អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

រដ្ឋាភិបាល៖ វិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្មរុញកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៣ក្នុងរង្វង់ ៦,៦%

រដ្ឋាភិបាលបានព្យាករថាកម្ពុជានឹងសម្រេចបានកំណើនសេដ្ឋកិច្ចនៅឆ្នាំ ២០២៣ខាងមុខក្នុងរង្វង់ ៦,៦% ដោយសារការរំពឹងទុកការបន្តនិន្នាការល្អប្រសើរនៃតម្រូវការសកល និងទំនុកចិត្តវិនិយោគស្របពេលដែលវិបត្តិជំងឺកូវីដ-១៩ មានភាពស្រាកស្រាន និងអាចគ្រប់គ្រងបាន។ ការរំពឹងដូច្នេះ គឺដោយសារក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ ២០២១-២០២៣ នឹងបន្តរួមចំណែកដល់ការលូតលាស់នៃវិស័យ និងអនុវិស័យសំខាន់ៗ មួយចំនួន ដែលជាជន្ទល់សេដ្ឋកិច្ចជាតិ។ នេះបើតាមសារាចរណែនាំស្តីពីការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣។

ទីក្រុងភ្នំពេញនាពេលល្ងាច
ទីក្រុងភ្នំពេញនាពេលល្ងាច © Internet
ផ្សាយពាណិជ្ជកម្ម

នៅក្នុងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចឆ្នាំ ២០២៣ កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៣ ត្រូវបានគាំទ្រដោយវិស័យសំខាន់ៗដូចជាវិស័យកសិកម្ម វិស័យឧស្សាហកម្ម និងវិស័យសេវាកម្ម ដែលរួមមានអនុវិស័យជាច្រើនទៀត។

វិស័យកសិកម្មត្រូវបានព្យាករថានឹងសម្រេចបានកំណើនក្នុងរង្វង់ ១,១% ក្នុងឆ្នាំ២០២៣ ដោយសារកំណើនរឹងមាំនៃអនុវិស័យចិញ្ចឹមសត្វ(១,០%) និងអនុវិស័យដំណាំ(១,៦%) ស្របពេលដែលអនុវិស័យនេសាទត្រូវបានរំពឹងថានឹងបន្តងើបឡើងវិញសន្សឹមៗ(០,៦%)។

ចំពោះវិស័យឧស្សាហកម្មវិញ ត្រូវរដ្ឋាភិបាលរំពឹងថានឹងបន្តនិន្នាការកើនឡើងក្នុងអត្រា ៩,២% ក្នុងឆ្នាំ២០២៣ ដែលនេះកំពុងវិលទៅរកនិន្នាការកំណើនមុនពេលវិបត្តិកូវីដ-១៩។ វិស័យឧស្សាហកម្មនេះបានគាំទ្រដោយអនុវិស័យសំខាន់ៗមួយចំនួនដូចជា អនុវិស័យកាត់ដេរ ដែលនឹងមានកំណើនក្នុងរង្វង់ ៨,១% អនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ(១៣,៣%) អនុវិស័យសំណង់ (៧,២%)។

រីឯវិស័យសេវាកម្មវិញ ក៏ត្រូវបានព្យាករថាមានកំណើនដែរនៅក្នុងរង្វង់ ៦,៦% ក្នុងឆ្នាំ២០២៣ ដោយសារការងើបឡើងវិញនៃអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាននៅក្នុងអត្រា ២៣,៤% ដោយសំអាងទៅលើការងើបឡើងវិញនៃភ្ញៀវទេសចរអន្តរជាតិ។ បន្ថែមពីលើនេះ វិស័យសេវាកម្មត្រូវបានគាំទ្រដោយអនុវិស័យលក់ដុំ​ និងរាយ(៦,៧%) អនុវិស័យអចលនទ្រព្យ(៥,២%) អនុវិស័យដឹកជញ្ជូន និងគមនាគមន៍(៧,១%)។

ជាមួយគ្នានេះ អតិផរណានៅឆ្នាំ ២០២៣ ត្រូវបានរំពឹងថានឹងថមថយមកវិញក្នុងរង្វង់ ២,៥% ខណៈឆ្នាំ២០២២ ត្រូវបានប៉ាន់ស្មានថាបានកើនដល់រង្វង់ ៥% ដោយសារការកើនឡើងខ្ពស់នៃថ្លៃប្រេងអន្តរជាតិ និងថ្លៃទំនិញផ្សេងៗទៀត បណ្តាលមកពីសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ អត្រាប្តូរប្រាក់ត្រូវគេរំពឹងថានឹងស្ថិតនៅក្នុងរង្វង់ជាមធ្យមប្រចាំឆ្នាំ ៤ ០៦៥រៀល ក្នុង១ដុល្លារអាមេរិក ក្នុងឆ្នាំ ២០២២ និង២០២៣ ដោយសារអន្តរាគមន៍របស់ធនាគារជាតិ ក្នុងការរក្សាស្ថិរភាពថ្លៃ និងទំនុកចិត្តពីសាធារណជនលើការប្រើប្រាស់ប្រាក់រៀល។

សូមរំលឹកថាកាលពីពេលថ្មីៗនេះ ធនាគារពិភពលោក (World Bank) បាន​ព្យាករ​កំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ ដោយនៅ​ឆ្នាំ​២០២២មាន​កំណើន ៤,៥% និង​ឆ្នាំ​២០២៣ មាន​កំណើន ៥,៨%។៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ