អានតួអត្ថបទ
កម្ពុជា-ទំនាក់ទំនងការទូត

អនុរដ្ឋមន្ត្រីការបរទេសអាមេរិក បង្ហាញក្តីបារម្ភពីវត្តមានទ័ពចិននៅកំពង់ផែរាមជាថ្មី តែលោក ហ៊ុន សែន បដិសេធ

លោកស្រី Wendy Sherman អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ក្នុងអំឡុងជំនួបជាមួយប្រមុខការទូតកម្ពុជា បានបង្ហាញក្តីកង្វល់ខ្លួនជាថ្មី ចំពោះវត្តមានកងទ័ពចិននិងការអភិវឌ្ឍនៃតំបន់កំពង់ផែរាម ដែលជះឥទ្ធិពលដល់បញ្ហាសន្តិសុខក្នុងតំបន់។ តែបញ្ហាវត្តមានទ័ពចិននៅតំបន់កំពង់ផែរាម ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បដិសេធការចោទប្រកាន់ជាថ្មី។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងជំនួបជាមួយ លោកស្រី Tammy Duckworth សមាជិកព្រឹទ្ធសភាអាមេរិក
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងជំនួបជាមួយ លោកស្រី Tammy Duckworth សមាជិកព្រឹទ្ធសភាអាមេរិក © FB/SPM
ផ្សាយពាណិជ្ជកម្ម

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសអាមេរិកនៅថ្ងៃពុធទី១១ ក្នុងជំនួបរវាងលោកស្រី Wendy Sherman ជាមួយលោក ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា បានជជែកគ្នាពីការគាំទ្ររបស់អាមេរិក ចំពោះកម្ពុជាក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ។ ក្នុងនោះភាគីអាមេរិកក៏មិនភ្លេចដែល ក្នុងការសម្តែងកង្វល់ខ្លួនជាថ្មីប្រាប់ដល់ប្រមុខការទូតកម្ពុជា អំពីវត្តមានយោធាចិននៅតំបន់កំពង់ផែរាម។ លោកស្រី Wendy Sherman បានគូសបញ្ជាក់ជាថ្មីអំពីក្តីបារម្ភរបស់អាមេរិក នៃវត្តមានកងទ័ពចិន និងការអភិវឌ្ឍកំពង់ផែរាមនាពេលបច្ចុប្បន្ន ដែលនឹងជះឥទ្ធិពលដល់សន្តិសុខក្នុងតំបន់។

ទោះយ៉ាងណា បញ្ហាមិនអស់មិនហើយនៃកំពង់ផែរាម ក៏ធ្វើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញមកបញ្ជាក់ជាថ្មី នាអំឡុងពេលដែលលោកកំពុងចូលរួមធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំអាស៊ាន-អាមេរិក។ ក្នុងជំនួបជាមួយលោកស្រី Tammy Duckworth ដែលជាសមាជិកព្រឹទ្ធសភាអាមេរិក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ជាថ្មីថា កំពង់ផែរាម គឺជាការអភិវឌ្ឍ ដើម្បីពង្រឹងសមត្ថភាពវិស័យការពារជាតិរបស់កម្ពុជា មិនមែនបម្រើឱ្យទ័ពបរទេសណាមួយនោះឡើយ។

បើតាមលោកនាយករដ្ឋមន្ត្រី កម្ពុជាមិនត្រូវការកងទ័ពបរទេសនៅលើទឹកដីរបស់ខ្លួនឡើយ។ មិនថាកងទ័ពចិន ឬកងទ័ពប្រទេសណាក៏ដោយ។ លោក ហ៊ុន សែន បញ្ជាក់ថា បច្ចុប្បន្នកំពង់ផែខេត្តព្រះសីហនុ បានស្វាគមន៍នាវាចិន អាមេរិក ជប៉ុន ឥណ្ឌា និងអូស្ត្រាលី ដែលចូលចតនៅផែរបស់កម្ពុជា ដោយមិនមានការរើសអើងនោះឡើយ។

សូមរំលឹកថា កម្ពុជាក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ បាននិងកំពុងដឹកនាំប្រតិភូនិងបណ្តារដ្ឋជាសមាជិក ទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅថ្ងៃទី១២និងទី១៣ឧសភា។ ទៅដល់ទឹកដីអាមេរិក កាលពីម្សិលមិញ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានជួបជជែកជាមួយពលរដ្ឋខ្មែរដែលរស់នៅទីនោះ។ ហើយលើសពីនេះ ក៏បានជួបជាមួយមន្ត្រីជាន់ខ្ពស់អាមេរិកមួយចំនួន ដើម្បីផ្តោះផ្តងយោបល់ និងការងារ មុននឹងកិច្ចប្រជុំកំពូលចាប់ផ្តើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ