អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

អង្គការសង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាលព្យាយាមសងបំណុលបរទេសឱ្យត្រឹមត្រូវ ខណៈបំណុលបរទេសកើនជិត១០ពាន់លានដុល្លារ

អង្គការសង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាលគួរបន្តប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះទំហំកើនឡើងនៃបំណុលសាធារណៈ​ដែលកម្ពុជាកំពុងជំពាក់បរទេសសព្វថ្ងៃ បើទោះបីទំហំបំណុលបច្ចុប្បន្ននៅមានសុខភាពល្អយ៉ាងណាក្តី។   បើតាមលោក ប៉ិច ពិសី ប្រធានអង្គការតម្លាភាពកម្ពុជា កម្ពុជាគួរតែប្រុងប្រយ័ត្ន និងពិនិត្យអំពីលទ្ធភាពក្នុងការសងបំណុលទៅម្ចាស់បំណុលឱ្យបានត្រឹមត្រូវ ដើម្បីជៀសវាងការធ្លាក់ចូលទៅក្នុងរណ្តៅនៃបំណុលបរទេស។ ក៏ប៉ុន្តែ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន អះអាងថា កម្ពុជាបានគិតគូរល្អិតល្អន់អំពីសមត្ថភាពនៃការសងត្រឡប់ទៅម្ចាស់កម្ចីវិញ ដោយមិនឱ្យមានបញ្ហាអ្វីកើតឡើងទេ។

ទិដ្ឋាភាពសំណង់អាគារនៅតំបន់កោះពេជ្រ
ទិដ្ឋាភាពសំណង់អាគារនៅតំបន់កោះពេជ្រ © AFP
ផ្សាយពាណិជ្ជកម្ម

គិតត្រឹមរយៈពេល៥ខែឆ្នាំ២០២២នេះ ទំហំបំណុលសាធារណៈដែលកម្ពុជាកំពុងជំពាក់បរទេសបានកើនឡើងដល់៩,៨ពាន់លានដុល្លារ រឺស្មើប្រមាណជាង២៣%នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា។​ ក្នុងនោះបំណុលជាង ៤០% កម្ពុជាជំពាក់ប្រទេសចិន ហើយបំណុលជាង៣០%ផ្សេងទៀត កម្ពុជាជំពាក់ជាមួយដៃគូរអភិវឌ្ឍន៍នានា។ ក្រៅពីនោះ កម្ពុជាជំពាក់បណ្តាប្រទេសមួយចំនួន ក៏ដូចជាធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី។

លោក ប៉ិច ពិសី ប្រធានអង្គការតម្លាភាពកម្ពុជាយល់ឃើញថា កម្ពុជាពិតជាមិនអាចគេចផុតពីការខ្ចីបំណុលបរទេសដើម្បីយកមកបំពេញតម្រូវការដែលខ្លួនខ្វះខាត ជាពិសេសការយកមកវិនិយោគសាធារណៈនោះទេ ក៏ព្រោះថាកម្ពុជាស្ថិតក្នុងប្រទេសដែលកំពុងអភិវឌ្ឍន៍​។  ហើយថវិកាដែលកម្ពុជាត្រូវពឹងផ្អែកចម្បងគឺ ការស្នើហិរញ្ញប្បទានឥតសំណង​ និងកម្ចីដែលត្រូវសង់ត្រឡប់។

លោក ប៉ិច ពិសី បន្តថា ទោះបីទំហំនៃបំណុលសាធារណៈរបស់កម្ពុជា ធៀបនឹងផលិតផលក្នុងស្រុកសរុបនៅមានអត្រាទាប ដែលអាចធានាបាននូវផាសុខភាពយ៉ាងណាក្តី ក៏ប៉ុន្តែកម្ពុជាត្រូវគ្រប់គ្រងបំណុល និងរៀបចំនីតិវិធីសងបំណុលទាំងដើម ទាំងការទៅកាន់ម្ចាស់បំណុលឱ្យបានត្រឹមត្រូវ និងស្របតាមលក្ខខណ្ឌ។ ការធ្វើបែបនេះ ក៏ដើម្បីឱ្យប្រាកដថា បំណុលដែលកម្ពុជាជំពាក់ជិត១០ពាន់លានដុល្លារនេះ មិនទាញកម្ពុជាឱ្យធ្លាក់ចូលទៅក្នុងរណ្តៅនៃបំណុលបរទេស។

ប្រធានអង្គការតម្លាភាពកម្ពុជារូបនេះ ឱ្យដឹងទៀតថា កម្ពុជាត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះការខ្ចីបំណុលពីបរទេស ជាពិសេសការសងបំណុលត្រឡប់ទៅវិញ ហើយក៏មិនគួរឱ្យកើតមាននូវរូបភាពពុករលួយជុំវិញកម្ចីថវិកាពីបរទេសនេះដែរ។ 

ជាការឆ្លើយតប លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់មកវិទ្យុបារាំងអន្តរជាតិRFIថា កម្ពុជាមានឥរិយាបថក្នុងការសងបំណុលទៅកាន់ម្ចាស់បំណុលដោយត្រឹមត្រូវ ខណៈការខ្ចីរបស់កម្ពុជា គឺស្ថិតក្នុងរង្វង់ដែលអាចធានាអំពីសុវត្ថិភាព និងលទ្ធភាពនៃសងត្រឡប់ទៅវិញ។  

លោក ផៃ​ ស៊ីផាន បន្តថា ការខ្ចីបំណុលពីបរទេសរបស់កម្ពុជា គឺមិនយកទៅចាយផ្តេសផ្តាសឥតប្រយោជន៍ឡើយ ដោយកម្ចីទាំងអស់គឺយកមកដើម្បីអភិវឌ្ឍន៍សង្គមជាតិឱ្យរីកចម្រើន និងដើម្បីឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល ដោយធ្វើយ៉ាងណាឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងប្រាក់ចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០។

អ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះបានឱ្យដឹងទៀតថា កម្ពុជាតែងតែប្រុងប្រយ័ត្ននៅរាល់គ្រប់កាលៈទេសៈទាំងអស់ ដោយបច្ចុប្បន្នរដ្ឋាភិបាលបានបែងចែកកញ្ចប់ថវិកាជា៣ ដោយទី១ គឺកញ្ចប់ថវិកាសម្រាប់បើកជូនមន្ត្រីរាជការ ទី២ គឺកញ្ចប់ថវិកាសម្រាប់ទុកសងបំណុលបរទេស និងទី៣ គឺកញ្ចប់សម្រាប់ដាក់ថវិកាសន្សំ។

តែយ៉ាងណា លោក យ៉ង គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព​ព្រួយបារម្ភថា បំណុលសាធារណៈរបស់កម្ពុជានឹងបន្តកើនឡើងនៅថ្ងៃខាងមុខ ប្រសិនបើរដ្ឋាភិបាលយកលុយកម្ចីទាំងនោះមកអភិវឌ្ឍន៍ខុសគោលដៅ។ លោកថា បើកម្ពុជាមិនទាញផលប្រយោជន៍អំពីកម្ចីតាមរយៈការវិនិយោគសាធារណៈទេ កម្ពុជានឹងវ័ណ្ឌករដោយសារបំណុលបរទេសជាមិនខាន។

សូមជម្រាបថា ​ កាលពីឆ្នាំ​២០២០ រដ្ឋាភិបាល​បាន​សង​កម្ចី​ទៅ​កាន់​ដៃគូ​អភិវឌ្ឍន៍​ សរុប​ចំនួន ៣៦០,៣០​លាន​ដុល្លារ។ ហើយចាប់​ពី​ឆ្នាំ១៩៩៣ រហូត​ដល់​ចុង​ឆ្នាំ២០២០ រដ្ឋាភិបាល​បាន​សងបំណុល​សរុប​ចំនួន ២,១១​ពាន់​លាន​ដុល្លារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ