អានតួអត្ថបទ
កម្ពុជា-ទំនាក់ទំនងការទូត

សមាជិកព្រឹទ្ធសភា៤រូប ក្រើនរំលឹកពីការអនុវត្តកិច្ចព្រមពៀងទីក្រុងប៉ារីស ស្របពេលលោក ហ៊ុន សែន កំពុងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក

សមាជិកព្រឹទ្ធសភាចំនួន៤រូប មកពីបណ្តារដ្ឋខុសៗគ្នា បានរួមគ្នាចេញនូវសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី១២ឧសភា ដោយរំលឹកកម្ពុជាឲ្យគោរពនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលសកម្មភាពរដ្ឋាភិបាលបច្ចុប្បន្នកំពុងតែដើរផ្ទុយ។ ការរំលឹកពីការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ គឺស្របពេលដែល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នាទីក្រុងវ៉ាស៊ីនតោន។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រតិកម្មទៅនឹងសេចក្តីថ្លែងការណ៍របស់សមាជិកព្រឹទ្ធសភាទាំង៤រូបនោះ ថាមិនបានឆ្លុះបញ្ចាំងពីតថភាពជាក់ស្តែងនៅកម្ពុជា។

សមាជិកព្រឹទ្ធសភាចំនួន៤រូប មកពីបណ្តារដ្ឋខុសៗគ្នា បានរួមគ្នាចេញនូវសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី១២ឧសភា ដោយរំលឹកកម្ពុជាឲ្យគោរពនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលសកម្មភាពរដ្ឋាភិបាលបច្ចុប្បន្នកំពុងតែដើរផ្ទុយ
សមាជិកព្រឹទ្ធសភាចំនួន៤រូប មកពីបណ្តារដ្ឋខុសៗគ្នា បានរួមគ្នាចេញនូវសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី១២ឧសភា ដោយរំលឹកកម្ពុជាឲ្យគោរពនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលសកម្មភាពរដ្ឋាភិបាលបច្ចុប្បន្នកំពុងតែដើរផ្ទុយ AP - Susan Walsh
ផ្សាយពាណិជ្ជកម្ម

ក្នុងខ្លឹមសាររំលេចអំពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក Edward J. Markey សមាជិក​ព្រឹទ្ធសភា​តំណាង​រដ្ឋ Massachusetts​ និងជាប្រធានអនុគណៈកម្មាធិការអាស៊ីបូព៌ា នៃគណៈកម្មាធិការទំនាក់ទំនងការបរទេសព្រឹទ្ធសភា បានបញ្ជាក់ថា ព្រឹទ្ធសភា​​អាមេរិក កាលពីថ្ងៃទី១១ ​បាន​ផ្ញើ​សារ​យ៉ាង​ច្បាស់​មិន​អាច​ប្រកែក​បាន​ ទៅ​កាន់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន ​​ថា រដ្ឋាភិបាល​របស់​លោក​ដាច់ខាត​ត្រូវ​សម្រេចឲ្យបាន ​តាម​ការ​សន្យា​លើបញ្ហា​ប្រជាធិបតេយ្យ​ ស្របទៅតាម​កិច្ចព្រមព្រៀង​សន្តិភាពទីក្រុង​ប៉ារីស។

បើតាមសមាជិកព្រឹទ្ធសភាមកពីរដ្ឋ Massachusetts រូបនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា បានបរាជ័យក្នុងការអនុវត្តគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក៏ដូចជារដ្ឋធម្មនុញ្ញកម្ពុជា ដែល​ផ្តល់​មូលដ្ឋាន​សម្រាប់​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ បញ្ហាសិទ្ធិមនុស្ស និង​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​អព្យាក្រឹតភាព។

រីឯលោក Jim Risch សមាជិកព្រឹទ្ធសភាមកពីរដ្ឋ Idaho បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ដដែលនោះថា រដ្ឋាភិបាលកម្ពុជានៅតែបន្តរំលោភសិទ្ធិមនុស្សដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ព្រមទាំងអនុញ្ញាតឱ្យយោធាចិនមានវត្តមាននៅកម្ពុជា ទោះបីជាមានការប្តេជ្ញាចិត្តនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសកាលពី ៣០ ឆ្នាំមុនក៏ដោយ។

ដោយឡែកលោក Miit Romney សមាជិកព្រឹទ្ធសភាមកពីរដ្ឋ Utah និងលោក Bob Menendez សមាជិកព្រឹទ្ធសភាមកពីរដ្ឋ New Jersey បានសាទរចំពោះការអនុម័តរបស់ព្រឹទ្ធសភា ទៅលើដំណោះស្រាយនិងការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះពលរដ្ឋកម្ពុជា ក្នុងការស្វែងរកសន្តិភាព វិបុលភាព និងអភិបាលកិច្ច តាមលទ្ធិប្រជាធិបតេយ្យ ក្នុងរយៈពេលសាមសិបឆ្នាំចុងក្រោយនេះ។

ជាការឆ្លើយតប លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បញ្ជាក់ថា អ្វីជាការលើកឡើងរបស់សមាជិកព្រឹទ្ធសភាទាំង៤រូប គឺមិនបានផ្សារភ្ជាប់ទៅនឹងការពិតជាក់ស្តែងនៅកម្ពុជានោះទេ។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់ថា ចាប់តាំងពីកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស កម្ពុជាបានអនុវត្តរាប់ចាប់តាំងពីការបោះឆ្នោតចំនួន៦អាណត្តិ ទើបកម្ពុជារក្សាបានតម្លៃប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេស។

រីឯបញ្ហាដាក់ទណ្ឌកម្មបន្ថែម តាមរយៈច្បាប់ស្តីពីប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជា លោក សុខ ឥសាន ឆ្លើយតបថា ជាការយល់ឃើញរបស់សមាជិកព្រឹទ្ធសភាទាំង៤រូបនោះ ដែលចង់ប្រើប្រាសអំណាច ធ្វើបាបប្រទេសតូចតាច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ