អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

មន្ទីរព័ត៌មានកោះកុង៖ កសិករដាំទុរេនជួបផលលំបាកច្រើនជាងឆ្នាំរាល់ដង

ក្រោយវិបត្តិកូវីដ-១៩ ឈ្មួញលែងមកទិញផ្ទាល់ដល់ចម្ការ កសិករមួយចំនួនត្រូវធ្វើដំណើរលក់ទុរេនខ្លួនតាមបណ្ដាខេត្តនានា។ ទន្ទឹមនឹងតម្លៃសាំងឡើងថ្លៃផង  មន្ទីរព័ត៌មានខេត្តកោះកុង ស្នើឲ្យមានការយោគយល់ពីផលលំបាករបស់កសិករ ចំពោះភាពខុសគ្នានៃតម្លៃទុរេនកោះកុង និងទុរេននាំចូល។ 

ទុរេនកោះកុង
ទុរេនកោះកុង © Internet
ផ្សាយពាណិជ្ជកម្ម

ប្រធានមន្ទីរព័ត៌មានកោះកុង លោក មុំ ម៉ាលីកា បានឲ្យដឹងថា ទិន្នផលទុរេនកោះកុងឆ្នាំនេះ កើនឡើងច្រើន ស្របពេលដែលលែងមានឈ្មួញមកទិញផ្ទាល់តាមចម្ការទៀតនោះ កសិករមួយចំនួនត្រូវចេញទៅលក់ទុរេនខ្លួន នៅភ្នំពេញ និងបណ្ដាខេត្តនានាដោយខ្លួនឯង។ការណ៍នេះ តាមប្រធានមន្ទីរព័ត៌មានកោះកុង កសិករក៏ត្រូវចំណាយច្រើនជាងមុន លើការធ្វើដំណើរ និងភាពចាំបាច់ផ្សេងៗ។ ទន្ទឹមនឹងសាំងឡើងថ្លៃផងនោះ ក៏ជាបន្ទុកមួយបន្ថែមរបស់កសិករច្រើនជាងឆ្នាំរាល់ដង។ យ៉ាងណា តាមប្រធានមន្ទីរព័ត៌មានកោះកុងរូបនេះ តម្លៃទុរេនកោះកុង មិនខុសប្លែកពីឆ្នាំរាល់ដងឡើយ គឺលក់នៅក្នុងចន្លោះ ១៨០០០រៀល រហូតដល់២២០០០រៀល ទៅតាមគុណភាព។ នេះជាមូលហេតុមួយដែលកសិករមានភាពលំបាក ក្នុងការបញ្ចុះតម្លៃទុរេនខ្លួន បើទៅបីជាទិន្នផលធុរេននៅឆ្នាំនេះ មានការកើនឡើងខ្ពស់ក្ដី។

តាមលោក មុំ ម៉ូលីកា ទុរេនកោះកុងឆ្នាំនេះ មានភាពសម្បូរ ដោយត្រូវបានទុំតំណាលគ្នា។ បន្ថែមពីនេះ ប្រជាជនក្នុងកោះកុងភាគច្រើន គឺជាអ្នកដាំទុរេន។ក្នុងពេលជាមួយគ្នានេះដែរ លោកអំពាវនាវឲ្យមានការយោគយល់ពីភាពខុសគ្នានៃតម្លៃ រវាងទុរេនកោះកុង និងទុរេននាំចូល ដើម្បីជាការលើកទឹកចិត្តដល់ការបង្កបង្កើនដំណាំលក្ខណៈធម្មជាតិរបស់កសិករខ្មែរ។ លោកលើកឡើងថា ការដាំដុះផ្លែឈើក្នុងខេត្តកោះកុង គឺប្រកបដោយលក្ខណៈធម្មជាតិ មានសុវត្ថិភាពជាងទុរេននាំចូល។

ចំណែក លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានលើកឡើងថា ដោយសេដ្ឋកិច្ចទីផ្សារសេរី អ្វីដែលរដ្ឋបាលខេត្តអាចធ្វើបាន គឺការពង្រឹងគុណភាពរបស់ធុរេនក្នុងស្រុកខ្លួនឯង។ បន្ថែមពីនេះ គឺការញ៉ែកឲ្យដាច់រវាងទុរេនក្នុងស្រុកប្រកបដោយលក្ខណៈធម្មជាតិ និងទុរេននាំចូល ចៀសវាងការធ្វើឲ្យច្របូលច្របល់រវាងទុរេនទាំងនេះ ពីសំណាក់ឈ្មួញខិលខូចមួយចំនួន។

គួរជម្រាបថា បើតាមអភិបាលរងខេត្តកោះកុង ទុរេនកោះកុង រួមទាំងផលិតផលកសិកម្មផ្សេងទៀត ជួបប្រទះបញ្ហាទីផ្សារក្នុងការលក់ចេញ ស្របពេលកសិករបានផលិតបានទិន្នផលខ្ពស់។ រដ្ឋបាលខេត្តកោះកុងបានបើកកិច្ចប្រជុំ នៅថ្ងៃទី១៤ ខែមិថុនាកន្លងទៅ ក្នងការស្រង់ស្ថិតិ ប្រភេទដំណាំដែលកសិករបានដាំដុះ និងចងក្រងឲ្យកសិករដាំដុះដំណាំទៅតាមក្រុមឲ្យមានប្រសិទ្ធិភាព។

បន្ថែមពីនេះដែរ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២០ខែមិថុនាខាងមុខ នឹងមានការរៀបចំស្តង់ សម្រាប់កសិករយកផលិតផលកសិកម្មខ្លួនដាក់លក់ដោយឥតគិតថ្លៃ។ ចំណែកនៅថ្ងៃទី១៨ ខែមិថុនាខាងមុខ អភិបាលខេត្តកោះកុង នឹងជួយទិញផលិតផលកសិកម្មដែលបានដាក់តាំងលក់ ក្នុងមួយមុខ៥០គីឡូក្រាម ក្នុងមួយម្ចាស់ចម្ការ។​ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកោះកុង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ