អានតួអត្ថបទ
កម្ពុជា-ទំនាក់ទំនងអន្តរជាតិ

លោក ហ៊ុន សែន ត្រៀម​ជួប​អ្នក​គាំទ្រ​នៅ​អឺរ៉ុប​ ខណៈ​លោក​ទៅ​ចូល​រួម​វេទិកា​សេដ្ឋ​កិច្ច​ពិភព​លោក

លោក​នាយក​រដ្ឋមន្ត្រី ​លោក ហ៊ុន សែន​ បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ហើយ​ កាល​ពី​ម៉ោង​សូន្យ​នឹង​៣០​នាទី​យប់​ថ្ងៃ​សៅរ៍​នេះ​ ដើម្បី​ទៅ​ចូល​រួម​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក ​នៅ​ទីក្រុង​ដា​វ៉ូស ​ប្រទេស​ស្វីស។ នៅមុន​ពេល​ឡើង​ថ្លែង​សុន្ទរកថា ក្នុង​ពិធី​បិទ​កិច្ច​ពិភាក្សា​ក្រោម​ប្រធានបទ “ទស្សន​វិស័យ​យុទ្ធសាស្ត្រលើ​អាស៊ាន” និង​ការ​ថ្លែង​សុន្ទរកថា​ «រាត្រីកម្ពុជា​» ​ដែល​រៀប​ចំ​ដោយ​ក្រុម​ហ៊ុន​ឯកជន ​លោក​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ក៏​គ្រោង​ជួប​អ្នក​គាំទ្រ​លោក​ដូច​នៅ​សហរដ្ឋ​អាមេរិក​ដែរ។ 

លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក
លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក © Internet
ផ្សាយពាណិជ្ជកម្ម

តាមការគ្រោងទុកលោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹងជួបពលរដ្ឋខ្មែរនៅសូរិកប្រទេសស្វីសនៅល្ងាចថ្ងៃទី២១ឧសភា២០២២ ខណៈលោកអះអាងថា មានអ្នកគាំទ្រលោកដែលកំពុងរស់នៅបណ្តាប្រទេសនៅទ្វីបអឺរ៉ុបដែលបានចេញវីដេអូអបអរសាទរដំណើររបស់លោកទៅកាន់តំបន់អឺរ៉ុបនាពេលនេះ។

ក្នុងដំណើទស្សនកិច្ចរយៈពេល៥ថ្ងៃ នៅប្រទេសស្វីស លោក ហ៊ុន សែន នឹង​ឡើង​ថ្លែងសុន្ទរកថា​នៅ​ក្នុង​ពិធី​បិទបញ្ចប់​នៃ​កិច្ចពិភាក្សា​ជាមួយ​ភាគី​ពាក់​ព័ន្ធ​ ក្រោម​ប្រធានបទ «​ទស្សនវិស័យ​យុទ្ធសាស្ត្រ​លើ​អាស៊ាន​» និង​នៅ​ក្នុង​កម្ម​វិធី​អាហារ​ការងារ​ថ្ងៃត្រង់​ក្រៅ​ផ្លូវ​ការ​ជាមួយថ្នាក់​ដឹកនាំ​សេដ្ឋកិច្ច​ពិភពលោក​ ក្រោម​ប្រធាន​បទ​«ការស្តារ​សន្តិ​ភាព​ និងសណ្តាប់​ធ្នាប់​ឡើងវិញ​»។ នេះបើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការ​បរទេស​កម្ពុជា។

ក្នុង​ឱកាស​ស្នាក់​នៅ​ប្រទេស​ស្វីស​ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ ក៏នឹង​ថ្លែង​សុន្ទរកថាក្នុងព្រឹត្តិការណ៍​ «រាត្រីកម្ពុជា​» ដែលរៀប​ចំ​ដោយ​ក្រុម​ហ៊ុន វើលដ៏​ ប្រ៊ីជ​ គ្រុប​ ក្នុង​គោលបំណង​ទាក់ទាញអ្នក​វិនិយោគមកប្រទេស​កម្ពុជា​ ខណៈវេទិកា​សេដ្ឋកិច្ច​ពិភពលោក ចាប់ពីថ្ងៃ​ទី​២២ ដល់​ថ្ងៃ២៦ ខែឧសភា​ ឆ្នាំ​២០២២​ នេះ ​មាន​មេដឹកនាំប្រទេស​ ​និងអ្នក​ជំនាញជាង​២០០០នាក់​ចូលរួម​។

តាមគម្រោង លោក ហ៊ុន សែន រំពឹងថា នឹងមានជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃប្រទេសមួយចំនួន ក៏ដូចជាទទួលការចូលជួបសម្តែងការគួរសមពីសំណាក់ឥស្សរជននយោបាយ និងធុរជនពិភពលោកផងដែរ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ