អានតួអត្ថបទ
កម្ពុជា-អាស៊ាន

កម្ពុជារៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ដោយមានវត្តមានរដ្ឋមន្ត្រីរបបសឹកភូមាចូលរួម

កម្ពុជាក្នុងនាមជាប្រធានអាស៊ាន នៅថ្ងៃនេះបានរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ដោយពិភាក្សាលើការអភិវឌ្ឍថ្មីៗ នៅក្នុងអាស៊ាន។ អ្វីដែលគួរឲ្យកត់សម្គាល់ គឺកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិ ដែលកម្ពុជារៀបចំនាពេលនេះ មានការចូលរួមដោយផ្ទាល់ពីសំណាក់រដ្ឋមន្ត្រីការពារជាតិរបបសឹកភូមា ដែលអាស៊ានតែងតែផាត់ចោល ពីកិច្ចប្រជុំកន្លងមក។

កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦
កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦ © FB
ផ្សាយពាណិជ្ជកម្ម

ជារឿងមួយថ្មី ដែលកម្ពុជានិងបណ្តាប្រទេសសមាជិកអាស៊ានទាំង៨ផ្សេងទៀត បានអនុញ្ញាត្តឲ្យរដ្ឋមន្ត្រីការពារជាតិ នៃរបបសឹកភូមា បានចូលរួមកិច្ចប្រជុំ ខណៈដែលកន្លងមក អាស៊ានតែងតែផាត់ចោលភូមាចេញពីកិច្ចប្រជុំកំពូល ព្រោះមិនមានការជំរុញវឌ្ឍនភាពលើសេចក្តីសម្រេចជាឯកច្ឆ័នទាំង៥ចំណុច ដែលអាស៊ានបានដាក់ចេញកាលពីខែតុលា ឆ្នាំ២០២១កន្លងទៅ។

ជាកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦នាពេលនេះ របបសឹកភូមាបានចូលរួមប្រជុំដោយផ្ទាល់ ដោយមានគណៈប្រតិភូចំនួន៨នាក់ ដែលដឹកនាំដោយ នាយឧត្តមសេនីយ៍ យ៉ា ទុន អូ (Mya Tun Oo) រដ្ឋមន្ត្រីការពារជាតិនៃរបបសឹកភូមា។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយកនៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ។

ការណ៍ដែលកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ដែលមានវត្តមានរដ្ឋមន្ត្រីនៃរបបសឹកភូមាពេលនេះ ត្រូវបានអ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ យល់ឃើញថា ជាកិច្ចប្រជុំដែលមិនដាក់កំហិតមិនឲ្យរបបសឹកយោធាភូមាចូលរួមនោះទេ។ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា លើកឡើងថា​ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននាពេលនេះ មិនមែនមានន័យថា របបសឹកភូមាបានអនុវត្តទៅតាមកិច្ចព្រមព្រៀងទាំង៥ចំណុច ដែលអាស៊ានដាក់ចេញកន្លងមកនោះទេ។

បើតាមអ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិរូបនេះ គឺលោកមិនទាន់មានភាពសុទ្ឋិនិយមដែលរបបសឹកអនុវត្តតាមកិច្ចព្រមពៀងទាំង៥ចំណុច។ ដ្បិតសម្បីតែការផ្តល់ជំនួយមនុស្សធម៌ ដែលមាននៅក្នុងកិច្ចព្រមព្រៀងនោះ ក៏របបសឹកអនុវត្តបានតិចតួចនៅឡើយ។ លោកបណ្ឌិត គិន ភា កត់សម្គាល់ថា លុះត្រាតែកិច្ចប្រជុំធំៗរបស់អាស៊ាន ឬកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស ទើបភូមាត្រូវបានផាត់ចេញ ដោយអនុញ្ញាត្តឲ្យតែអ្នកតំណាងមិនមែននយោបាយចូលរួម។

គួរបញ្ជាក់ថា ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ កម្ពុជាបានរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានដោយផ្ទាល់ ចំនួន២ដងរួចមកហើយ គឺកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសកាលពីខែកុម្ភៈ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិ ដែលធ្វើឡើងនាពេលនេះ ខណៈដែលកិច្ចប្រជុំកំពូលអាស៊ាន នឹងធ្វើឡើងនៅចុងឆ្នាំ២០២២។ ជាប្រធានអាស៊ាននៅឆ្នាំនេះ កម្ពុជាបានជំរុញរបបសឹកភូមា ធ្វើយ៉ាងអនុវត្តឲ្យបាននូវកិច្ចព្រមព្រៀងជាឯកច្ឆ័នទាំង៥ចំណុច ក្រោយតែរបបសឹករបស់នាយឧត្តមសេនីយ៍ មីន អ៊ុងឡាំង បានធ្វើរដ្ឋប្រហារ កាលពីខែកុម្ភៈឆ្នាំ២០២១៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ