អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ប្ដេជ្ញាផ្តល់ហិរញ្ញប្បទានជាង៣០០លានអឺរ៉ូ ដល់កម្ពុជា សម្រាប់ការអនុវត្តគម្រោងឆ្នាំ២០២២-២០២៤

តាមរយៈការព្រមព្រៀងរវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជា ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឈ (AFD) សន្យាផ្ដល់ទឹកប្រាក់ចំនួន៣០០លានអឺរ៉ូ ស្មើជាង៣១៥លានដុល្លារ សម្រាប់ការអនុវត្តគម្រោង ឆ្នាំ២០២២-២០២៤ ក្នុងប្រទេសកម្ពុជា ។ ការសន្យាផ្តល់ហិរញ្ញប្បទានជាង៣០០លានអឺរ៉ូនេះ ធ្វើឡើង ក្នុងឱកាសកិច្ចពិភាក្សាកម្រិតនយោបាយលើកទី៥រវាងកម្ពុជានិងបារាំង កាលពីថ្ងៃទី៩ខែឧសភាកន្លងទៅ។

កិច្ចពិភាក្សាកម្រិតនយោបាយលើកទី៥រវាងកម្ពុជានិងបារាំង
កិច្ចពិភាក្សាកម្រិតនយោបាយលើកទី៥រវាងកម្ពុជានិងបារាំង © FB
ផ្សាយពាណិជ្ជកម្ម

ទឹកប្រាក់ជាង៣០០លានអឺរ៉ូ ឬស្មើជាង៣១៥លានដុល្លារ ត្រូវបានទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)សន្យាផ្ដល់កម្ពុជា ក្នុងការអនុវត្តគម្រោងនានា ចាប់ពីឆ្នាំ២០២២ដល់ឆ្នាំ២០២៤។ ការប្ដេជ្ញាផ្ដល់ហិរញ្ញប្បទានរបស់AFD ធ្វើឡើងក្នុងឱកាសកិច្ចពិភាក្សា​កម្រិតគោលនយោបាយលើកទី៥ រវាងបារាំងនិងកម្ពុជា​ កាល​ពីថ្ងៃទី០៩ខែឧសភាឆ្នាំ២០២២កន្លងទៅ ដើម្បីពិនិត្យអំពីអាទិភាពនិងកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តនានា។

គម្រោង ដែលត្រូវបានផ្តល់អាទិភាពរួមមាន គម្រោងលើវិស័យទឹក និង​អនាម័យ ​ កសិកម្ម ការគ្រប់គ្រងធនធានទឹក ថាមពល និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្នុងកិច្ចពិភាក្សាកម្រិតគោលនយោបាយលើកទី៥ រវាងបារាំង និងកម្ពុជា ទីភ្នាក់ងារAFD  គូសបញ្ជាក់ពីការផ្ដោតសំខាន់លើ កម្ពុជាប្រកបដោយបរិយាប័ន្ន និងចីរភាព តាមរយៈទាំងហិរញ្ញប្បទានឥតសំណងប្រចាំឆ្នាំជាង១០០លានអឺរ៉ូ។ ពោលគឺ ការកសាងហេដ្ឋារចនា​សម្ព័ន្ធ​មានគុណភាព ការពង្រឹងភាពធន់របស់ដីទៅនឹងការ​ប្រែប្រួល​អាកាសធាតុ។

លោកស្រី អូហ្វេលី បួរីស នាយិកា AFDប្រចាំកម្ពុជាបានថ្លែងថា ទីភ្នាក់ងារ AFD កំពុងឆ្លើយតបទៅនឹងតម្រូវការរបស់​រាជរដ្ឋាភិបាលកម្ពុជា ដោយដាក់បញ្ចូលការយកចិត្តទុកដាក់អំពីអាកាសធាតុនៅក្នុងយុទ្ធសាស្ត្ររួម តាមរយៈគម្រោង៧៥%ដែលមានអត្ថប្រយោជន៍ដល់អាកាសធាតុ។ 

ជាក់ស្ដែង នៅសប្ដាហ៍នេះ ទីភ្នាក់ងារ AFD បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយស្តីពីហិរញ្ញប្បទានឥតសំណងដែលមានគោលដៅកែលម្អគុណភាពខ្យល់ជាមួយក្រសួងបរិស្ថាន និងក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា។ ជាគម្រោង ក្នុងកម្រិតអាស៊ាន ដែលស្មើនឹងហិរញ្ញប្បទានឥតសំណងចំនួន៥,៥លានអឺរ៉ូ ដែលរួមចំណែកបង្កើនការផ្សព្វផ្សាយ ការយល់ដឹងពីគុណភាពខ្យល់ ក្នុងប្រទេសអាស៊ាន និងពង្រឹងសមត្ថភាពនៅតាមមូលដ្ឋាន។ លើសពីនេះ គម្រោងនេះក៏រួមចំណែកក្នុងការរៀបចំគម្រោង កម្មវិធី ឬកម្ចីសាធារណៈនានា ក្នុងន័យការកាត់បន្ថយការបំពុលបរិយាកាស។ 

គួរបញ្ចាក់ថា ទីភ្នាក់ងារ AFD បំពេញការងារ​លើគម្រោងចំនួនជាង៤០០០គម្រោង នៅក្នុង១១៥ប្រទេស លើបញ្ហាអាកាសធាតុ សន្តិភាព សម​ភាព​យេនឌ័រ អប់រំនិងសុខាភិបាល ក្នុងគោលបំណងសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព សម្រាប់ពិភពរួមគ្នាមួយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ