អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

ទៅ​ដល់​អឺរ៉ុប៖ លោក ហ៊ុន សែន ថាEBA លែង​ជា​បញ្ហា ​តែ​កូវីដ​១៩​ទើប​ជា​រឿង​សម្រាប់​កម្ពុជា

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន នា​អំឡុង​ពេល​សំណេះ​សំណាល​ជា​មួយ​ពលរដ្ឋ​នៅ​ឯប្រទេស​ស្វីស បាន​ថ្លែង​ជា​សាធារណៈ​ថា បញ្ហា​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ EBA លែង​ជា​ខ្យល់​ខ្មោច​ស្អីសម្រាប់​កម្ពុជា​តទៅ​ទៀត​ហើយ​។ ក៏​ប៉ុន្តែ​សម្រាប់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បញ្ហា​កូវីដ​១៩ ​ទើប​ជា​រឿង​ដែល​ជះ​ឥទ្ធិពល​ដល់​កម្ពុជា​ ដ្បិត​រដ្ឋា​ភិបាល​ត្រូវ​ចំណាយ​ថវិកា​រាប់​លាន​ដុល្លារ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​។ 

រូបតំណាង
រូបតំណាង © Internet
ផ្សាយពាណិជ្ជកម្ម

«អារឿង EBA វា​អត់​មាន​ខ្យល់​ខ្មោច​ស្អី​ទេ រឿង​កូវីដ ទើប​វា​បញ្ហា»។ នេះគឺជាអះអាងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាអំឡុងពេលលោកជួបសំណេះសំណាលជាមួយពលរដ្ឋដែលរស់នៅក្នុងបណ្តាប្រទេសទ្វីបអឺរ៉ុប មុនពេលដែលលោកត្រូវចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសស្វីស។

លោក ហ៊ុន សែន បញ្ជាក់ថា ការនាំចេញរបស់កម្ពុជាទៅកាន់អឺរ៉ុបមានចំនួន៣២៩៩លានដុល្លារ ខណៈការនាំចូលពីអឺរ៉ុបទៅកម្ពុជាវិញ មានចំនួន ៩០៦លានដុល្លារ ហើយបើគិតពីទំហំពាណិជ្ជកម្មមានប្រមាណរហូតដល់ជាង៤ពាន់លានដុល្លារអាមេរិក។ ដូច្នេះសម្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ហាប្រព័ន្ធអនុគ្រោះពន្ធ EBA លែងជាបញ្ហាទៀតហើយ។

បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រព័ន្ធអនុគ្រោះពន្ធ EBA គង់តែនឹងត្រូវបាត់បង់ នៅពេលណាដែលសេដ្ឋកិច្ចកម្ពុជាឈានដល់កម្រិតណាមួយ។ លោកថា ទោះបីជាសហភាពអឺរ៉ុប សាកល្បងដកប្រព័ន្ធអនុគ្រោះ EBA ២០% ពីកម្ពុជា ក៏ប៉ុន្តែការនាំចេញនៅតែមានកំណើន។

គួរកត់សម្គាល់ថា ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅទ្វីបអឺរ៉ុប ទាក់ទងទៅនឹងបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ EBA នាពេលនេះ គឺធ្វើឡើងបន្ទាប់ពីសភាអឺរ៉ុប កាលពីដើមខែឧសភា ​បានចេញញត្តិ​ចង្អុលទុកមុន​ថា កម្ពុជានឹងប្រឈមបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ​ EBA សេសសល់ទាំង ​៨០%ទៀត ប្រសិនបើការបោះឆ្នោត​​ទាំងថ្នាក់ក្រោមជាតិនិងថ្នាក់ជាតិ ​នាពេលដ៏ឆាប់ខាងមុខនេះ មិនបានប្រព្រឹត្តិទៅ​ដោយ​យុត្តិធម៌និងតម្លាភាព។

សូមរំលឹកថា ក្រោមហេតុផលនៃ​​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ​និង​ការ​ធ្លាក់​ចុះ​លទ្ធិ​ប្រជា​ធិបតេយ្យ ​សហភាព​អឺរ៉ុប​បាន​សម្រេច​កាត់​ផ្តាច់​ EBA​ ពីកម្ពុជា ចំនួន​២០% កាលពីឆ្នាំ​២០២០ ​ម្តងរួ​ចហើយ​។

ក៏ប៉ុន្តែ សម្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ហាកូវីដ១៩ទើបជាអ្វីដែលស្មុគស្មាញសម្រាប់កម្ពុជា បាននិងកំពុងប្រយុទ្ធប្រឆាំង។ ដោយអះអាងប្រាប់ពលរដ្ឋខ្មែរនៅទ្វីបអឺរ៉ុប លោកថា រដ្ឋាភិបាលត្រូវបញ្ចេញថវិកា ប្រមាណ ៤០លានដុល្លារក្នុងមួយខែ ដើម្បីជួយពលរដ្ឋ។ លើសពីនេះ បញ្ហាកូវីដ១៩ បានចាយថវិកាសន្សំរបស់រដ្ឋអស់ជាង ២ពាន់លានដុល្លារអាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ