អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

រដ្ឋាភិបាលនិងនិងវិស័យឯកជនទម្លាក់លុយ១៥០លានដុល្លារស្ដារវិស័យទេសចរណ៍

ក្រសួងសេដ្ឋកិច្ច​និង​គ្រឹះស្ថានហិរញ្ញវត្ថុ​ទម្លាក់​លុយ​១៥០លាន​ដុល្លារ​ស្ដារ​វិស័យ​ទេសចរណ៍កម្ពុជា​ឡើងវិញ​នៅចំពោះ​មុខ​ភាព​ខូចខាត​ដែល​បន្សល់​ទុក​ពី​វិបត្តិកូវីដ១៩។ បើតាម​ភាគី​ទាំង​ពីរ នេះ​ជា​ជំហ៊ាន​ទី៣​ដែល​បាន​ដាក់ចេញ​ដើម្បី​សង្គ្រោះ​វិស័យ​ទេសចរណ៍​បន្ទាប់ពី​ជំហានទី១ កម្មវិធី​សហហិរញ្ញប្បទាន​បាន​ទម្លាក់​លុយ​១០០​លានដុល្លារ និង​ជំហានទី២​ទម្លាក់​លុយ​២៤០​លាន​ដុល្លារ។ ហេតុដែល​នាំ​ឲ្យរដ្ឋ​និង​វិស័យឯកជន​បន្ត​ទម្លាក់​លុយ​ដើម្បីសង្គ្រោះ​វិស័យ​ទេសចរណ៍ ដោយសារ​ប្រជាពលរដ្ឋ​រាប់សិប​ម៉ឺននាក់ កំពុង​បាត់បង់​ការងារ និង​គ្មាន​ប្រាក់​ចំណូល។

វិស័យទេសចរណ៍ (រូបតំណាង)
វិស័យទេសចរណ៍ (រូបតំណាង) © សហការី
ផ្សាយពាណិជ្ជកម្ម

ការ​ប្រកាស​ដាក់​ចេញ​កញ្ចប់​ថវិកា​១៥០​លានដុល្លារ​ស្ដារ​វិស័យ​ទេសចរណ៍ ធ្វើ​ឡើង​ក្រោម​វត្តមាន​លោកឧបនាយក​រដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច​និង​ជាប្រធាន​គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍន៍ទេសចរណ៍ នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែ​ឧសភា។ លោករដ្ឋមន្ត្រី​បាន​គូស​បញ្ជាក់​ថា  គម្រោង​សហ​ហិរញ្ញប្បទាន ស្តារវិស័យ​ទេសចរណ៍ ដែល​មាន​ទឹក​ប្រាក់​សរុប​ចំនួន​១៥០លាន​ដុល្លារ​អាមេរិក​នេះ កើត​ចេញ​ពី​ថវិកា​បដិភាគ​របស់រដ្ឋាភិបាល​ចំនួន​៧៥​លាន​ដុល្លារ តាមរយៈ​ធនាគារ​សហគ្រាស​ធុនតូច និង​មធ្យម​កម្ពុជា និង​ថវិកា​បដិភាគ​របស់គ្រឹះស្ថាន​ហិរញ្ញវត្ថុ ចូលរួម (PFIs) ចំនួន​៧៥​លាន​ដុល្លារ​អាមេរិក។

បើតាម​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច សហគ្រាស​ក្នុង​វិស័យ​ទេសចរណ៍​ដែល​រងផល​ប៉ះពាល់​ពី​វិបត្តិ​នៃ​ជំងឺ​កូវីដ១៩ អាច​ស្នើ​សុំ​ឥណទាន​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​ជា​ដៃគូ​របស់ SME Bank ក្នុង​អត្រាការ​ប្រាក់​សម្បទាន​ដោយ​ខ្ចីបាន​ខ្ពស់​បំផុត​រហូត​ដល់​៤០​ម៉ឺន​ដុល្លារ ក្នុង​រយៈ​៧​ឆ្នាំ​ជាមួយ​នឹង​អត្រាការ​ប្រាក់​៦.៥ ក្នុង​មួយ​ឆ្នាំ។

ថវិកា​ទាំង​១៥០លានដុល្លារ​ក្នុង​គម្រោង​សហហិរញ្ញប្បទាន​ស្តារ​វិស័យ​ទេសចរណ៍ គឺផ្តោត​សំខាន់ ចំពោះ​តែ​វិស័យ​ទេសចរណ៍​ទេ ព្រោះ​វិស័យ​នេះ​ជា​សសរស្តម្ភ​មួយ​យ៉ាង​សំខាន់​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា។

ថ្លែង​នៅ​ក្នុង​កម្មវិធី​ប្រកាស​ដាក់​ដំណើរការ​ជាផ្លូវការ «គម្រោង​សហហិរញ្ញប្បទាន ស្ដារ​វិស័យ​ទេសចរណ៍»កាលពីថ្ងៃ​ទី​១៧​ឧសភា​ដែរ លោក ថោង ខុន រដ្ឋមន្រ្ដី​ក្រសួង​ទេសចរណ៍​ជឿជាក់​ថា កញ្ចប់​ថវិកា​១៥០​លាន​ដុល្លារ​នេះ នឹង​ចូលរួម​ស្ដារ​ឡើង​វិញ​អាជីវកម្ម​ខ្នាត​តូច​និង​មធ្យម ហើយ​ម្ចាស់​អាជីវកម្ម​ឬ​សហគ្រាស​អាច​ប្រើប្រាស់​កម្ចី​នេះដើម្បី​ជួសជុល​ទីតាំង​និង​ពង្រឹង​គុណភាព​សេវាកម្ម យ៉ាងមាន​ប្រសិទ្ធ​ភាព​ផងដែរ។

ថ្លែង​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​នៅ​ថ្ងៃ​ទី​១៨​ឧសភា​នេះ លោកស្រី ឆាយ ស៊ាវលីន ប្រធាន​សមាគម​ទីភ្នាក់ទេសចរណ៍​កម្ពុជា​ស្វាគមន៍​ចំពោះ​ការ​ដាក់​ចេញ​គម្រោង​សហហិរញ្ញប្បទាន​ស្តារវិស័យទេសចរណ៍​ព្រោះ​ផែន​ការនេះ ប្រៀបបាន​នឹង​ការ​សង្គ្រោះ​សហគ្រាស​ឯកជន​ឲ្យ​រស់​ឡើងវិញ​បន្ទាប់​ដេកដួល​នៅ​មួយ​កន្លែង​ដោយ​សារ​កូវីដ។ តែយ៉ាងណាមិញ​អ្នក​ជំនាញ​រូបនេះ ចង់​ឃើញ​ការ​អនុគ្រោះ​បន្ថែម​ទៀត ពី​វិស័យមីក្រូហិរញ្ញវត្ថុ​លុបចោលលក្ខខណ្ឌ​ស្មុគស្មាញ​មួយ​ចំនួន​ដូចជាៈការ​ស្នើសុំ​របាយការណ៍​ហិរញ្ញវត្ថុ​ពី​ម្ចាស់​អាជីវកម្ម​មុន​នឹង​ផ្ដល់​កម្ចី​ជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ