អានតួអត្ថបទ
កម្ពុជា-នយោបាយ

ដល់ទឹកដីអាមេរិក៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលទាំងការស្វាគមន៍ ទាំងការរិះគន់តវ៉ា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ានដែលដឹកនាំបណ្តារដ្ឋសមាជិកទៅចូលរួមកិច្ចប្រជុំពិសេសអាស៊ាន-អាមេរិក បានទៅដល់ទីក្រុងវ៉ាស៊ីនតោន ហើយនៅព្រឹកថ្ងៃទី១១ខែឧសភា ម៉ោងនៅកម្ពុជា។ ជាសហប្រធានរៀបចំកិច្ចប្រជុំកំពូលដ៏កម្រមួយនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលការស្វាគមន៍ពីបណ្តាពលរដ្ឋដែលរស់នៅទីនោះ។ តែនៅទន្ទឹមនេះ ក្រុមអ្នកតវ៉ាមួយចំនួនក៏នឹងគ្រោងធ្វើបាតុកម្មនៅមុខក្រសួងការបរទេសអាមេរិក ដើម្បីប្រឆាំងនឹងវត្តមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ 

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទៅដល់ទីក្រុងវ៉ាស៊ីនតោន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទៅដល់ទីក្រុងវ៉ាស៊ីនតោន © FB
ផ្សាយពាណិជ្ជកម្ម

ឈានជើងដល់ទីក្រុងវ៉ាស៊ីនតោនភ្លាម មានពលរដ្ឋមួយចំនួនបាននិងកំពុងរង់ចាំទទួលស្វាគមន៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅមុខសណ្ឋាគារមួយ ដែលលោកស្នាក់នៅ។ តាមសម្រង់ខ្លឹមសារ ដែលផ្សព្វផ្សាយដោយទូរទស្សន៍ជាតិកម្ពុជា មានពលរដ្ឋមួយចំនួនដែលកំពុងរស់នៅសហរដ្ឋអាមេរិក និងខ្លះទៀតមកពីប្រទេសកាណាដា បានមកផ្តុំគ្នាចាំជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ពលរដ្ឋទាំងនោះបានបង្ហាញនូវក្តីរីករាយ ដ្បិតពួកគេបានជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅលើទឹកដីសហរដ្ឋអាមេរិក ដោយផ្ទាល់។

ទោះជាយ៉ាងណា វត្តមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅលើទឹកដីសហរដ្ឋអាមេរិកនាពេលនេះ ក៏រងនូវការរិះគន់តវ៉ាដែរ។ លោក សូ ណារ៉ូ អ្នកតាមដានបញ្ហានយោបាយដែលកំពុងរស់នៅទឹកដីអាមេរិក បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី០៥ឧសភា ដោយអំពាវនាវឲ្យពលរដ្ឋចូលរួមធ្វើបាតុកម្មប្រឆាំងនឹងវត្តមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ជាការធ្វើបាតុកម្មដោយទាមទារឲ្យ លោក ហ៊ុន សែន ដោះលែងអ្នកទោសនយោបាយ ស្តារប្រជាធិបតេយ្យនៅកម្ពុជា និងជាពិសេសមិនត្រូវចងសម្ព័ន្ធភាពដែកថែបជាមួយចិន ហើយមិនត្រូវអនុវត្តនយោបាយការបរទេសប្រាសចាកមាគ៍ាអព្យាក្រឹត្យដោយចាត់ទុអាមេរិកជាសត្រូវជាដាច់ខាត។

ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិបន្ថែមនៅព្រឹកនេះ លោក សូ ណារ៉ូ បានបញ្ជាក់ថា បាតុកម្មនឹងប្តូរទីតាំងពីសេតវិមាន មកធ្វើនៅមុខក្រសួងការបរទេសអាមេរិកវិញតែម្តង ដែលនោះជាទីតាំង ដែលកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ត្រូវរៀបចំ។ លោកបញ្ជាក់បន្ថែមទៀតថា លោកមិនអាចប៉ានស្មានថាមានពលរដ្ឋចំនួនប៉ុន្មាននោះទេ ដែលនឹងចូលរួមបាតុកម្មប្រឆាំងវត្តមានលោក ហ៊ុន សែន នៅពេលនេះ។ ក៏ប៉ុន្តែនៅថ្ងៃទី១៣ឧសភា លោកថា នឹងមានពលរដ្ឋមកពីបណ្តាប្រទេសមួយចំនួនទៀត ចូលរួមជាមួយដែរ។

គួរបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ បានដឹកនាំគណៈប្រតិភូ និងបណ្តារដ្ឋជាសមាជិកអាស៊ានផ្សេងទៀត ទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក តបតាមការអញ្ជើញរបស់លោកប្រធានាធិបតី ចូ បៃឌិន។ ក្នុងកិច្ចប្រជុំនៅថ្ងៃទី១២ និង១៣ ឧសភា អាស៊ាន-អាមេរិក នឹងពិភាក្សាលើប្រធានបទ មានជាអាទិ៍ ការឆ្លើយតបនឹងជំងឺកូវីដ១៩ បញ្ហាសន្តិសុខសុខភាពសកល បម្រែបម្រួលអាកាសធាតុ និងការតភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចរវាងគ្នា។ ជាមួយគ្នានេះ ភាគីទាំងសងខាង ក៏នឹងជជែកគ្នា លើបញ្ហាតំបន់និងអន្តរជាតិ ដែលជាប្រយោជន៍និងកង្វល់រួម។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ