អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

សភាអឺរ៉ុបស្នើឲ្យដកEBA បន្ថែម បើការបោះឆ្នោតនៅកម្ពុជាមិនដូចអ្វីដែលពួកគេចង់បាន

សភាអឺរ៉ុប​ជំរុញ​ឲ្យប្រទេស​ជាសមាជិក​ចំនួន​២៧ តាម​ដាន​ការបោះឆ្នោត​នៅកម្ពុជា​ឲ្យបាន​ដិតដល់​បំផុត​ ដោយ​ព្រមាន​ថា ​ប្រសិន​បើការបោះឆ្នោត​ទាំងថ្នាក់​ក្រោមជាតិ​ និង​ការបោះឆ្នោត​ថ្នាក់​ជាតិ​នៅពេល​ខាង​មុខ​ មិន​ប្រព្រឹត្តិ​ទៅដោយ​សេរី​ ត្រឹម​ត្រូវ ​និង​យុត្តិធម៌​ទេ ​នោះស្នើឲ្យ​គណៈ​កម្មការ​អឺរ៉ុប​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធEBA​ ពីកម្ពុជា​បន្ថែម​ទៀត។​ ការស្នើ​យ៉ាង​ដូច្នេះ​បាន​ធ្វើឡើង​តាមរយៈ​ញត្តិ​មួយរបស់​សភា​អឺរ៉ុប​នៅថ្ងៃ​ទី៥ឧសភា ​ម្សិលមិញ ​ដែលទទួល​ការគាំទ្រ ​ពីតំណាងរាស្ត្រ ​សភាអឺរ៉ុប​ ចំនួន​ ៥២៦ ​នាក់ លើ ​៥៩៤ នាក់។ ​

សភាអឺរ៉ុបជំរុញឲ្យប្រទេសជាសមាជិកចំនួន២៧ តាមដានការបោះឆ្នោតនៅកម្ពុជា
សភាអឺរ៉ុបជំរុញឲ្យប្រទេសជាសមាជិកចំនួន២៧ តាមដានការបោះឆ្នោតនៅកម្ពុជា © សហការី
ផ្សាយពាណិជ្ជកម្ម

នៅក្នុងញត្តិចេញថ្ងៃទី៥ឧសភា២០២២ សភាអឺរ៉ុប បានជំរុញ​ឲ្យ​គណៈកម្មការអឺរ៉ុបតាមដាន​មើល​ការ​បោះឆ្នោត​ថ្នាក់​ឃុំ​សង្កាត់នៅក្នង​ខែមិថុនា ក៏ដូចជាការបោះឆ្នោត​ថ្នាក់ជាតិ​នៅឆ្នាំក្រោយ ឲ្យបានដិតដល់បំផុត។ ​ការ​បោះឆ្នោត​ទាំងពីរនេះ​ត្រូវបានសភាអឺរ៉ុប​ចាត់​ទុកថា សូចនាករមួយសម្រាប់​វាស់វែង​ពីដំណើរ​ការប្រជាធិបតេយ្យ និង​សិទ្ធិមនុស្សនៅកម្ពុជា។

បើតាម​សភា​អឺរ៉ុប ប្រសិនបើការ​បោះឆ្នោត​នេះ មិនសេរី ត្រូវត្រូវ និង​យុត្តិធម៌ទេ នោះសភាអឺរ៉ុប​ស្នើ​ឲ្យ​គណៈកម្មការអឺរ៉ុប ដាក់​ទណ្ឌកម្ម​បន្ថែមទៀត​មកលើ​រដ្ឋាភិបាល​កម្ពុជា​តាមរយៈការ​ព្យូរ​EBA បន្ថែមទៀត ពីលើការព្យូរEBA ២០% កាលពីលើកមុន។

​នៅក្នុងញត្តិមួយរបស់​សភា​អឺរ៉ុប​នៅថ្ងៃ​ទី៥ឧសភា ដែលទទួលការគាំទ្រ ពីតំណាងរាស្ត្រ សភាអឺរ៉ុប ចំនួន ៥២៦ នាក់ លើ ៥៩៤ នាក់ បានរំឭកឡើងវិញពីការរំលាយ​គណបក្ស​សង្គ្រោះជាតិ​កាលពីឆ្នាំ២០១៧ និងការ​ចាប់​ខ្លួន​លោក កឹម សុខា។

ចំណាត់ការនានាតាំងពីពេលនោះ រហូតដល់មានការចាប់ខ្លួន​សកម្មជននយោបាយ និងសកម្មសិទ្ធិ​មនុស្ស នាពេលចុងក្រោយនេះ គឺជាអ្វីដែលសភាអឺរ៉ុបចាត់ទុកថា ជាផ្នែកដ៍សំខាន់​ដែល​ប៉ះពាល់​ដល់​ដំណើរ​ការបោះឆ្នោត​នៅកម្ពុជា។

នៅខណៈពេលដែល​កម្ពុជា​កំពុងអង្គុយ​លើកៅអីជាប្រធានអាស៊ាន សភាអឺរ៉ុបបានអំពាវនាវផងដែរ ឲ្យសហភាពអឺរ៉ុប និងសហគមន៍អន្តរជាតិ តាមដានឲ្យដិតដល់ និងវាយតម្លៃពីឥទ្ធិពលនៃការព្យួរ EBA២០% កន្លងមកជាមួយនឹងការ​ដាក់សម្ពាធលើតួនាទីរបស់កម្ពុជាជាប្រធានអាស៊ាន​ដើម្បីការពារ

សកម្មជននយោបាយ និងអ្នកការពារសិទ្ធិមនុស្ស ក្នុងការតស៊ូរបស់ពួកគេ។

បើតាមសភាអឺរ៉ុប ទណ្ឌកម្ម​ប្រឆាំង​នឹង​មន្ត្រីកម្ពុជា​ក្នុង​ការ​រំលោភសិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​គ្មានអ្វី​ក្រៅពីការហាមប្រាមការធ្វើដំណើរទៅក្រៅប្រទេសមួយចំនួន និងការបង្កកទ្រព្យសម្បត្តិរបស់ពួកគេនោះឡើយ។

អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន សំដែងការសោកស្តាយ​ដែលថា​សភាអឺរ៉ុប​យក​បញ្ហានយោបាយ​មកធ្វើជារបៀបវារៈដាក់ទណ្ឌកម្មលើកម្ពុជាក្នុងរឿងEBA។ ប៉ុន្តែ លោក សម រង្ស៊ី បានអះ​អាងថា ការចេញញត្តិរបស់សភាអឺរ៉ុបបែបនេះ គឺបន្ទាប់ពីគណៈប្រតិភូគណបក្សសង្គ្រោះជាតិ ដឹកនាំដោយរូបលោកបានទៅធ្វើទស្សនកិច្ច នៅទីក្រុងព្រុចស៊ែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី២០ និង ២១ មេសា ២០២២ ដើម្បីទៅជួបអ្នកមុខអ្នការ ក្នុងស្ថាប័នសហភាពអឺរ៉ុបមួយចំនួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ