អានតួអត្ថបទ
កម្ពុជា-អាស៊ាន

ភូមាមិនទទួលយកសំណើកម្ពុជា ដែលចង់ឲ្យដកចេញការកាត់ទោសប្រហារជីវិត

កាលពីថ្ងៃសៅរ៍ ទី១១ ខែមិថុនា ក្រសួងការបរទេសរបបយោធាភូមា បានឆ្លើយតបចំពោះសំណើកម្ពុជា ដោយពន្យល់ពីនិតិវិធីផ្លូវច្បាប់ ជុំវិញមូលហេតុនៃការកាត់ទោសប្រហារជីវិត ដែលត្រូវតែអនុវត្ត។ បើតាមការចុះផ្សាយរបស់កាសែត BBCភូមា ក្រសួងការបរទេសភូមាក៏បានរៀបរាប់លម្អិតអំពីឧក្រិដ្ឋកម្ម ដែលត្រូវបានចោទប្រកាន់លើសកម្មជនពីរនាក់។

លោក មីន អ៊ុងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋភូមា
លោក មីន អ៊ុងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋភូមា AP - Aung Shine Oo
ផ្សាយពាណិជ្ជកម្ម

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​១០​មិថុនា​ បាន​ផ្ញើ​លិខិត​ទៅ​កាន់ ​លោក មីន អ៊ុងឡាំង ប្រធានក្រុម​ប្រឹក្សា​រដ្ឋភូមាឲ្យ​ពិចារណា​ឡើង​វិញ ​ចំពោះ​ការ​អនុវត្ត​ទោស​ប្រហារ​ជីវិត​លើ​ក្រុមសកម្មជន​​ប្រឆាំង។

កាលពីថ្ងៃ​សុក្រ ទី ៣​មិថុនា អ្នកនាំពាក្យ​របស់​របបសឹកភូមា​បាន​ប្រកាស​ថា គេ​នឹង​កាត់ទោស​ប្រហារជីវិត​មនុស្ស​៤នាក់ ដែលនៅក្នុងនោះម្នាក់ ជា​អតីតសមាជិកសភាមកពីគណបក្ស​ លោកស្រី អ៊ុងសាន ស៊ូជី គឺ Ko Phyo Zeya Thaw និង​ម្នាក់ទៀត គឺលោក Ko Jimmy ជា​អតីតមេដឹកនាំចលនានិស្សិតដ៏ល្បីឈ្មោះ ដែលធ្លាប់ចេញមុខ​ប្រឆាំង​របបសឹកភូមា កាលពី​ឆ្នាំ១៩៨៨។  ចំណែកមនុស្សពីរនាក់ផ្សេងទៀត នឹងត្រូវកាត់ទោសប្រហារជីវិត ករណីសម្លាប់ស្ត្រីម្នាក់ ដែលជាចារកិច្ចរបស់យោធាភូមា។

ទោះជាយ៉ាងណាក៏ដោយ ក្រសួងការបរទេសនៃរបបយោធាភូមាបានឆ្លើយតបមកកម្ពុជា កាលពីថ្ងៃសៅរ៍ ទី១១​ ខែមិថុនា ជាមួយនឹងការពន្យល់ផ្លូវច្បាប់អំពីមូលហេតុ ដែលការកាត់ទោសប្រហារជីវិតត្រូវតែអនុវត្ត ក៏ដូចជាការរៀបរាប់លម្អិតអំពីឧក្រិដ្ឋកម្ម ដែលត្រូវបានចោទប្រកាន់។ នេះបើយោងតាម ​​BBC ជាភាសាភូមា និងត្រូវបានចុះផ្សាយបន្ត ដោយសារព័ត៌មានភូមា THE IRRAWADDY នៅថ្ងៃទី១៣ ខែមិថុនា។

​បច្ចុប្បន្នកម្ពុជា​ជា​ប្រធាន​អាស៊ាន ហើយភូមាគឺជា​សមាជិក​អាស៊ានមួយ ដែល​ត្រូវ​បាន​គេផាត់ចេញ​ពី​កិច្ច​ប្រជុំ​របស់អាស៊ាន ព្រោះតែការ​មិន​គោរព​តាម​គោលការណ៍របស់អាស៊ាន​ ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ក្នុង​ប្រទេសនេះ។ លោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបរទេសតែមួយគត់ ដែលបានជួបប្រមុខរបបយោធាដោយផ្ទាល់ ខណៈអ្នកផ្សេងទៀត សូម្បីតែសមាជិកអាស៊ានមួយចំនួនបានគេចចេញពីមេដឹកនាំនៃរបប ដែលបានមកពីការធ្វើរដ្ឋប្រហារ។

លោក ហ៊ុន សែន បាន​គូស​បញ្ជាក់ ​នៅ​ក្នុង​លិខិត​ផ្ញើ​ជូនលោក មីន អ៊ុងឡាំងថា ការ​ផ្តន្ទាទោស​និង​ផែនការ​ប្រហារ​ជីវិត​លើ​បុគ្គល​ដែល​ប្រឆាំង​នឹង​ក្រុម​ប្រឹក្សា​រដ្ឋបាល​រដ្ឋ បាន​បង្ក​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ក្នុង​ចំណោម​រដ្ឋ​សមាជិក​អាស៊ាន ក៏​ដូច​ជា​ដៃ​គូ​ខាងក្រៅ​របស់​អាស៊ាន។ កម្ពុជា​ជឿជាក់​ថា ផែន​ការ​ប្រហារ​ជីវិត​នេះ ប្រសិន​បើ​ត្រូវបាន​អនុវត្ត ប្រាកដ​ជា​នឹងបង្ក​ឱ្យ​មាន​ប្រតិកម្ម​អវិជ្ជមាន​រីករាល​ដាល​ពេញ​សហគមន៍​អន្តរជាតិ។

ប្រសិន​បើ​ការអនុវត្តទោសប្រហារជីវិតអ្នកទាំង៤ ​ត្រូវ​បាន​គេ​ធ្វើ​ឡើង នោះវា​នឹង​ក្លាយ​ជា​ការ​ប្រហារ​ជីវិត​លើក​ដំបូង​ក្នុង​ប្រទេស​ភូមាចាប់​តាំង​ពី​ឆ្នាំ១៩៧៦មក។

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជាប្រេសិតពិសេសនៃប្រធានអាស៊ាន គ្រោងនឹងធ្វើដំណើរទស្សនៈកិច្ចជាលើកទី២ទៅកាន់ភូមា នៅចុងខែមិថុនា ខាងមុខនេះ ដោយសង្កត់ធ្ងន់ថា ការជួបពិភាក្សាជាមួយគ្រប់ភាគីពាក់ព័ន្ធ គឺស្ថិតក្នុងចំណោមការផ្តោតការយកចិត្តទុកដាក់របស់លោកនាពេលនោះ ស្របតាមអាណត្តិរបស់ប្រេសិតពិសេស។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា នៅក្រោយជំនួបរវាងលោក ប្រាក់ សុខុន និងរដ្ឋលេខាធិការក្រសួងការបរទេសអូស្ត្រាលី កាលពីថ្ងៃទី១៣ ខែមិថុនា។

លោក ឯម សុវណ្ណារ៉ា ​អ្នកវិភាគ ​និងជាសាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រនយោបាយបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិថា ដំណើរទស្សនៈកិច្ចទៅភូមា នាពេលខាងមុខនេះ មិនមានអ្វីខុសប្លែកពីលើកទី១ទេ ព្រោះភាគីកម្ពុជានឹងជួបតែក្រុមមេដឹកនាំយោធា ដូច្នេះគោលការណ៍នេះ មិនអាចរកដំណោះស្រាយឲ្យភូមាបានទេ។ បើតាមលោក ឯម សុវណ្ណារ៉ា លុះត្រាតែកម្ពុជាមានជំនួបជាមួយភាគីរដ្ឋាភិបាលស្រមោលភូមាមួយទៀត ទើបអាចដោះស្រាយវិបត្តិភូមាបាន។

សូមជម្រាបថាប្រេសិតពិសេសនៃប្រធានអាស៊ាន បានធ្វើដំណើរទស្សនកិច្ចដំបូងនៅភូមា កាលពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២កន្លងទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ