អានតួអត្ថបទ

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាថា ការនាំចូលជ្រូករស់ខុសច្បាប់ពីប្រទេសជិតខាង នៅតែបន្តកើតមានឡើងដដែល

សមាគម​អ្នកចិញ្ចឹម​សត្វ​កម្ពុជា​នាព្រឹក​ថ្ងៃអាទិត្យ​នេះ​បាន​អះអាង​ថា ខ្លួន​កំពុង​បន្ត​ព្រួយ​បារម្ភ​ខ្លាំង​ចំពោះ​បញ្ហា​នាំ​ចូល​សត្វ​ជ្រូក​រស់ខុស​ច្បាប់​ពី​ក្រៅ​ប្រទេស ខណៈ​បញ្ហា​នេះ​បាន​បង្ក​ផល​ប៉ះពាល់​ច្រើន​ដល់​អ្នក​ចិញ្ចឹម​ក្នុង​ស្រុក។ លោក ស្រ៊ុន ពៅ​ ប្រធាន​សមាគមអ្នក​ចិញ្ចឹម​សត្វ​កម្ពុជា​បាន​បញ្ជាក់​ថា ការ​នាំ​ចូល​ជ្រូក​រស់​ពី​ប្រទេស​ជិត​ខាង​បាន​លេច​ចេញ​ជា​បញ្ហា​ចោទ​សម្រាប់​អ្នក​ចិញ្ចឹម​ក្នុងស្រុក ទោះ​បី​រដ្ឋា​ភិបាល​បាន​ជំរុញ​លើកចិត្ត​ដល់​អ្នកចិញ្ចឹម​ជ្រូក​ក្នុង​ស្រុក​ឱ្យ​បង្កើន​លទ្ធភាព និង​បរិមាណ​ចិញ្ចឹម​សម្រាប់​ផ្គត់ផ្គង់​លើទីផ្សារ​យ៉ាងណា​ក្តី។

ការនាំចូលជ្រូករស់ខុសច្បាប់​ពីប្រទេសជិតខាង
ការនាំចូលជ្រូករស់ខុសច្បាប់​ពីប្រទេសជិតខាង © សហការី
ផ្សាយពាណិជ្ជកម្ម

ជាង​៤​ខែ​ហើយ ដែល​រដ្ឋ​បាន​ផ្អាក​ការ​នាំ​ចូល​ជ្រូក​រស់​ពី​ប្រទេស​ជិតខាង​ដូចជា ប្រទេសថៃ និងវៀតណាម។ ការ​ផ្អាក​នោះ ក៏ ដោយសារ​តែ​មាន​ការ​កើតឡើង​នៃ​ជំងឺ​ប៉េស្តអាហ្វ្រិក តម្លៃ​ជ្រូក​នាំ​ចូល​ឡើង​ថ្លៃពេក និង​ដើម្បី​ទុកឱកាសឱ្យអ្នកចិញ្ចឹមក្នុងស្រុកមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ធ្វើការផ្គត់ផ្គង់មកលើទីផ្សារ។

តែយ៉ាងណា ទោះបីផ្អាកអស់រយៈពេលជាច្រើនខែហើយក៏ដោយ ប៉ុន្តែបញ្ហានាំចូលជ្រូករស់ខុសច្បាប់ពីក្រៅប្រទេសចូលមកកម្ពុជាវិញ នៅតែបន្តកើតមានជាហូរហែរដដែល ពិសេសការនាំចូលជ្រូកពីប្រទេសវៀតណាមតាមរយៈច្រករបៀងមួយចំនួនស្ថិតក្នុងខេត្តស្វាយរៀង។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានបញ្ជាក់មកវិទ្យុបារាំងអន្តរជាតិថា ត្បិតរដ្ឋបានបន្ធូរការនាំចូលជ្រូករស់ពីប្រទេសជិតខាងបន្តិចហើយយ៉ាងណាក្តី តែកំណើននៃការនាំចូលជ្រូករស់ខុសច្បាប់ពីប្រទេសវៀតណាមកំពុងក្លាយជាបញ្ហាចោទសម្រាប់អ្នកចិញ្ចឹមជ្រូកក្នុងស្រុក ខណៈអាជ្ញាធរវិញក៏បង្ក្រាបបានជាហូរហែរផងដែរ។

លោក ស្រ៊ុន ពៅ បន្តថា នៅពេលបរិមាណជ្រូកខុសច្បាប់ហូរចូលមកកម្ពុជាកាន់តែច្រើន នោះទីផ្សារផ្គត់ផ្គង់សត្វជ្រូកក្នុងស្រុក នឹងជួបប្រទះនូវផលប៉ះពាល់។ ម្ល៉ោះហើយ អ្នកចិញ្ចឹមជ្រូកក្នុងស្រុកនឹងបាត់បង់សមត្ថភាពផ្គត់ផ្គង់នៅលើទីផ្សារជាក់ជាមិនខាន។

បើតាមប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជារូបនេះ ទីផ្សារចិញ្ចឹមជ្រូកនៅក្នុងប្រទេសកម្ពុជានារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺមានភាពល្អប្រសើរច្រើន ពោលគឺកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់មកលើទីផ្សារក្នុងស្រុក។ ជាក់ស្ដែង បច្ចុប្បន្ន ជា​មធ្យម កម្ពុជា មាន​តម្រូវការ​ជ្រូក​រស់​លើ​ទីផ្សារ ប្រមាណ ៨​ពាន់​ក្បាល ក្នុង​មួយ​ថ្ងៃ ខណៈ​កម្ពុជាអាច​ផ្គត់ផ្គង់​ជ្រូក​រស់ ដោយ​ខ្លួនឯងបាន​១០០​ភាគរយ​។ 

បន្ថែមពីនេះ លោក ស្រ៊ុន ពៅ បន្តព្រួយបារម្ភថា បើអាជ្ញាធរមិនបង្ក្រាបការនាំចូលជ្រូករស់ខុសច្បាប់ឱ្យទាន់ពេលវេលានោះទេ អ្នកចិញ្ចឹមក្នុងស្រុកនឹងបាត់បង់ផលប្រយោជន៍ ហើយនឹងមិនអាចប្រកួតប្រជែងជាមួយតម្លៃរបស់ជ្រូកពីក្រៅស្រុកថែមទៀត ខណៈទីផ្សារ​ជ្រូក​រស់នៅ​បន្ត​រក្សា​តម្លៃ ពី ១​ម៉ឺន​១​ពាន់​រៀល ទៅ​១​ម៉ឺន​៣​ពាន់​រៀល ក្នុង​មួយ​គីឡូក្រាម​ដដែល​។

សូមជម្រាបថា ទីផ្សារនាំចូលជ្រូករស់ពីក្រៅប្រទេស ត្រូវបានរដ្ឋាភិបាលកម្ពុជាសម្រេចបន្ធូរការរឹតបន្តឹងនាំចូលឡើងវិញហើយ ដើម្បីឱ្យទីផ្សារសត្វជ្រូកនេះ អាចប្រកួតប្រជែងតម្លៃជាមួយជ្រូកក្នុងស្រុកបាន។ ក្នុងនោះ ក្រសួងសេដ្ឋកិច្ចក៏បានបង្កើតនីតិវិធីដាក់ ដេញ​ថ្លៃជ្រូករស់ពីក្រៅប្រទេស ដើម្បីអាចធានាបាននូវតម្លៃសមរម្យមួយមុននាំចូលមកកម្ពុជា ក៏ដូចជាដើម្បីរក្សាផលប្រយោជន៍អ្នកចិញ្ចឹមក្នុងស្រុកបាន៕  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ