អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

លទ្ធផល​ជំនួប អាស៊ាន-អាមេរិក៖ភាគី​ពាក់ព័ន្ធ​ប្តេជ្ញា​ជំរុញ​កំណើន​សេដ្ឋកិច្ច តែ​ហាក់​បំភ្លេច​រឿង​ប្រជាធិប​តេយ្យ

ការប្តេជ្ញាចិត្ត​ជំរុញ​កំណើន​សេដ្ឋកិច្ច​រវាង​បណ្តា​ប្រទេស​តំបន់​អាស៊ាន និង​អាមេរិក រួម​ទាំង​បញ្ហា​សន្តិសុខ​តំបន់​គឺជា​អ្វី​ដែល​ប្រទេស​មហាអំណាច និង​សមាជិក​អាស៊ាន ប្តេជ្ញារួមគ្នា​ធ្វើឲ្យ​បាន​នៅពេល​ខាងមុខ។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍រួម ​ស្តីពីកិច្ចប្រជុំ​កំពូលអាស៊ាន-អាមេរិក ​​ដែល​ធ្វើឡើងជាលើកដំបូង​នៅ​ទីក្រុង​វ៉ាស៊ីតោន ដែល​បិទ​បញ្ចប់​នៅ​ថ្ងៃសុក្រ។ បើតាម​សេចក្តី​ការណ៍​ដដែលនេះ បញ្ហា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ​ហាក់​ត្រូវបាន​គេ​បំភ្លេច​ចោល ដោយ​ផ្តោត​តែទៅលើ​ការពង្រឹង​ចំណង​សេដ្ឋកិច្ច និង​ការ​ត​ភ្ជាប់​រវាងប្រជាជន និង​ប្រជាជន ការ​អភិវឌ្ឍន៍​ក្នុង​តំបន់ ការ​ប្រើប្រាស់​បច្ចេក​វិទ្យា ការ​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ និង​ការ​រក្សាសន្តិភាព​ជាដើម។ 

ជំនួបរវាងភាគីអាស៊ាននិងអាមេរិក
ជំនួបរវាងភាគីអាស៊ាននិងអាមេរិក © FN
ផ្សាយពាណិជ្ជកម្ម

ក្នុង​សេចក្តីថ្លែង​ការណ៍​ចំនួន​៩​ទំព័រ​ដែល​ត្រូវបាន​គេ​បក​ប្រែ​ក្រៅ​ផ្លូវការ​ជា​សាភាខ្មែរ ប្រទេស​សមាជិកអាស៊ាន និង​សហរដ្ឋ​អាមេរិក បាន​ប្តេជ្ញាចិត្ត ដោយ​ឯកភាព​គ្នា​ចំនួន​២៨​ចំណុច​សំខាន់ៗ។ ចំណុចទាំង​នោះ​គឺ​ប្រទេស​មហាអំណាច​មួយ​នេះ និង​សមាជិក​អាស៊ាន​ផ្តោត​សំខាន់​តែ​ទៅ​លើ​ការ​ជំរុញកំណើន​សេដ្ឋកិច្ច​ក្រោយ​ពី​វិបត្តិ​កូវីដ១៩ តាមរយៈ​ការ​ពង្រឹង​ចំណង​សេដ្ឋកិច្ច និង​ការ​តភ្ជាប់​រវាង​ប្រជាជន និង​ប្រជាជន ការ​គាំទ្រ​ការ​អភិវឌ្ឍន៍​ក្នុង​តំបន់ ការប្រើប្រាស់​បច្ចេក​វិទ្យា ការ​ដោះស្រាយ​បញ្ហាប្រែ​ប្រួល​អាកាស​ធាតុ និង​ការ​រក្សា​សន្តិភាព​ជាដើម។

ចំណែក​បញ្ហា​នយោបាយ និង​ប្រជាធិបយ្យ គឺ​មាន​ការ​លើកឡើង​តិចតួច​បំផុត​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​នេះ។ ករណី​ជម្លោះ​នយោបាយ​អូសបន្លាយ​នៅ​ភូមា ប្រទេស​អាស៊ាន និង​សហរដ្ឋ​អាមេរិក​គ្រាន់​តែ​រំឭក​ឡើង​វិញ​ឲ្យ​រដ្ឋ​អំណាច​យោធា​ភូមា អនុត្តន៍​គោលការណ៍​៥​ចំណុច​ដែល​ដាក់ចេញ​ជា​យូរ​មក​ហើយ​នោះ​ឲ្យ​បាន​ពេញលេញ ខណៈ​ពួកគេ​កំពុង​តែ​តាមដាន និង​សំដែង​ក្តីបារម្ភ។

ដោយ​មិនមាន​ចេញ​ជា​វិធានការ​អ្វីថ្មី សេចក្តី​ថ្លែងការណ៍​រួមនេះ គឺ​គ្រាន់​តែ​អះអាង​ជា​ថ្មី​ នូវការ​ប្តេជ្ញា​ចិត្តចំពោះ​សន្តិភាព និង​ស្ថេរភាព​ក្នុងតំ​បន់ ហើយ​អំពាវនាវ​ឲ្យ​របប​សឹក​ភូមា​បញ្ឈប់​ហិង្សា​ជា​បន្ទាន់ និង​ដោះលែង​អ្នកទោស​នយោបាយ។

រីឯ​បញ្ហា​ប្រទេស​អ៊ុយក្រែន​វិញ សមាជិក​អាស៊ាន និង​អាមេរិក ក៏​មិន​បាន​ថ្កោល​ប្រទេស​រុស្ស៊ី​ដែល​ឈ្លាននោះ​ឡើយ គឺ​គ្រាន់​តែ​អះអាង​ថា​ជាថ្មី នូវ​ការ​គោរព​អធិបតេយ្យ និងបូរណភាព​ទឹក​ដី ហើយ​រំឭកឡើងវិញ​ឲ្យ​បញ្ឈប់​អំពើ​ប្រទូស្តរាយ​ជា​បន្ទាន់។

នៅក្នុង​សេចក្តី​ប្រកាស​រួម​ទាំង​២៨​ចំណុចនេះ​ ក៏​មាន​និយាយ​ផងដែរ ពី​បញ្ហា​សមុទ្រចិន​ខាងត្បូង​ និងការ​រង​ចាំ​ការ​មើល​ការ​ចេញ​នូវ​ក្រមប្រតិបត្តិ(COC)​។

ជាមួយគ្នានេះ ប្រទេស​សមាជិក អាស៊ាន និងអាមេរិក អះអាងថា​ជាថ្មី នូវកិច្ច​ខិតខំប្រឹង​ប្រែង​រក្សា​តំបន់អាស៊ី-អាគ្នេយ៍ មិន​ឲ្យ​មាន​អាវុធ​នុយ​ក្លេអ៊ែរ និង​អាវុធ​ប្រល័យ​លោក​ដទៃទៀត ខណៈ​ភាគី​ពាក់ព័ន្ធ​បានប្តេជ្ញាចិត្ត​ជា​ថ្មី​នូវ​ការ​រំសាយ​ទាំង​ស្រុង​អាវុធ​នុយ​ក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ