អានតួអត្ថបទ
កម្ពុជា-ទេសចរណ៍

ក្រសួងទេសចរណ៍ ប្រកាសឱ្យអាជីវកម្មទេសចរណ៍នៅទូទាំងប្រទេសផ្អាកសកម្មភាព១ថ្ងៃ​ ដើម្បីកាន់ទុក្ខលោក អាបេ

ក្រសួងទេសចរណ៍កាលពីម្សិលមិញ បានប្រកាសឱ្យបណ្តាអាជីវកម្ម ក្លឹបកម្សាន្ត និងកន្លែងលក់គ្រឿងស្រវឹងទាំងអស់នៅទូទាំងប្រទេស ត្រូវផ្អាកដំណើរការអាជីវកម្មរបស់ខ្លួនរយៈពេល១ថ្ងៃ ដើម្បីចូលរួមកាន់មរណទុក្ខចំពោះមរណភាពរបស់លោក អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុនដែលត្រូវបានធ្វើឃាតនាពេលកន្លងមក។ ខណៈកាន់កាន់ទុក​នៅទូទាំងប្រទេសនេះ ត្រូវបានធ្វើឡើងថ្ងៃអាទិត្យនេះ ហើយចំណែកបណ្តាស្ថាប័នរដ្ឋ-ឯកជន ក៏ត្រូវបង្ហូតទង់ជាតិត្រឹមពាក់កណ្តាលដងផងដែរ។ 

កម្ពុជាបង្ហូតទង់ជាតិត្រឹមពាក់កណ្តាលដង
កម្ពុជាបង្ហូតទង់ជាតិត្រឹមពាក់កណ្តាលដង © Internet
ផ្សាយពាណិជ្ជកម្ម

ការផ្អាកសកម្មភាពអាជីវកម្មនៅទូទាំងប្រទេស បើតាមសារាចរណែនាំរបស់ក្រសួងទេសចរណ៍កាលពីថ្ងៃទី០៩ កក្ដដា បានសម្រេចឱ្យម្ចាស់ រឺអ្នកគ្រប់គ្រងអាជីវកម្មខារ៉ាអូខេ ក្លឹបកម្សាន្តរង្គសាល-ឌីស្កូ និងបៀរហ្គាឌិន ភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍ និងកន្លែងលក់គ្រឿងស្រវឹងទាំងអស់នៅទូទាំងប្រទេស ត្រូវផ្អាកសកម្មភាពអាជីវកម្មរបស់ខ្លួនរយៈពេល១ថ្ងៃ គឺនៅថ្ងៃទី១០ កក្តដា ឆ្នាំ២០២២នេះ។  

ដោយឡែក បណ្តាស្ថាប័នរដ្ឋ-ឯកជនវិញ ក៏ត្រូវបង្ហូតទង់ជាតិនៅត្រឹមពាក់កណ្តាលដងផងដែរ ដើម្បីចូលរួមកាន់ទុក្ខនៃមរណភាពរបស់លោក ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន។ នេះបើយោងតាមសារសម្លេងរបស់លោកនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី០៩ កក្តដា។

ក្នុងសារដដែល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើង​ថា ហេតុផលដែលកម្ពុជាចូលរួមកាន់ទុក្ខនៅទូទាំប្រទេស ដោយសារ ជប៉ុន​បាន​ជួយ​កម្ពុជា​យ៉ាងច្រើន​ទៅលើ​បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ ការកសាង​ធនធាន​មនុស្ស ក៏ដូចជា​កម្មវិធី​អភិវឌ្ឍន៍​ផ្សេងទៀត​។ ជប៉ុន​ក៏បាន​ចូលរួម​យ៉ាង​សកម្ម នៅក្នុង​ការផ្សារភ្ជាប់​រវាង​ជប៉ុន និង​អាស៊ាន ដែល​អាស៊ាន​ចាត់ទុក​ជប៉ុន​គឺជា​ដៃគូ​ដ៏ល្អ​មិនអាច​ខ្វះ​បាន​។

លោកនាយករដ្ឋមន្ត្រីបន្តថា ជប៉ុន​ក៏បាន​ដើរតួ​នៅក្នុង​ក្របខ័ណ្ឌ​នៃ​មេគង្គ​-​ជប៉ុន ដែលមាន​ការប្រជុំ​ជា​ទៀងទាត់​រៀងរាល់ឆ្នាំ​អម​ជាមួយ​នឹង​ការប្រជុំ​អាស៊ាន ឬ​ការប្រជុំ​នៅក្នុង​ប្រទេស​ជប៉ុន​តែម្តង​។

ម្លេ៉ោះហើយ គុណបំណាច់​ដ៏ធំ​របស់​លោក អាបេ ជាមួយ​នឹង​ប្រជាជន​កម្ពុជា ក៏ដូចជា​ប្រជាជន​ក្នុង​តំបន់​មេគង្គ និង​តំបន់​អាស៊ាន​ បាន​ធ្វើឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​នឹកឃើញ​ទៅដល់​សកម្មភាព​ដ៏សប្បុរស និង​ស្មោះត្រង់ ដែលនេះពិតជា​ចាំបាច់មែនទែនដែលកម្ពុជា​ត្រូវធ្វើ​កាយវិការ​ ដើម្បី​បង្ហាញ​នូវ​សាមគ្គីភាព និង​ការសោកស្តាយ​សម្រាប់​មរណភាព​របស់​លោក។

សូមជម្រាបថា លោក ស៊ីនហ្សូ អាបេ បានទទួលមរណភាពនៅវេលាម៉ោងប្រមាណ៦ល្ងាចក្នុងប្រទេសជប៉ុន រឺម៉ោងប្រមាណ៤ល្ងាចក្នុងប្រទេសកម្ពុជា។ ការស្លាប់របស់លោកអាបេ គឺកើតឡើងដោយសារ លោករងការបាញ់ប្រហារដោយខ្នាន់កាំភ្លើងចំនួន២គ្រាប់ ក្នុងអំឡុងពេលដែលលោកកំពុងឃោសនាស្វែងរកសន្លឹកឆ្នោតជូនបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យសេរី ដើម្បីត្រៀមការបោះឆ្នោតជ្រើសរើសតំណាងសភាជាន់ខ្ពស់ក្នុងប្រទេសជប៉ុននៅថ្ងៃអាទិត្យនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ