អានតួអត្ថបទ
កម្ពុជា-សង្គម

ទិវាជាតិចងចាំ៖ លោកហ៊ុន សែន អំពាវនាវឱ្យរួមគ្នាការពារសន្តិភាព

នៅថ្ងៃទី ២០ខែឧសភានេះ គឺជាទិវា​ជាតិ​នៃការចងចាំពីរបបប្រល័យ​ពូជសាសន៍ប៉ុល ពត! ក្នុង​ឱកាសទិវានេះ  លោក​នាយករដ្ឋមន្ត្រីហ៊ុន សែន បាន​ផ្ញើសារ​ចូលរួម​រម្លឹកភាពឈឺចាប់នៃសង្គ្រាម និងបាន ​អំពាវនាវ​ឱ្យ​ប្រជាជន​ខ្មែរ ត្រូវចូលរួម​ថែរក្សាការពារសន្តិភាព ដើម្បីកុំឱ្យ​របបខ្មៅងងឹតត្រលប់មកវិញ។ ចំណែក​សាលារាជធានីភ្នំពេញ បាន​រៀបចំ​ពិធីសាសនា​ឧទ្ទិសដល់​វិញាណក្ខន្ធជនរងគ្រោះពីរបបប្រល័យ​ពូជសាសន៍ នៅ​សារមន្ទីរបឹងជើងឯក។ 

ទិវាជាតិនៃការចងចាំពីរបបប្រល័យពូជសាសន៍ប៉ុល ពត ២០ ឧសភា
ទិវាជាតិនៃការចងចាំពីរបបប្រល័យពូជសាសន៍ប៉ុល ពត ២០ ឧសភា © phnompenhcityhall
ផ្សាយពាណិជ្ជកម្ម

តាម​រយៈសារលើ​បណ្តាញសង្គម នៅថ្ងៃសុក្រនេះ លោក​នាយករដ្ឋមន្ត្រីហ៊ុន សែន បានយកឱកាសនេះ រម្លឹក​ដល់​ការបាត់បង់​ប្រជាជន​ខ្មែរប្រមាណជិត ៣លាន​នាក់ ក្នុង​របបប្រល័យ​ពូជសាសន៍ប៉ុល ពត និង​បាន​បញ្ជាក់ថាភ្នក់​ភ្លើងសង្គ្រាម ដែលពលរដ្ឋ​ខ្មែរ​ឆ្លងកាត់ជិត ៣ទស្សវត្ស បន្សល់ទុក​ត្រឹមតែការឈឺចាប់។

តាម​លោក​ហ៊ុន សែន សង្គ្រាម​បាន​ធ្វើឱ្យ​មាន​ទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ក៏ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិមូលដ្ឋាន មានពីកំណើតរបស់មនុស្ស ក៏គ្មានដែរ។

ដូច្នេះ លោក​ប្រមុខដឹកនាំរដ្ឋាភិបាល បានយក​ឱកាសនេះ អំពាវនាវឱ្យ​ប្រជាពលរដ្ឋខ្មែរចងចាំ រួមគ្នា​ថែរក្សា​ការពារ​សន្តិភាពឱ្យបានគង់វង្ស ដើម្បីកុំអោយរបបនេះវិលត្រឡប់មកវិញ។ តាម​លោក​ហ៊ុន សែន សន្តិភាព បានផ្តល់ឱកាសគ្រប់យ៉ាង ក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត។

ចំណែក​សាលារាជធានីភ្នំពេញ នៅថ្ងៃនេះ បាន​រៀបចំពិធី​សាសនា ដើម្បីឧទ្ទិសដល់វិញាណក្ខន្ធប្រជាជន​ដែលបាន​បាត់បង់​ជីវិត​ពីរបបខ្មែរក្រហម​ នៅសារមន្ទីរបឹងជើងឯក។

សូម​រម្លឹកជូនថា ការកំណត់​យក​ថ្ងៃ ២០​ឧសភា ជាទិវា​ចងចាំ ព្រោះថ្ងៃ ២០ឧសភា ឆ្នាំ ១៩៧៣ គឺជាថ្ងៃកំណើត របស់សហករនៃរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ដែល​បានបន្តសង្គ្រាមរហូតឈានដល់ការគ្រប់គ្រងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ពីដំបូងឡើយ​ ទិវាជាតិនៃការចងចាំ ២០ឧសភា ​មានឈ្មោះថា «ទិវាចងកំហឹង» ដើម្បី​បញ្ជាក់ពីការចងកំហឹងទៅនឹងរបបខ្មែរក្រហម ដែលបានកាប់សម្លាប់ ប្រជាពលរដ្ឋខ្មែរ។ ប៉ុន្តែចាប់ពីឆ្នាំ ២០១៨ នៅពេល​រដ្ឋាភិបាល ​កំណត់​យក​ថ្ងៃនេះជាថ្ងៃបុណ្យជាតិ ក៏មានការ​ប្តូរឈ្មោះជា «ទិវាជាតិនៃការចងចាំ»ដើម្បី​ជាការរំឭកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ