អានតួអត្ថបទ
កម្ពុជា-អាស៊ាន

លោក សម រង្ស៊ី បន្ទោសរដ្ឋាភិបាលលោក ហ៊ុន សែន ដែលចូលទៅខាងចិន ពេលអាស៊ានចែកជាពីរ

លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ បានលើកឡើងកាលពីថ្ងៃម្សិលមិញតាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា កិច្ចប្រជុំកំពូលអន្តរជាតិនៅទីក្រុងតូក្យូប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ បង្ហាញឲ្យឃើញថាសមាគមអាស៊ាន ដែលមានសមាជិក ១០ប្រទេស បានបែកជា២ក្រុម ដោយកម្ពុជាបានស្ថិតនៅក្នុងក្រុមដែលដឹកនាំដោយប្រទេសចិន។ ក៏ប៉ុន្តែមន្ត្រីបក្សកាន់អំណាចថាការលើកឡើងរបស់លោកសម រង្ស៊ី គឺជាការរវើរវាយ និងមិនយល់ពីកម្ពុជាច្បាស់លាស់។ 

ទង់ជាតិកម្ពុជា និង ទង់ជាតិចិន (រូបតំណាង)
ទង់ជាតិកម្ពុជា និង ទង់ជាតិចិន (រូបតំណាង) @Belt&Road News
ផ្សាយពាណិជ្ជកម្ម

តាមសំណេររបស់លោក សម រង្ស៊ី នៅលើទំព័រហ្វេសប៊ុក ក្រុមទី១ ដែលគាំទ្រប្រទេសចិន មានភូមា កម្ពុជា និងប្រទេសឡាវ។ រីឯក្រុមទី២ ដែលប្រឆាំងនយោបាយចិន ហើយដែលមានការគាំទ្រពីសហរដ្ឋអាមេរិក មានប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ប៊្រុយណេ ហ្វីលីពីន សឹង្ហបុរី ថៃ និងវៀតណាម។ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក មានប្រទេសមួយចំនួនទៀត ដែលប្រមូលផ្តុំគ្នា ដើម្បីតទល់នយោបាយរបស់ចិន ក្នុងនោះមានប្រទេសជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី ញូហ្សេលែន និងប្រទេសឥណ្ឌា។

លោក សម រង្ស៊ី សរសេរបន្តដោយបន្ទោសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាមានកំហុសធ្ងន់ ដែលនាំប្រទេសកម្ពុជា ឲ្យនៅក្នុងបក្សសម្ព័ន្ធដឹកនាំដោយប្រទេសចិន។ លោក សម រង្ស៊ី បានលើកយកវិស័យចំនួនពីរមកបង្ហាញដោយសម្តែងការព្រួយបារម្ភចំពោះវិស័យសន្តិភាព សន្តិសុខ និងស្ថេរភាពក្នុងតំបន់ខណៈដែលកម្ពុជាចូលដៃជាមួយចិន។

រីឯក្នុងវិស័យសេដ្ឋកិច្ចវិញ ការចូលដៃជាមួយចិននេះ ធ្វើឲ្យប្រទេសកម្ពុជា ទទួលការបង់ខាតដ៏ធ្ងន់ធ្ងរ ដោយក្រុមហ៊ុនសហរដ្ឋអាមេរិក ដែលដកខ្លួនចេញពីប្រទេសចិន បានផ្ទេររោងចក្រដែលប្រើបច្ចេកវិទ្យាខ្ពស់ ទៅបោះទីតាំងរបស់ខ្លួននៅប្រទេសជិតខាង ដូចជាប្រទេសវៀតណាមជាដើម ដែលធ្វើឲ្យសេដ្ឋកិច្ចវៀតណាមរីកចម្រើនខ្លាំង ខណៈកម្ពុជាទទួលបានតែបនល្បែងស៊ីសង (Casinos) ពីចិន ដែលជាការបំផ្លាញសេដ្ឋកិច្ច និងសង្គមខ្មែរ។ នេះបើតាម លោក សម រង្ស៊ី។

ក៏ប៉ុន្តែ លោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានហៅការលើកឡើងរបស់លោក សម រង្ស៊ី ដូច្នេះថាជាទស្សនៈរវើរវាយ ដែលមិនស្គាល់អត្តសញ្ញាណ និងតួនាទីរបស់ប្រទេសកម្ពុជា ដែលជាប្រធានអាស៊ាននៅឆ្នាំ ២០២២នេះ។

តាមលោក សួស យ៉ារ៉ា អ្វីដែលលោក សម រង្ស៊ី លើកឡើងមិនបានឆ្លុះបញ្ចាំងគ្រប់ជ្រុងជ្រោយពីនយោបាយការបរទេសរបស់កម្ពុជា ដោយកម្ពុជាតែងគោរពសណ្តាប់ធ្នាប់ពិភពលោក ច្បាប់អន្តរជាតិ និងគោរពនូវពហុភាគីនិយម។ លោកថាកិច្ចការនេះ កម្ពុជាទទួលបានការគាំទ្រពីកិច្ចប្រជុំកាលពីឆ្នាំ២០២១ ខណៈដែលប្រទេសនេះបានដឹកនាំកិច្ចប្រជុំអាស៊ី-អឺរ៉ុប ហើយបានបញ្ជាក់ច្បាស់តាមរយៈសេចក្តីថ្លែងការណ៍ពីមជ្ឈភាពរបស់អាស៊ាន នៅកណ្តាលការដណើមភូមិសាស្ត្រនយោបាយពីមហាអំណាច។

លើសពីនេះ លោក សួស យ៉ារ៉ា បញ្ជាក់ថាប្រទេសកម្ពុជាបានបង្ហាញពីតួនាទីនៃការតភ្ជាប់រវាងលោកខាងលិច និងលោកខាងកើត តាមរយៈវប្បធម៌ នយោបាយ និងគោលនយោបាយការបរទេសដ៏ត្រឹមត្រូវ ដែលនាំទៅរកការធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាបន្តបន្ទាប់៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ