អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

ក្រោយជំនួបរដ្ឋមន្ត្រីទេសចរណ៍ កម្ពុជា-វៀតណាម បើកការធ្វើដំណើរ និងដឹកជញ្ជូនឡើងវិញទាំងស្រុង

កម្ពុជា និងវៀតណាម បានបើកការធ្វើដំណើរឡើងវិញទាំងស្រុងហើយនៅថ្ងៃព្រហស្បតិ៍នេះ នូវការធ្វើដំណើរ និងការដឹកជញ្ជូនចេញចូលរវាងប្រទេសទាំងពីរ។ ការបើកដំណើរការចេញចូលរកគ្នាឡើងវិញទាំងស្រុងនេះ គឺធ្វើឡើងបន្ទាប់ពីជំនួបរវាងរដ្ឋមន្ត្រីទេសចរណ៍កម្ពុជា និងរដ្ឋមន្ត្រីទេសចរណ៍វៀតណាមកាលពីថ្ងៃអង្គារកន្លងទៅនៅទីក្រុងហាណូយប្រទេសវៀតណាម។ រីឯការពន្លឿនការចាប់ផ្តើមទេសចរណ៍បើកបរដោយខ្លួនឯង និងការរួមគ្នាបង្កើតកញ្ចប់ទេសចរណ៍រវាងប្រទេសទាំងពីរនឹងអាចដំណើរការនៅពេលឆាប់ៗខាងមុខ។

ភ្ញៀវទេសចរ (រូបតំណាង)
ភ្ញៀវទេសចរ (រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីបើកកិច្ចពិភាក្សាគ្នាអស់ជាច្រើនម៉ោង រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា លោក ថោង ខុន និងរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាមលោក ង្វៀន វ៉ាន់ហុង បានសម្រេចនូវកិច្ចព្រមព្រៀងចំនួន៦ចំណុច ដែលសុទ្ធសឹងជាចំណុចទាក់ទងទៅនឹងដំណោះស្រាយបញ្ហាសេដ្ឋកិច្ច ទេសចរណ៍ក្រោយដំណាក់កាលកូវីដ-១៩។

ក៏ប៉ុន្តែបញ្ហាសំខាន់ ដែលជាការចាប់អារម្មណ៍ខ្លាំងនោះគឺការជម្រុញឲ្យមានដំណើរការឡើងវិញទាំងស្រុងនូវការធ្វើដំណើរ និងការដឹកជញ្ជូន ដោយភាគីទាំងពីរបានប្តេជ្ញាជម្រុញ និងកែសម្រួលបន្ថែមដល់ជើងហោះហើរអន្តរជាតិរវាងគោលដៅទេសចរណ៍ប្រទេសទាំងពីរ ក៏ដូចជាការសម្រួលបន្ថែមដល់ជើងហោះហើរមកពីប្រទេសទីបី ស្របទៅតាមលក្ខខណ្ឌតម្រូវ និងវិធានសុខាភិបាលការពារកូវីដ-១៩ នៅក្នុងប្រទេសរៀងៗខ្លួន។

តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍កម្ពុជា រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា-វៀតណាម ក៏បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការពន្លឿនការចាប់ផ្តើមទេសចរណ៍បើកបរដោយខ្លួនឯង(Self-Driving Tour) ការបង្កើតកញ្ចប់ទេសចរណ៍ដោយមានការចូលរួមពីវិស័យឯកជន និងពិភាក្សាពីសកម្មភាពទេសចរណ៍តាមដងទន្លេ ដោយភាគីទាំងពីររំពឹងថា នឹងតភ្ជាប់ខ្សែរទេសចរណ៍តាមនាវាសមុទ្រទាំងអស់ទៅកាន់ផែទេសចរណ៍អន្តរជាតិខេត្តកំពតនៅពេលខាងមុខ។

សូមរំលឹកថា ដោយសារវិបត្តិកូវីដ-១៩ ប្រទេសកម្ពុជាកាលពីឆ្នាំ២០២១ ទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជា ២០ម៉ឺននាក់ ថយចុះដល់ទៅ៨៥% បើធៀបនឹងឆ្នាំ២០២០ ដែលមាន ១,៣លាននាក់ ខណៈឆ្នាំ ២០១៩ មានទេសចរបរទេសរហូតដល់ ៦,៦លាននាក់។ ក្នុងចំណោមភ្ញៀវអន្តរជាតិជិត ២០ម៉ឺននាក់នេះ ភ្ញៀវទេសចរ​ថៃ​ឈរលើ​លំដាប់​កំពូលដែលមាន​ចំនួនជាង ៨ម៉ឺន​នាក់ ជនជាតិ​ចិនជាង ៤ម៉ឺននាក់ និងលេខ៣ វៀតណាមគឺមានជាង ២ម៉ឺន​នាក់ ក្រៅពីនេះមានឥណ្ឌូនេស៊ី អាមេរិក និង​កូរ៉េជាដើម ដែលសុទ្ធតែមានការធ្លាក់ចុះធ្ងន់ធ្ងរធៀបទៅនឹងមុនវិបត្តិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ