អានតួអត្ថបទ
កម្ពុជា-នយោបាយ

ករណីគប់ស្បែកជើង៖ លោក ហ៊ុន សែន ទុកឲ្យអាមេរិកជាអ្នកអនុវត្តន៍ទៅតាមច្បាប់របស់ខ្លួន

ជាថ្មីម្តងទៀត​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានបញ្ជាក់ថា ករណីគប់​ស្បែក​សំដៅទៅរូបលោកនៅឯសហរដ្ឋអាមេរិក គឺលោកមិនស្នើឲ្យអាមេរិក​ចាត់​វិធានការនោះទេ ប៉ុន្តែថាលោកទុកឲ្យ​សហរដ្ឋអាមេរិក​គិតគូរទៅតាមច្បាប់​របស់​ខ្លួន។ ជាមួយគ្នានោះលោកប្រមុខរដ្ឋាភិបាល​កម្ពុជាអះអាងថា មានកម្លាំង៣ក្រុម​នៅទីក្រុងភ្នំពេញ ចង់ធ្វើ​បាតុកម្ម​នៅមុខ​ស្ថានទូតអាមេរិកទាមទារឲ្យប្រទេសប្រជាធិបតេយ្យមួយនេះ ចេញមុខទទួលខុសត្រូវលើ​ព្រឹត្តិការណ៍គប់​ស្បែកជើងនោះ តែលោក ហ៊ុន សែន អះអាងថាលោក​បានហាមឃាត់ ព្រោះខ្លាចមានហិង្សាដូចករណីវាយតំណាងរាស្ត្រមុខ​រដ្ឋសភា។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន © សហការី
ផ្សាយពាណិជ្ជកម្ម

ដោយប្រើពេលច្រើននាទីលើការរំឮកឡើងវិញនៃហេតុការណ៍គប់​ស្បែកនោះ នៅក្នុងពិធីសំ​ណេះសំណាលជាមួយក្រុមគ្រូពេទ្យប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ លោក​ប្រមុខរដ្ឋាភិបាល​បានថ្លែងថាលោកទ្រាំមិននិយាយពីករណីនេះជាច្រើនថ្ងៃមកហើយ ដើម្បីរងចាំមើលសេចក្តី​ថ្លែងការណ៍ពីមជ្ឈដ្ឋាននានា។ ប៉ុន្តែលោកអះអាងថា លោកមិនស្នើ​ឲ្យអាមេរិក​ចាត់​វិធានការបែបណាទៅ​លើ​បុគ្គល​ដែល​គប់​ស្បែកសំដៅមកលើរូបលោក​ដែលកើត​ឡើង​នៅទីក្រុង​វ៉ាស៊ីតោននោះឡើយ។ ផ្ទុយ​មកវិញ​លោក ហ៊ុន សែន បានចោទសួរទៅកាន់​សហរដ្ឋអាមេរិកថា ប្រសិនបើអាមេរិក​ចាត់​ទុក​ករណី​នេះថា ជា​សេរីភាព​បញ្ចេញមតិ លោកព្រ​មានថា ករណីដូចគ្នានេះអាចនឹងកើតមានឡើងនៅប្រទេសដទៃទៀត រួមទាំងកម្ពុជា នៅពេលខាងមុខ​។

បើតាមលោកនាយករដ្ឋមន្ត្រី គឺអ្នកគាំទ្រគណបក្សកាន់អំណាចកំពុងតែមាន​កំហឹង​លើ​ករណីនេះ ហើយ​មាន​កម្លាំង​៣ក្រុម​ស្នើសុំលោកធ្វើ​បាតុកម្ម​នៅមុខ​ស្ថានទូត​អាមេរិកក្នុង​ទីក្រុង​ភ្នំពេញ​ដើម្បី​ឲ្យ​ប្រទេស​ប្រជាធិបតេយ្យមួយនេះ ចេញមុខទទួល​ខុសត្រូវ​លើករណី​គប់​ស្បែក​ជើងនោះ។ ប៉ុន្តែ​លោក ហ៊ុន សែន ថ្លែងថា លោកបានហាមឃាត់មិនឲ្យមានការធ្វើបាតុកម្មតបតវិញឡើយ ពីព្រោះលោកបារម្ភ​ខ្លាច​មាន​អំពើហិង្សា​កើតឡើង​ដូចករណី​បាតុកម្មប្រឆាំង លោក កឹម សុខា នៅមុខរដ្ឋសភា ដែលឈានដល់វាយ​តំណាងរាស្ត្រ២រូបរបួសធ្ងន់។

សម្រាប់ លោក ហ៊ុន សែន ករណីគប់ស្បែកនេះគឺមិនមែនលើកទី១ឡើយ​ទៅ​មេដឹកនាំ​សូម្បីតែលោក ចច ប៊ូស អតីតប្រធាននាធិបតីអាមេរិកក៏ធ្លាប់ត្រូវបានអ្នកកាសែត​គប់​ដោះស្បែងជើងចំនួន២ដង​តែមិនត្រូវ ខណៈលោកថ្លែងសារនៅប្រទេសអ៊ីរ៉ាក់។ កាលពីឆ្នាំមុន លោក ម៉ាក្រុង ប្រធានាធិបតី​បារាំង​ក៏ត្រូវបានគេទះកម្លៀងដែរនៅពេលលោកចុះជួបអ្នកគាំទ្រ។

បើតាមលោក ហ៊ុន សែន ប្រសិនបើសហរដ្ឋអាមេរិក​ដាក់ទោសអ្នកដែលគប់​ស្បែក​ជើង​នោះ នាំឲ្យលោកបារម្ភថា ក្រោយអនុវត្តន៍ទោស អាមេរិកនឹងបញ្ជូនជននោះមកកម្ពុជា ហើយ​បង្កើតជាក្តី​បារម្ភ​បន្ថែមទៀតដល់​សន្តិសុខ​ទៅវិញទេ។ បារម្ភពីសន្តិសុខក៏កើតមានផងដែរ សម្រាប់​មេដឹកនាំបក្សប្រឆាំងនៅក្នុង​ស្រុក ក្រោយ​ករណី​គប់​ស្បែកជើងនេះកើតឡើង។ នេះបើតាមលោកប្រមុខ​រដ្ឋាភិបាល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ