អានតួអត្ថបទ
កម្ពុជា-ច្បាប់

អ្នក​ជំនាញ​បារម្ភ​ថា​ ការ​ខក​ខាន​ចុះ​សំបុត្រ​កំណើត​របស់​កុមារ​អាច​ប្រឈម​មុខ​នឹង​អំពើ​ជួញ​ដូរ​មនុស្ស

អ្នក​ជំនាញ​ខាង​សិទ្ធិ​កុមារ​បាន​និយាយ​កាល​ពីម្សិល​មិញ​ថា ​ការ​ខក​ខាន​ទៅ​ចុះ​សំបុត្រ​កំណើត​របស់​កុមារ​នៅកម្ពុជា​គឺ​ជា​ហានិ​ភ័យ​នៅក្នុង​អំពើ​ជួញ​ដូរ​មនុស្ស​ គឺតាម​រយៈ​ការ​ស៊ី​ឈ្នួល​ពពោះ​ជំនួស​។​ ការ​ព្រមាន​បែបនេះ​ដោយ​សារ​អ្នក​ជំនាញ​អះអាងថា នៅ​កម្ពុជា​មាន​មនុស្ស​ ៣០% ឬ​ប្រមាណ១.៦ លាន​នាក់​មិន​បាន​ចុះ​សំបុត្រ​កំណើត​ ទោះ​បី​ជា​ការ​ទៅ​ចុះ​សំបុត្រ​កំណើត​មិន​តម្រូវ​ឲ្យ​បង់​ប្រាក់​ក៏ដោយ​។

ស្រ្តីដែលពពោះជំនួសហើយសមត្ថកិច្ចចុះឃាត់ខ្លួនកន្លងមក។
ស្រ្តីដែលពពោះជំនួសហើយសមត្ថកិច្ចចុះឃាត់ខ្លួនកន្លងមក។ © Camnews
ផ្សាយពាណិជ្ជកម្ម

ដោយ​សរសើរ​ប្រទេស​កម្ពុជា​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​រៀប​ចំ​គោល​នយោបាយ​ដើម្បី​ការពារ​សិទ្ធិ​កុមារ​ ប៉ុន្តែ​អ្នកជំនាញ​នៃ​គណៈ​កម្មាធិការ​សិទ្ធិ​កុមារ​បាន​ចោទ​សួរ​អអាជ្ញាធរ​កម្ពុជា អំពី​កុមារ​ដែល​កើត​មក​ដែល​មិន​ទាន់​បាន​ចុះសំបុត្រ​កំណើត និង​ច្បាប់​ហាម​ឃាត់​ការ​ពពោះ​ជំនួស​។ នេះជា​ការ​លើក​ឡើង​នៅក្នុង​របាយការណ៍​មួយ​ដែលចេញ​ដោយ​អ្នក​ជំនាញ​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជា​ជាតិ​នៅថ្ងៃ​ទី​៦​ឧសភា​២០២២​នេះ។

បើ​តាម​អ្នក​ជំនាញ​ដដែល​នេះ នៅ​កម្ពុជា​មាន​មនុស្ស​៣០% ឬ​ប្រមាណ១.៦ លាន​នាក់​មិន​បាន​ចុះ​សំបុត្រកំណើត​ ទោះ​បីជា​ការ​ទៅចុះ​សំបុត្រ​កំណើត​មិន​តម្រូវ​ឲ្យ​បង់ប្រាក់​ក៏ដោយ​។ ការ​ខក​ខាន​ទៅ​ចុះ​សំបុត្រ​កំណើត​របស់​កុមារ​នៅកម្ពុជា ត្រូវ​បាន​អ្នក​ជំនាញ​ព្រមាន​ថា គឺ​ជាហា​និភ័យ​នៅ​ក្នុង​អំពើជួញ​ដូរ​មនុស្ស​ គឺ​តាម​រយៈ​ការ​ស៊ី​ឈ្នួល​ពពោះ​ជំនួស​។

ទាក់​ទង​នឹង​ការ​ពពោះ​ជំនួស គណៈប្រតិភូកម្ពុជា​បាន​លើក​ឡើង​ថា កម្ពុជា​ប្ដេជ្ញា​គោរព​សិទ្ធិ​កុមារ និង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស។ នេះ​មិន​មែន​ជា​ករណី​សុំ​កូន​ទេ ប៉ុន្តែ​ជា​ករណី​ជួញដូរ​កុមារ​ដោយ​សកម្មភាព​ពពោះ​ជំនួស​ដោយ​ខុស​ច្បាប់។ នេះ​បើតាម​លោកស្រី ជូ ប៊ុនអេង អនុប្រធាន​អចិន្ត្រៃយ៍នៃ​គណៈកម្មាធិការជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើជួញ​ដូរ​មនុស្ស​របស់​ប្រទេស​កម្ពុជា។

ទោះជាយ៉ាងណា​តាំងពី​ឆ្នាំ​២០១៦​មក ករណី​ពពោះជំនួស​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​ថា កុមារ​ត្រូវ​បាន​ជួញ​ដូរទៅ​ក្រៅប្រទេស​ដោយ​គ្មាន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ។​ «កុមារ​កាន់តែ​ច្រើនកំពុង​ត្រូវ​បាន​ជួញ​ដូរ ហើយឪពុក​ម្តាយ​របស់​កុមារ​ដែល​ត្រូវ​បាន​ជួញដូរ​មិន​បានរាយ​ការណ៍​ដោយ​ខ្លួន​ឯង​ទេ​»។

នៅ​ចំពោះមុខ​នេះ សេចក្តី​ព្រាងច្បាប់​កំពុង​ត្រូវ​បាន​ពិភាក្សា ដើម្បីធានា​ថា​ឆ្លើយតប​ទៅនឹង​ហានិភ័យ​នៃការ​ជួញ​ដូរ​កុមារ​តាម​រយៈការ​ពពោះជំនួស​នេះ។​

បើ​តាម​លោកស្រី ជូ ប៊ុនអេង ច្បាប់ជាតិ​ស្តីពី​ការបង្ក្រាប​ការជួញដូរ​មនុស្ស និង​ការកេង​ប្រវ័ញ្ច​ផ្លូវភេទ​ត្រូវ​បានអនុម័ត​ក្នុង​ឆ្នាំ២០០៨ ហើយគណៈកម្មាធិការ​ជាតិសម្រាប់​ការ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ត្រូវ​បាន​បង្កើត​ឡើង​។ គណៈ​កម្មាធិការ​នេះបាន​ធ្វើការ​ដើម្បី​លុប​បំបាត់​ការ​ជួញ​ដូរ​ស្ត្រី និង​កុមារ​។​ រដ្ឋាភិបាលកម្ពុជា​ក៏បាន​ដាក់​ចេញនូវ​ផែន​ការ​សកម្មភាព​ជាតិ ស្តីពីការ​កាត់​បន្ថយ​ពលកម្មកុមារ និង​ការ​លុប​បំបាត់​ទម្រង់ដ៏អាក្រក់​បំផុត​នៃ​ពលកម្ម​កុមារ​សម្រាប់​ឆ្នាំ ២០១៦-២០២៥ ក្នុង​គោលបំណង​លុប​បំបាត់​ពលកម្មកុមារ និង​ពលកម្ម​ដោយ​បង្ខំ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ