អានតួអត្ថបទ
កម្ពុជា-អាស៊ាន

ទស្សនកិច្ចលើកទី២ ប្រេសិតពិសេសប្រធានអាស៊ាននៅភូមាមានវឌ្ឍនភាពផងសោកស្តាយផង ដោយអវត្តមានជំនួបជាមួយលោកស្រី អ៊ុងសាន ស៊ូជី

ប្រេសិតពិសេសប្រធានអាស៊ានលោក ប្រាក់ សុខុន បានបញ្ចប់ទស្សនកិច្ចរយៈពេលពេល៣ថ្ងៃនៅប្រទេសភូមាហើយ ដោយបានបង្ហាញនូវលទ្ធផលជាច្រើនចំណុច បន្ទាប់ពីបានជួបជាមួយមេដឹកនាំរបបសឹក និងភាគីពាក់ព័ន្ធដទៃទៀត។ ក៏ប៉ុន្តែទស្សនកិច្ចលើកទី២នេះ ត្រូវគេមើលឃើញថា នៅតែមានការសោកស្តាយ ដោយប្រេសិតពិសេសប្រធានអាស៊ាន មិនត្រូវបានអនុញ្ញាតឲ្យជួបលោកស្រី អ៊ុងសាន ស៊ូជី ដែលលោកស្រីជាមនុស្សសំខាន់នៅក្នុងជម្លោះនៃប្រទេសសមាជិកអាស៊ានមួយនេះ។

ទស្សនកិច្ចលើកទី២ ប្រេសិតពិសេសប្រធានអាស៊ាននៅភូមា
ទស្សនកិច្ចលើកទី២ ប្រេសិតពិសេសប្រធានអាស៊ាននៅភូមា © mfa.gov
ផ្សាយពាណិជ្ជកម្ម

នៅក្នុងជំនួបរវាងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជាប្រេសិតពិសេសប្រធានអាស៊ាន និងលោក មីន អោងឡាំង មេដឹកនាំរបបសឹកភូមានៅទីក្រុងណៃពីដោរ​​​ ភាគីទាំងពីរបានលើកយកប្រធានបទសំខាន់ៗមកជជែក ដូចជាស្ថានភាពបច្ចុប្បន្នភាព និងបញ្ហាប្រឈម ក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច និងបញ្ហាផ្តល់ជំនួយមនុស្សធម៌ដល់ប្រទេសភូមា។ថល

មេដឹកនាំរបបសឹកភូមា លោក មីន អោងឡាំង បានបញ្ជាក់ពីភាពប្រសើរឡើងនៃសន្តិសុខសម្រាប់ប្រជាជន និងឆន្ទៈរបស់លោកក្នុងការចូលរួមដោយភ្ទាល់នៅក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់ថ្នាក់ជាតិ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសកាលពីថ្ងៃចន្ទ។

បន្ថែមពីនេះ ប្រេសិតពិសេសប្រធានអាស៊ាន ក៏បានលើកយកចំណុចសំខាន់ៗផ្សេងទៀតទៅជជែកជាមួយរដ្ឋមន្ត្រីការបរទេសភូមា លោក វ៉ុនណា ម៉ោងលីន ក្នុងនោះមានសារទំនាក់ទំនងចំនួន២ កាលពីពេលថ្មីៗនេះ ពាក់ព័ន្ធនឹងការកាត់ទោសប្រហារជីវិត និងសំណើរឲ្យបញ្ជូនលោកស្រី អ៊ុងសាន ស៊ូជី ត្រលប់ទៅធ្វើការឃុំខ្លួនក្នុងផ្ទះវិញ រួមនឹងការអំពាវនាវឲ្យបញ្ឈប់អំពើហិង្សារផងដែរ។

យោងតាមសេចក្តីប្រកាសព័ត៌មាន លោក ប្រាក់ សុខុន ក៏បានស្នើឲ្យមានការដោះលែងអ្នកទោស និងរៀបចំឲ្យមានជំនួបជាមួយបុគ្គលដែលមិនមែនជាក្រុមប្រឹក្សារដ្ឋបាលរដ្ឋមួយចំនួន រួមទាំងលោកស្រី       អ៊ុងសាន ស៊ូជី និងលោកស្រី ស៊ូស៊ូល្វីន ភរិយាលោក ទីនចរ អតីតប្រធានាធិបតីភូមា។ ក៏ប៉ុន្តែតំណាងរបបសឹកភូមាបានបញ្ជាក់ថា លោកស្រី ស៊ូស៊ូល្វីន មិនអាចជួបប្រេសិតពិសេសបានទេដោយសារបញ្ហាសុខភាព ហើយលោកស្រី អ៊ុងសាន ស៊ូជី ក៏មិនអនុញ្ញាតឲ្យជួបដែរដោយសារតែកំពុងស្ថិតក្រោមនីតិវិធីតុលាការ។

ក្រៅពីនេះ ប្រេសិតពិសេសលោក ប្រាក់ សុខុន ក៏បានជួបជាមួយភាគីពាក់ព័ន្ធជាច្រើនទៀត រួមមានក្រុមអង្គការប្រដាប់អាវុធជនជាតិភាគតិច និងគណបក្សនយោបាយដែលមានអាសនៈនៅក្នុងរដ្ឋសភា រួមនឹងអង្គទូតនានាប្រចាំនៅភូមាផងដែរ។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាមើលឃើញថា ដំណើរទស្សនកិច្ចលើកទី២របស់ប្រេសិតពិសេសប្រធានអាស៊ានពេលនេះ មានវឌ្ឍនភាពច្រើន ធៀបទៅនឹងលើកទី១។ ក៏ប៉ុន្តែលោក យល់ថាវិបត្តិនយោបាយនៅភូមានេះ ចាំបាច់ត្រូវមានការចូលរួមពីតួអង្គសំខាន់ពីរ គឺតួអង្គរបបសឹក និងក្រុមលោកស្រី អ៊ុងសាន ស៊ូជី។ តាមលោកបណ្ឌិត គិន ភា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងនយោបាយឈ្នះឈ្នះរបស់កម្ពុជា គឺជាគំរូដ៏ល្អសម្រាប់យកទៅអនុវត្តបាននៅប្រទេសភូមា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ