អានតួអត្ថបទ
កម្ពុជា-សង្គម

ផ្ទៃ​បឹង​ទន្លេ​បាទីជាង​២០០​ហិកតា​ត្រូវ​បាន​កាត់​ទៅ​ឲ្យ​បុគ្គល​ឯកជន

ផ្ទៃបឹង​ទន្លេបាទី ​ក្នុងខេត្ត​តាកែវ និង​ជាប់ស្រុក​កណ្តាលស្ទឹង ​ខេត្តកណ្តាល ​ចំនួន​២២២​ហិកតា​ ត្រូវបានប្រមុខ​រដ្ឋាភិបាល​ លោក ​ហ៊ុន សែន ​កាត់ទៅ​ឲ្យ​បុគ្គល​ឯកជន​ជាអ្នកកាន់​កាប់​ក្រោម​រូបភាពអភិវឌ្ឍ។ ដូច្នេះផ្ទៃបឹងធម្មជាតិមួយនេះនៅសល់តែជាង៩៧ហិកតាប៉ុណ្ណោះដែលនៅជាសម្បត្តិរបស់រដ្ឋ។ ការ​ប្រគល់​បឹងធម្មជាតិ​ទៅឲ្យ​ឯកជននេះ​ធ្វើឲ្យមាន​ប្រតិកម្ម​ចម្រុះ​ពីអ្នកការពារ​ធនធាន​ធម្មជាតិ​។

ជ្រុងមួយនៃទន្លេបាទី ស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ
ជ្រុងមួយនៃទន្លេបាទី ស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ © Internet
ផ្សាយពាណិជ្ជកម្ម

«សូម្បីតែទន្លេបាទីដែលជាតំបន់ប្រវត្តិសាស្រ្តក៏ត្រូវស្នើលុបដែរហើយជាការលុបដើម្បីផលប្រយោជន៍ឯកជន។យើងស្នើឲ្យមានការអភិរក្ស និងអភិវឌ្ឍទន្លេនេះឲ្យក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ វប្បធម៌និងប្រវត្តិសាស្រ្តដែលជួយដល់ប្រាក់ចំណូលសហគមន៍មូលដ្ឋាននិងសុខមាលភាពប្រជាពលរដ្ឋទីក្រុង»។ នេះគឺជាប្រតិកម្មរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បន្ទាប់ពីឃើញអនុក្រឹត្យ​ចុះហត្ថលេខា​ដោយ​លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី២ ខែមីនា ឆ្នាំ២០២២ ស្ដីពី​ការ​កំណត់​និយាមកា​ផ្ទៃ​បឹង​ទន្លេ​បាទី ទុក​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ និង​ការ​ធ្វើ​អនុបយោគ​ពី​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ មក​ជា​សម្បត្តិ​ឯកជន​របស់​រដ្ឋ​នូវ​ផ្ទៃដី​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ស្រុកបាទី ខេត្តតាកែវ និង​ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល។

តាមខ្លឹមសារនៃអនុក្រឹត្យនេះ គឺផ្ទៃបឹងទន្លេបាទី ក្នុងខេត្តតាកែវ និងជាប់ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ចំនួន២២២ហិកតា ត្រូវបានកាត់ទៅឲ្យបុគ្គលឯកជនជាអ្នកកាន់​កាប់​ក្រោម​រូបភាពអភិវឌ្ឍ។ ដូច្នេះផ្ទៃបឹងធម្មជាតិមួយនេះនៅសល់តែជាង៩៧ហិកតាប៉ុណ្ណោះដែលនៅជាសម្បត្តិរបស់រដ្ឋ។

លោក យង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បី​អភិវឌ្ឍ និងសន្តិភាព មិនគាំទ្រការ​អភិវឌ្ឍន៍​ដោយ​លុប​បឹង​ធម្មជាតិនេះឡើយ ខណៈលោកបារម្ភថា ការធ្វើបែប​នឹងធ្វើឲ្យប៉ះពាល់ដល់តំបន់ទេសចរណ៍​ដែល​មានទាំងប្រាសាទ និងបឹងធម្មជាតិ។ លោកទទួចឲ្យរដ្ឋាភិបាល​ពិចារណាឡើងវិញចំពោះការ​សម្រេច​ចិត្តនេះ។

ដូចគ្នានេះដែរ ប្រធាន​​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក អ៊ុល វ៉ាន់ យល់ថា ការអភិវឌ្ឍបែបនេះ គឺធ្វើឲ្យបាត់បង់ធនធាន​ធម្មជាតិ ខណៈលោកមិនដឹងទេថា តើរដ្ឋបានសិក្សាពីផលប៉ះពាល់​បរិស្ថាន​ និង​ផលប្រយោជន៍​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ដែរឬយ៉ាងណា។

បើតាមសកម្មជនបរិស្ថានរូបនេះ រដ្ឋគួរតែអនុញ្ញាតឲ្យមានការអភិវឌ្ឍនៅតំបន់​ផ្សេង​ដែល​មិនប៉ះពាល់​ដល់​បឹងធម្មជាតិដែលនៅសេសសល់តិចតួចនេះ ខណៈដីទំនេរជាច្រើនទៀតនៅមិនទាន់​អភិវឌ្ឍនៅឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ