អានតួអត្ថបទ
កម្ពុជា-អាស៊ាន

លោក ហ៊ុន សែន ចេញពីប្រទេសជិត១សប្តាហ៍ដើម្បីធ្វើជាសហប្រធានកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក

លោកនាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​ដឹកនាំ​គណៈប្រតិភូរបស់​លោក ​ចាកចេញពី​ប្រទេស​កម្ពុជា​ហើយនៅ​ព្រឹកថ្ងៃអង្គារ​ ទី១០​ ខែឧសភា​នេះ ​ដើម្បីទៅ​ចូល​រួមកិច្ច​ប្រជុំកំពូល​ពិសេស​អាស៊ាន-អាមេរិក​ នៅថ្ងៃទី១២ ​និង១៣ ​ឧសភានៅទីក្រុង​វ៉ាស៊ីន​តោន​សហរដ្ឋអាមេរិក។ ​គឺជាកិច្ច​ប្រជុំ​ដែល​ផ្តោត​ទៅលើសារសំខាន់​នៃកិច្ច​សហប្រតិបត្តិការ​រវាង​អាស៊ាន-​អាមេរិក​ លើវិស័យ​ជាច្រើន​ដូចជាការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺកូវីដ-១៩ ​បញ្ហាសេដ្ឋកិច្ច​ សន្តិសុខ​ បំរែបំរួល​អាកាសធាតុ​ និង​ធនធាន​មនុស្ស​ជាដើម។

អាស៊ាន-អាមេរិក
អាស៊ាន-អាមេរិក © សហការី
ផ្សាយពាណិជ្ជកម្ម

សមាជិកគណៈរដ្ឋមន្ត្រីសំខាន់ៗ ដែលត្រូវអមអំណើរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅសហរដ្ឋអាមេរិករួមមាន លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមួយចំនួនទៀត។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរនៅក្នុងហ្វេសប៊ុកផ្លូវការរបស់លោកប៉ុន្មាននាទីក្រោយចាកចេញពីទឹកដីកម្ពុជាថា ក្នុងនាមជាប្រធានអាស៊ាន កម្ពុជាត្រូវធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក និងដើម្បីរំព្ញកខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិកផងដែរ។ ស្ថិតនៅទឹកដីអាមេរិក​ លោកនឹងជួបជាមួយមេដឹកនាំសំខាន់ៗមួយចំនួនព្រមទាំងពលរដ្ឋខ្មែរអាមេរិកាំងដែលរស់នៅទីនោះកំពុងរងចាំទទួលលោក។ នេះបើតាមលោក ហ៊ុន សែន។

កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក អំឡុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន និងជាសហប្រធាននៃកិច្ចប្រជុំនេះ ត្រូវអ្នកវិភាគនយោបាយ និងទំនាក់ទំនងអន្តរជាតិភាគច្រើនមើលឃើញថាមានផលចំណេញច្រើនជាងការប្រឈម ខណៈដែលអាមេរិក និងកម្ពុជាមានរឿងមិនយល់គ្នាជាច្រើន ដូចជាបញ្ហាភូមិសាស្ត្រនយោបាយ មជ្ឈភាពរបស់កម្ពុជារវាងចិន និងអាមេរិក បញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យជាដើម។

ទោះយ៉ាងណា កិច្ចប្រជុំកំពូលនេះ ត្រូវគេជឿជាក់ថានឹងមានការបញ្ជាក់ឡើងវិញផងដែរ នូវការប្តេជ្ញាចិត្តរួមគ្នា ដើម្បីរក្សាមជ្ឈភាព និងឯកភាពអាស៊ាន តាមរយៈយន្តការនានាដែលដឹកនាំដោយអាស៊ាន ក៏ដូចជាការបង្កើនជំនឿ និងទំនុកចិត្តគ្នាទៅវិញទៅមក ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់។ កិច្ចប្រជុំនេះត្រូវគេរំពឹងថា នឹងមានការពិភាក្សាអំពីមធ្យោបាយ និងវិធីសាស្ត្រនានា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើនរួមមាន ការឆ្លើយតបនឹងជំងឺកូវីដ-១៩ សន្តិសុខសុខភាពសកល ការផ្លាស់ប្តូរអាកាសធាតុ ការអភិវឌ្ឍប្រកបដោយចីរភាព កិច្ចសហប្រតិបត្តិការលំហសមុទ្រ ការអភិវឌ្ឍធនធានមនុស្ស អប់រំ និងចំណងទាក់ទងរវាងប្រជាជន និងប្រជាជន ក៏ដូចជាការតភ្ជាប់ និងទំនាក់ទំនងសេដ្ឋកិច្ច។ ថ្នាក់ដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិក ក៏នឹងធ្វើការផ្លាស់ប្តូយោបល់គ្នាផងដែរ អំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងកង្វល់រួម។

សូមរំលឹកថាកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ដែលគ្រោងធ្វើនៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី២៨-២៩ ខែមីនាកន្លងទៅនេះ ត្រូវបានលើកពេលម្តងហើយ ដោយសារតែថ្នាក់ដឹកនាំប្រទេសជាសមាជិកអាស៊ានមួយចំនួនជាប់រវល់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ