អានតួអត្ថបទ
កម្ពុជា-អាស៊ាន

យោងតាមកង្វល់រួមអាស៊ាន ប្រេសិតពិសេសទទូចឲ្យមេដឹកនាំភូមាបញ្ជូនលោកស្រី អោងសាន ស៊ូជី ទៅលំនៅដ្ឋានវិញ

រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជាប្រេសិតពិសេសប្រធានអាស៊ាន លោក ប្រាក់ សុខុន កាលពីពេលថ្មីៗនេះបានស្នើឲ្យមេដឹកនាំរបបសឹកភូមា បញ្ជូនលោកស្រី អោងសាន ស៊ូជី ត្រលប់ទៅលំនៅដ្ឋានវិញ ដែលនេះក៏ជាកង្វល់រួមរបស់សមាជិកអាស៊ានផងដែរ។ ការស្នើសុំរបស់ប្រេសិតអាស៊ានពេលនេះ គឺធ្វើឡើងបន្ទាប់ពីលោកស្រី អោងសាន ស៊ូជី ត្រូវបានអាជ្ញាធរយោធាភូមាបញ្ជូនខ្លួនកាលពីសប្តាហ៍មុនពីក្នុងគេហដ្ឋាន ទៅកាន់ពន្ធនាគារធំស្ថិតនៅក្នុងទីក្រុងណៃពីដោជាមួយគ្នា។ 

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសប្រធានអាស៊ានស្ដីពីភូមា
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសប្រធានអាស៊ានស្ដីពីភូមា © សហការី
ផ្សាយពាណិជ្ជកម្ម

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសប្រធានអាស៊ានស្ដីពីភូមា កាលពីពេលថ្មីៗនេះ បានប្រាប់ទៅក្រុមប្រឹក្សារដ្ឋបាលរដ្ឋ(SAC) នៃសហភាពមីយ៉ាន់ម៉ានូវ «ក្តីកង្វល់យ៉ាងខ្លាំងរបស់សហសេវិកអាស៊ាន» ចំពោះរបាយការណ៍ស្ដីពីការផ្ទេរលោកស្រី អោងសាន ស៊ូជី ពីលំនៅដ្ឋានទៅកាន់ពន្ធនាគារនៅក្នុងទីក្រុងណៃពិដោ និងបានទទូចឱ្យក្រុមប្រឹក្សារដ្ឋបាលរដ្ឋ សម្របសម្រួលដល់ការបញ្ជូនលោកស្រីត្រឡប់ទៅលំនៅដ្ឋាន ដែលជាទីតាំងលោកស្រីត្រូវបានឃុំខ្លួនពីដំបូង។ នេះបើតាមលិខិតរបស់លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជានាថ្ងៃទី២៧ ខែមិថុនានេះ។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានសរសេរថា ប្រមុខការទូតកម្ពុជាបានផ្ញើលិខិតមួយច្បាប់ទៅកាន់សមភាគីភូមា គឺលោក Wunna Maung Lwin រដ្ឋមន្ត្រីការបរទេសភូមាកាលពីពេលថ្មីៗនេះថាលោកប្រាក់ សុខុន មិនមានមន្ទិលសង្ស័យទេថាក្តីបារម្ភដូចគ្នានេះកើតឡើងហួសពីក្នុងរង្វង់អាស៊ាន ដោយហេតុថាលោកស្រី អោងសាន ស៊ូជី ត្រូវបានចាត់ទុកក្នុងរង្វង់អន្តរជាតិ និងដោយប្រជាជនជាច្រើននៅភមាថាមានតួនាទីដ៏សំខាន់ក្នុងការវិលត្រឡប់ទៅរកប្រក្រតីភាព និងការផ្សះផ្សាជាតិឡើងវិញនៅក្នុងប្រទេសភូមាតាមរយៈដំណោះស្រាយនយោបាយដោយសន្តិវិធីមួយ។

តាមអ្នកនាំពាក្យការបរទេស ប្រេសិតពិសេសអាស៊ានបានលើកឡើងថាសមាជិកអាស៊ានទាំងអស់ មានទស្សនៈដូចគ្នាថា ការផ្សះផ្សាជាតិដោយសន្តិវិធី មិនអាចកើតឡើងបានឡើយ នៅពេលដែលភាគីមួយនៃជម្លោះ មិនត្រូវបានបញ្ជូលទៅក្នុងសមីការ (equation) ដំណោះស្រាយ និងបានគូសបញ្ជាក់ថា សហសេវិកអាស៊ានទាំងអស់ ជំរុញយ៉ាងខ្លាំងអោយក្រុមប្រឹក្សារដ្ឋបាលរដ្ឋរបស់ភូមា ចាប់ផ្តើមដំណើរការប្រកបដោយបរិយាប័ន្ននៃការផ្សះផ្សាជាតិ ដោយមិនមានការពន្យារពេលបន្ថែមទៀតនោះឡើយ។

សូមរំលឹកថា នៅក្រោយ​រដ្ឋប្រហារយោធាកាលពីខែ​កុម្ភៈ ឆ្នាំ ២០២១ របបសឹកភូមា​បាន​ចាប់ឃុំខ្លួនលោកស្រី​ អោងសាន ស៊ូជី ​នៅកន្លែងសម្ងាត់មួយ និង​បាន​កាត់ផ្តាច់លោកស្រីចេញ​ពីពិភពខាងក្រៅទាំងស្រុង។ លោកស្រីត្រូវបាន​អនុញ្ញាត​ឲ្យចេញក្រៅតែក្នុងពេល​មានការចូលរួម​ក្នុង​សវនការរបស់​តុលាការ​យោធា​តែប៉ុណ្ណោះ។ ទើបតែកាលពីថ្ងៃពុធសប្តាហ៍មុន លោកស្រី ស៊ូជី ត្រូវបានផ្លាស់បញ្ជូនទៅកាន់បន្ទប់ឃុំឃាំងមួយដាច់ដោយឡែកតែឯងនៅក្នុងបរិវេណពន្ធនាគារ ខណៈអ្នកបម្រើ និងសត្វចិញ្ចឹមមិនត្រូវបានអនុញ្ញាតឲ្យយកទៅជាមួយលោកស្រីឡើយ ហើយសន្តិសុខនៅជុំវិញបរិវេណពន្ធនាគារក៏មានសភាពតឹងតែងជាងមុនផងដែរ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានបារាំង AFP កាលពីសប្តាហ៍មុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ