អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុទទួលស្គាល់ ថាមានការប្រព្រឹត្តឆ្គាំឆ្គងកម្រិតបុគ្គល តែមិនមែនកម្រិត ស្ថាប័ន

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នៅថ្ងៃទី១០ខែឧសភាម្សិលមិញ បានចេញ​សេចក្ដីថ្លែងការណ៍រួម ឆ្លើយតបនឹងពាក្យបណ្ដឹងរបស់អង្គការសង្គមស៊ីវិលចំនួនពីរ ដែលបានដាក់ទៅកាន់សាជីវកម្មហិរញ្ញវត្ថុកម្ពុជា (IFC)។ ជាពាក្យបណ្ដឹងលើស្ថាប័នហិរញ្ញវត្ថុចំនួន៦ ជុំវិញការរំលោភសិទ្ធិមនុស្ស និងលក្ខខណ្ឌសាជីវកម្ម។ អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ទទួលស្គាល់ ថាមានការប្រពឹត្តឆ្គាំឆ្គងក្នុងកម្រិតបុគ្គល តែកំហុសនោះមិនធ្ងន់ធ្ងរ ដល់កម្រិតគោលនយោបាយ ឬស្ថាប័ន ដូចអ្វីដែលបានចោទប្រកាន់នោះឡើយ។

រូបតំណាង
រូបតំណាង © សហការី
ផ្សាយពាណិជ្ជកម្ម

បុគ្គលិករបស់គ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារមួយ​ចំនួន ពិតជាត្រូវបានរកឃើញថាបានប្រព្រឹត្តឆ្គាំឆ្គង ទៅលើអតិថិជនពិតមែន។ នេះជាការបញ្ចាក់របស់លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញវត្ថុកម្ពុជា ចំពោះលទ្ធផលនៅក្នុងដំណាក់កាលដំបូង។

ករណីដែលបានរកឃើញ រួមមានបុគ្គលិកមួយចំនួនបានបញ្ចុះបញ្ចូលអតិថិជនឲ្យលក់ដី ឬទៅខ្ចីប្រាក់ពីបុគ្គលដទៃទៀត ដើម្បីសងទៅគ្រឹះស្ថានមីក្រូហរិញ្ញវត្ថុ ឬធនាគារវិញ។ បើតាមអ្នកនាំពាក្យសមាគមមីក្រូហិរញវត្ថុកម្ពុជារូបនេះ យ៉ាងណា វាជាការកំហុសកម្រិតបុគ្គលស្ថាប័ន និងមិនមែនជាកម្រិតគោលនយោបាយ ឬស្ថាប័ននោះទេ។

ជាក់ស្ដែង បើតាមលោក កាំង តុងងី បុគ្គលិកដែលបានប្រព្រឹត្តឆ្គាំឆ្គងនោះ នឹងទទួលរងពិន័យតាមច្បាប់ និងបទបញ្ជាផ្ទៃក្នុង នៅក្នុងស្ថាប័នការងាររបស់ពួកគេ។ បន្ថែមពីនេះ លោក កាំង តុងងី លើកឡើងថា ការចោទប្រកាន់របស់អង្គការសង្គមស៊ីវិល ហាក់បីជាមានភាពធ្ងន់ធ្ងរខ្លាំង ដែលផ្ដល់ផលប៉ះពាល់ដល់វិស័យធនាគារ និង ហិរញ្ញវត្ថុទាំងមូល។ ជាការចោទប្រកាន់ដែលមើលរំលងនូវកិត្យានុភាពនៃការស្ដារសេដ្ឋកិច្ច និងជួយកាត់បន្ថយភាពក្រីក្រ របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនានា រយៈពេល៣០ឆ្នាំកន្លងមក ។

ជាដំណាក់កាលបន្ទាប់ លោក កាំង តុងងីបញ្ជាក់ថា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នឹងតាមដានមើលបន្ថែមទៀត ក្នុងករណីមានទង្វើខុសឆ្គងជាងនេះ រួមទាំងចាត់វិធានការតាមច្បាប់។ ក្រុងប្រឹក្សាភិបាលនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា រួមទាំងស្ថាប័នពាក់ព័ន្ធ នឹងចាត់វិធានការជាបន្តបន្ទាប់ ដើម្បីពង្រឹងការអនុវត្តទៅលើការផ្ដល់ឥណទាន ជាបន្ថែម នៅក្នុងប្រទេសកម្ពុជា។

ដោយឡែក ចំពោះការចោទប្រកាន់ថា ការវិនិយោគ របស់សាជីវកម្មហិរញ្ញវត្ថុកម្ពុជា (IFC) ថាបានផ្ដល់ផលប៉ះពាល់ដល់ប្រជាជនកម្ពុជានោះ លោក កាំង តុងងី​ លើកឡើងថា មិនថាគ្មានពាក្យបណ្ដឹងក្ដី សាជីវកម្មហិរញ្ញវត្ថុកម្ពុជា (IFC)ផ្ទាល់ មានយន្តការជាប្រចាំក្នុងការវាយតម្លៃផលប៉ះពាល់នៃការវិនិយោគ ទៅកាន់គ្រឹះស្ថានអន្តរជាតិ ឬប្រទេស តាមស្តង់ដារអន្តរជាតិជានិច្ច។

នៅក្នុងកិច្ចការពារអតិថិជន អ្នកនាំពាក្យសមាគមមីក្រូហិរញវត្ថុកម្ពុជារូបនេះ ក៏បានអំពាវនាវឲ្យមានការផ្ដល់ព័ត៌មានផ្ទាល់ដល់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ​ ដើម្បីងាយស្រួលដល់ការចាត់វិធានការជាក់លាក់ ចំពោះសកម្មភាពរំលោភបំពានផ្សេងៗ ដែលអាចកើតមានឡើង។

ចំពោះអតិថិជនធនាគារ និងមីក្រូហិរញ្ញវត្ថុ ដែលជួបផលលំបាក គប្បីជជែកជាមួយមន្រ្តីមូលដ្ឋាន ឬ ប្រធានស្ថាប័ន ដើម្បីរិះរកដំណោះស្រាយ។

គួរបញ្ជាក់ផងដែរថា បើតាមអង្គការលីកាដូ បច្ចុប្បន្ន ប្រជាពលរដ្ឋ​កម្ពុជា​ជាប់​ជំពាក់​កម្ចី​ឥណទាន​ច្រើន​ជាង​គេ​នៅ​ក្នុង​ពិភពលោក ។ ប្រជាពលរដ្ឋ​ចំនួន ៩៥% មានប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ តិច​ជាង​ចំនួន​កម្ចី​គិត​ជា​មធ្យម​នេះ​ទៅទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ