំរុញ​នូវ​ចក្ខុវិស័យ​សហគមន៍​អាស៊ីប៉ាស៊ី​ហ្វិក​បើក​ចំហរ ស្វាហាប់ ធន់ និងសន្តិភាព។សមាជិក​នៃ​វេទិកា​សេដ្ឋកិច្ច​នេះ​រួម​គ្នា​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ដ៏​ធំសម្បើម​ដែល​កើត​ចេញ​ពី ជំងឺរាត​ត្បាត និង​ជម្លោះ​ដែល​បាន​ជះ​ផល​ប៉ះ​ពាល់​អវិជ្ជមាន​នៅ​ទូទាំង​ពិភព​លោក។ ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​រៀប​ចំកិច្ច​ប្រជុំ​នេះ​ប្រទេស​ថៃ​អំពាវនាវ​ឲ្យ​មាន​ការ​សន្ទនា​ឡើងវិញ​អំពី​តំបន់​ពាណិជ្ជកម្ម​សេរីអាស៊ី​ប៉ាស៊ីហ្វិក គាំទ្រ​ការ​វិល​ត្រឡប់​ទៅ​កាន់​ការ​ធ្វើ​ដំណើរ​ប្រកប​ដោយ​សុវត្ថិភាព​និង​រលូន ដែល​ជា​ធាតុ​ផ្សំ​ដ៏​សំខាន់​ក្នុងការ​ជួយ​ស្តារ​តំបន់​និង​ពិភព​លោក​ពីប​ញ្ហា​ជំងឺ​រាត​ត្បាត​កូវីដ​១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ