អានតួអត្ថបទ
កម្ពុជា-អាស៊ាន

អាស៊ាន រួមគ្នាសម្រេចលទ្ធផល ៦ចំនុច ដើម្បីធានាពីការផ្តល់ជំនួយមនុស្សធម៌ដល់ភូមា

មាន​លទ្ធផល​ចំនួន ៦ចំនុច ត្រូវបានអាស៊ាន​សម្រេច​ព្រមព្រៀងគ្នា ក្នុងកិច្ចប្រជុំ​ស្តីពីការ​ផ្តល់ជំនួយ​មនុស្សធម៌ និង​ការចាក់វ៉ាក់សាំង​ដល់​ពលរដ្ឋ​ភូមា។ នេះបើតាម​ការ​ឱ្យ​ដឹង​ក្នុង​សន្និសីទកាសែតរបស់​លោក​ឧបនាយករដ្ឋមន្ត្រី​​ ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និង​ជាប្រេសិតពិសេសរបស់ប្រធានអាស៊ានសម្រាប់បញ្ហាភូមា ក្រោយ​បញ្ចប់​កិច្ច​ប្រជុំដោយ​ផ្ទាល់ និងតាមអនឡាញផង ស្តីពីការផ្តល់ជំនួយ​មនុស្សធម៌ដល់ភូមា ដែលបានធ្វើឡើងនៅ​ទីក្រុងភ្នំពេញ នារសៀល​ថ្ងៃសុក្រ ទី ៦ឧសភានេះ។

អាស៊ានសម្រេចព្រមព្រៀងគ្នា ក្នុងកិច្ចប្រជុំស្តីពីការផ្តល់ជំនួយមនុស្សធម៌ និងការចាក់វ៉ាក់សាំងដល់ពលរដ្ឋភូមា
អាស៊ានសម្រេចព្រមព្រៀងគ្នា ក្នុងកិច្ចប្រជុំស្តីពីការផ្តល់ជំនួយមនុស្សធម៌ និងការចាក់វ៉ាក់សាំងដល់ពលរដ្ឋភូមា © mfa.gov
ផ្សាយពាណិជ្ជកម្ម

លទ្ធផល​ចំនួន ៦​ដែលសម្រេច បាន​ក្នុងកិច្ចប្រជុំ​ ដែល​មាន​លោក​ឧបនាយករដ្ឋមន្ត្រី​​ប្រាក់ សុខុន និងលោក លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន ជាអ្នកសម្របសម្រួលជំនួយមនុស្សធម៌របស់អាស៊ានធ្វើជាសហប្រធាន ព្រមទាំងមានការ​ចូលរួម​ពី​តំ​ណាងជាន់ខ្ពស់មកពីប្រទេសជាសមាជិកអាស៊ាន និងអង្គការ​សហប្រជាជាតិផងនោះ បាន​ផ្តោត​សំខាន់​ទៅលើ​ការធានាធ្វើឱ្យ​ជំនួយ​របស់ប្រទេសសមាជិក​អាស៊ាន ប្រទេសអ្នកផ្តល់ជំនួយ​ និង​អង្គការដៃគូនានា បាន​ដឹកជញ្ជូន​ទៅជួយ​ដល់​ពលរដ្ឋភូមាដែលកំពុងរងគ្រោះខ្លាំង។

តាមការ​ប្រកាស​ពីលោក​ប្រាក់ សុខុន ​ក្រុម​ការងារភូមាសម្រាប់ការ​សម្របសម្រួល​មនុស្សធម៌ នឹង​ធ្វើការ​ ដើម្បីធានាថា ជំនួយ​មនុស្សធម៌ នឹង​ចែកចាយ​ដល់​តំបន់​ដែលគ្រប់គ្រងដោយ​អង្គការ​ក្រុម​ប្រដាប់អាវុធ ដោយ​សុវត្ថិភាព។ ក្រុម​ការងារ​នៅក្នុងប្រទេសភូមា នឹងសហការជាមួយ​ភាគីអាស៊ាន និង​អង្គការ​អន្តរជាតិ ដើម្បីកំណត់​ទីតាំង ដឹកជញ្ជួន​ជំនួយ​មនុស្សធម៌អាស៊ាន ដែលពេលនេះ គេ​កំណត់បាន​ ៥រដ្ឋជាចាំបាច់ គឺ រដ្ឋកាយ៉ា កាយីន ម៉ាហ្ក្វេរ សាហ្គៃ និងបាហ្គូ។ ប៉ុន្តែក្នុងចំណោម ៥រដ្ឋនេះ គេនឹង​ពិចារណាផ្តល់អាទិភាពមុន ដល់​តំបន់ចំនួន ​២ ឬ ៣ ដែល​មាន​ជនភៀសខ្លួន​ក្នុងស្រុក និង​សហគមន៍រងគ្រោះច្រើន​ជាងគេ។

ក្រៅពីធានាផ្តល់​សុវត្ថិភាពក្នុងការផ្តល់ជំនួយ​មនុស្សធម៌ដល់ពលរដ្ឋភូមា កិច្ចប្រជុំ ក៏បាន​ពិភាក្សាផងដែរ ចង់ឱ្យមានការ​ផ្សារភ្ជាប់ការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ជាមួយនឹងការចែកចាយ​ជំនួយ​មនុស្សធម៌ដល់ពលរដ្ឋភូមាដែរ។​ លោក ​ប្រាក់ សុខុន ប្រេសិតពិសេសរបស់ប្រធានអាស៊ានសម្រាប់បញ្ហាភូមា អះអាងថា កិច្ចប្រជុំ​នេះ មានការវិវត្តន៍ជឿនលឿន​ទៅមុខ​ច្រើន ក្នុងដំណោះស្រាយ​ភូមា។ ហើយ​លោក​ក៏នឹង​បន្ត​ទៅបំពេញទស្សនកិច្ច​ជាលើកទី ២ នៅក្នុង​ប្រទេសភូមា នាអំឡុងចុងខែឧសភាខាងមុខនេះទៀត។​

សូមបញ្ជាក់ថា បញ្ហាជំនួយ​មនុស្សធម៌ គឺជាចំនុច​យ៉ាងសំខាន់មួយ ក្នុងចំណោមកុងសង់ស៊ីស ៥ចំនុច​ដែល​អាស៊ាន​បានដាក់​លក្ខខណ្ឌជាមួយ​របបសឹក​ភូមា ក្រោយ​រដ្ឋប្រហារ កាលពីខែកុម្ភៈឆ្នាំ ២០២១។ កម្ពុជាក្នុងនាមជាប្រធានអាស៊ានប្តូរវេននៅឆ្នាំ២០២២នេះ បាន​ប្តេជ្ញាដោះស្រាយ​បញ្ហានេះឱ្យបាន។

យោងតាមការ​វាយតម្លៃ​របស់អង្គការ​សហប្រជាជាតិ នៅឆ្នាំនេះ បាន​បង្ហាញថា មាន​ពលរដ្ឋ​ភូមាជាង ១៤លាននាក់ ក្នុងចំណោម​ពលរដ្ឋសរុបប្រមាណ ៥៤លាន​នាក់ កំពុងត្រូវការ​ជំនួយ​មនុស្សធម៌ជាបន្ទាន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ