អានតួអត្ថបទ
កម្ពុជា-អាស៊ាន

ប្រេសិតអាស៊ានទស្សនកិច្ចភូមាលើកទី២ ចំពេលរបបសឹកបង្កើនភាពតានតឹងទៅលើលោកស្រី អ៊ុងសាន ស៊ូជី

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ក្នុងនាមជាប្រេសិតពិសេសប្រធានអាស៊ានបានទៅបំពេញទស្សនកិច្ចជាលើកទី២ នៅប្រទេសភូមា ចាប់ពីថ្ងៃទី២៩ ខែមិថុនានេះ ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ ដើម្បីជួយស្វែងរកដំណោះស្រាយជុំវិញជម្លោះនយោបាយ និងជួបជាមួយភាគីពាក់ព័ន្ធនានារបស់ភូមា។ ដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសប្រធានអាស៊ានលើកនេះ បានធ្វើឡើងបន្ទាប់ពីទស្សនកិច្ចលើកដំបូងកាលពីខែមិនា ឆ្នាំ២០២២ មិនទទួលបានលទ្ធផលជាដុំកំភួន ដោយសារតែភាគីជម្លោះភូមា មិនទាន់បានត្រៀមខ្លួនក្នុងការចរចា។ 

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ក្នុងនាមជាប្រេសិតពិសេសប្រធានអាស៊ាន​ និង នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ក្នុងនាមជាប្រេសិតពិសេសប្រធានអាស៊ាន​ និង នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា © mfa.gov
ផ្សាយពាណិជ្ជកម្ម

អមដំណើរដោយអគ្គលេខាធិការរងអាស៊ាន លោក ឯកផាប់ ផាន់ថាវង់ និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាមួយចំនួន ព្រមទាំងបុគ្គលិករបស់លេខាធិការដ្ឋានអាស៊ាន លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជាប្រេសិតពិសេសប្រធានអាស៊ាន បានចាប់ផ្តើមបំពេញទស្សនកិច្ចជាលើកទី២ រយៈពេល៥ថ្ងៃ នៅភូមា។

ជាទស្សនកិច្ចក្នុងគោលបំណងតាមដានវឌ្ឍភាពនៃការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទចំនួន៥ចំណុច និងលទ្ធផលនៃកិច្ចពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់ភូមា ដែលបានប្រព្រឹត្តទៅកាលពីខែឧសភា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ និងដើម្បីរួមចំណែកដល់ការបង្កើតបរិយាកាសអំណោយផលសម្រាប់ដំណើរការសន្ទនានយោបាយប្រកបដោយបរិយាប័ន្ន តាមរយៈការជួបពិភាក្សាជាមួយគ្រប់ភាគីពាក់ព័ន្ធ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកាលពីថ្ងៃអង្គារ។

លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយបានមើលឃើញថាដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសប្រធានអាស៊ានលើកទី២នៅភូមានេះ នឹងមានលទ្ធផលមិនសុខពីទស្សនកិច្ចលើកទី១ទេ ប្រសិនបើបេសកជនអាស៊ានរូបនេះ មិនបានជួបគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសជំនួបជាមួយរដ្ឋាភិបាលស្រមោលភូមា(NUG) ហើយជួបបានតែភាគីរដ្ឋាភិបាលយោធា។

មួយវិញទៀតកាលពីថ្ងៃទី២៧ ខែមិថុនាកន្លងទៅ ប្រេសិតពិសេសប្រធានអាស៊ានក៏បានទទូចឲ្យរបបសឹកភូមាបញ្ជូនលោកស្រី អ៊ុងសាន ស៊ូជី ត្រលប់ទៅលំនៅដ្ឋានវិញ ខណៈដែលលោកស្រីត្រូវបានក្រុមយោធាបញ្ជូនពីលំនៅដ្ឋានទៅដាក់នៅពន្ធនាគារធំនៃទីក្រុងណៃពិដោកាលពីសប្តាហ៍មុន។ ចំណុចនេះ ត្រូវគេមើលឃើញថាអាចជាភាពតានតឹងថ្មីមួយទៀតសម្រាប់ប្រេសិតប្រធានអាស៊ានក្នុងការជួយស្វែងរកដំណោះស្រាយសន្តិភាពសម្រាប់ភូមា។

សូមរំលឹកថាកាលពីថ្ងៃទី២១​ ដល់ថ្ងៃទី២៣ ខែមិនា ដើមឆ្នាំនេះ លោកប្រាក់ សុខុន ក្នុងនាមប្រេសិតពិសេសប្រធានអាស៊ាន បានបំពេញទស្សនកិច្ចជាលើកដំបូងនៅប្រទេសភូមា ដោយក្រោយបញ្ចប់ទស្សនកិច្ចនោះលោកបានវាយតម្លៃថាគ្រប់គូជម្លោះនយោបាយក្នុងប្រទេសនេះ មិនទាន់បានត្រៀមខ្លួនដើម្បីធ្វើការចរចានៅឡើយ។ ក៏ប៉ុន្តែប្រមុខការទូតកម្ពុជាបានរំពឹងថា ដំណើរទស្សនកិច្ចរបស់លោកនៅពេលនោះ ក៏បានជួយជំរុញមួយកម្រិតដែរក្នុងដំណើរការស្វែងរកសន្តិភាពនៅប្រទេសភូមា តែត្រូវចំណាយពេលច្រើនខែឆ្នាំទៀត ព្រោះជម្លោះសង្គ្រាមនៅភូមាមានភាពស្មុគស្មាញខ្លាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ