អានតួអត្ថបទ
កម្ពុជា-អាស៊ាន

ក្រសួងការបរទេសកម្ពុជានិងអគ្គលេខាអាស៊ានត្រៀមដឹកនាំវេទិកាកម្រិតខ្ពស់នាំជំនួសមនុស្សធម៌ចូលភូមា

លោក ប្រាក់ សុខុន​ រដ្ឋមន្រ្តី​ការ​បរទេស​កម្ពុជា​និង​ជាប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​នៅភូមា ​និង​អគ្គលេខាធិការ​អាស៊ាន លោក លឹម ចុក ហ៊ុយ ​កំពុង​ត្រៀមដឹកនាំ​កិច្ចពិគ្រោះ​យោបល់​ជាមួយ​តំណាង​ជាន់ខ្ពស់​មកពីប្រទេស​ជាសមាជិក​អាស៊ាន​ទាំងអស់​នៅថ្ងៃស្អែកនេះ។​  ជាកិច្ច​ប្រជុំ​ដែល​ត្រូវ​បាន​ក្រសួង​ការ​បរទេស​ថា ជា​ វេទិកា​កម្រិត​ខ្ពស់​មួយ​សម្រាប់​ការពិភាក្សា​ផ្តួចផ្តើម​ឱ្យមាន​កិច្ច​សន្ទនា​ពីភាគី​ពាក់ព័ន្ធ​ ដើម្បី​ផ្តល់​នូវ​មគ្គុទេ្ទសក៍​ពីរ​បៀប​ក្នុង​ការ​ជំរុញ​ជំនួយ​មនុស្ស​ធម៌​របស់​អាស៊ាន​ឱ្យទៅដល់​ប្រជាជនភូមា។​

លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជានិងជាប្រេសិតពិសេសរបស់ប្រធានអាស៊ាននៅភូមា និងអគ្គលេខាធិការអាស៊ាន លោក លឹម ចុក ហ៊ុយ
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជានិងជាប្រេសិតពិសេសរបស់ប្រធានអាស៊ាននៅភូមា និងអគ្គលេខាធិការអាស៊ាន លោក លឹម ចុក ហ៊ុយ © សហការី
ផ្សាយពាណិជ្ជកម្ម

ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា​នៅថ្ងៃទី​៥ឧសភា បានចេញសេចក្តីប្រកាសព័ត៌មានថា កិច្ចប្រជុំពិគ្រោះយោបល់ ស្តីពី​ជំនួយមនុស្សធម៌របស់អាស៊ាន​សម្រាប់​​ភូមា ដែលប្រព្រឹត្តទៅបែបកូនកាត់ គឺតាមប្រព័ន្ធអនឡាញផង និងដោយផ្ទាល់​នៅរាជធានីភ្នំពេញផង នឹងធ្វើឡើងនៅថ្ងៃទី​៦ឧសភា។ ជាកិច្ចពិភាក្សា ដឹកនាំដោយ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជានិងជាប្រេសិតពិសេសរបស់ប្រធានអាស៊ាននៅភូមា និងលោក លឹម ចុក ហ៊ុយ អគ្គលេខាធិការ​អាស៊ាន និងក៏មាន​ចូលរួមដោយ​តំ​ណាងជាន់ខ្ពស់មកពីប្រទេសជាសមាជិកអាស៊ានដែរ។

កិច្ចប្រជុំពិគ្រោះយោបល់នោះ​ត្រូវបានក្រសួងការបរ​ទេស​កម្ពុជា​គូសបញ្ជាក់ថា នឹងផ្តល់ជាវេទិកាកម្រិតខ្ពស់​មួយសម្រាប់អាស៊ាន ធ្វើកិច្ចពិភាក្សា​ផ្តួចផ្តើម​ឱ្យមានកិច្ចសន្ទនា​មួយ ដែលមានការចូលរួម​ពីភាគីពាក់ព័ន្ធ​ ដើម្បីផ្តល់នូវ​មគ្គុទ្ទេស​ក៍​របៀប​ក្នុងការជម្រុញ​​ជំនួយមនុស្ស​ធម៌​របស់អាស៊ាន​ឱ្យទៅដល់ប្រជាជនភូមា ដោយឈរ​លើ​គោលការណ៍​មនុស្សធម៌​ និងគ្មានការរើសអើង។ 

គួរដឹងដែរថា វិបត្តិមនុស្សធម៌នៅភូមានេះបានបន្តអូសបន្លាយអស់ពេលជាង១​ឆ្នាំមកហើយ។ កម្ពុជាក្នុងនាមជាប្រធានអាស៊ានប្តូរវេននៅឆ្នាំនេះ បានតាំងចិត្តស្វាហាប់​ជួយដោះស្រាយបញ្ហានេះ។ កាលពីថ្ងៃទី​៣ឧសភា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រាប់​លោក លោក មីនអ៊ុងឡាំង មេដឹកនាំយោធាភូមា ថាកម្ពុជា​នៅតែពន្លឿនកុងសង់ស៊ីស ៥ចំណុច ជាពិសេសគឺទាក់ទងការបញ្ចប់អំពើហិង្សា ការសម្រួលឲ្យមានការបញ្ជូនជំនួយមនុស្សធម៌ចូលទៅដល់ពលរដ្ឋភូមា និងការកសាងទំនុកចិត្ត និងជំនឿទុកចិត្តក្នុងកិច្ចពិភាក្សានយោបាយ។ មិនខុសពីរាល់ដង មេដឹកនាំយោធាភូមាតបថា ខ្លួន​​បានព្យាយាមបញ្ចៀសអំពើហិង្សាតាមរយៈការចរចាឲ្យមានបទឈប់បាញ់ជាមួយក្រុមអង្គការកងកម្លាំងជនជាតិភាគតិច​ហើយ​។

​តាមការវាយតម្លៃ​របស់​អង្គការ​សហប្រជាជាតិនៅខែកុម្ភៈឆ្នាំនេះ នៅក្នុង​ចំណោម​ប្រជាជន​ភូមា​សរុប ៥៤លាននាក់ មាន​ប្រជាជនភូមា​ពាក់កណ្តាល​ កំពុង​រស់នៅក្នុងភាពក្រីក្រ និង​មនុស្ស​ជាង ១៤,៤​លាននាក់ ត្រូវការជំនួយមនុស្សធម៌ ដែលនៅក្នុង​នោះ ៥លាននាក់​ជា​កុមារ។ ទន្ទឹមនឹងនេះ អង្គការសហប្រជាជាតិកំពុងអំពាវនាវស្វែងរកប្រាក់ជំនួយមនុស្សធម៌​សម្រាប់​ប្រជាជន​ភូមា នៅ​ឆ្នាំ ២០២២ បានកើន​ឡើងទ្វេដង ដល់​ជាង ៨៤៦​លានដុល្លារ ដែល​ជា​ចំនួន​មួយ​ដ៏ខ្ពស់​ក្នុងប្រវត្តិផ្តល់ជំនួយ​សម្រាប់​ប្រជាជន​ភូមា។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ