អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

កម្ពុជារំពឹងទទួលបានភ្ញៀវទេសចរបរទេស១លានបន្ទាប់ពីទទួលបានជាង៥០ម៉ឺននាក់

កម្ពុជា​រំពឹង​ទទួល​បានភ្ញៀវទេសចរ​បរទេស១លាននាក់​ក្នុងឆ្នាំនេះ ​និង​២លាននាក់​នៅឆ្នាំ២០២៣​ ព្រោះឆ្នាំ២០២៣​កម្ពុជា​ធ្វើជាម្ចាស់ផ្ទះ​រៀបចំព្រឹត្តការណ៍​កីឡាស៊ីហ្គេម​និង​អាស៊ានប៉ារ៉ាហ្គេម​លើកទី៣២។​ ក្ដីរំពឹង​នេះ ត្រូវ​បានលើក​បង្ហាញ​ដោយរដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ នៅថ្ងៃទី១២​កក្កដា​នេះ ​ក្នុង​ពិធីបើក​សន្និ​បាត​បូកសរុប​ការងារ​ទេសចរណ៍​ក្រោយ​វិបត្តិជំងឺ​កូវីដ​-១៩​ដំណាក់​កាល​ទី១នៃ​ឆមាស​ទី​១​ឆ្នាំ២០២២។​

ភ្ញៀវទេសចរ (រូបតំណាង)
ភ្ញៀវទេសចរ (រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

ក្ដីរំពឹងរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន បែបនេះដោយសំអាងលើរយៈពេល៦ខែក្នុងឆ្នាំ២០២២នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង៥០ម៉ឺននាក់កើនឡើង៣៩៤ភាគរយ បើធៀបនឹងពេលដូចគ្នាក្នុងឆ្នាំ២០២១។ តែចំនួននេះបានថយចុះបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩មុខផ្ទុះកូវីដ១៩។ ចំពោះភ្ញៀវទេសចរជាង៥០ម៉ឺននាក់នេះ ភាគច្រើនមកប្រភពមកពីប្រទេសវៀតណាម  ថៃ ចិន សហរដ្ឋអាមេរិក ឥណ្ឌូណេស៊ី បារាំង កូរ៉េ ម៉ាឡេស៊ី អង់គ្លេស អូស្រ្តាលី និងឥណ្ឌា។  ចំណែកភ្ញៀវទេចរជាតិមានចំនួន៦៨ម៉ឺននាក់។

បើតាមលោក ថោង ខុន មានហេតុផលមួយចំនួនទៀតដែលរំពឹងនឹងទទួលបានទេសចរបរទេស១លាននាក់នៅក្នុងឆ្នាំ២០២២ និង២លាននាក់នៅក្នុងឆ្នាំ២០២៣ ដោយសាររដ្ឋាភិបាលបានសម្រួលលក្ខខណ្ឌសម្រាប់ភ្ញៀវទេសចរបរទេសនិងអ្នកដំណើរអន្តរជាតិចូលមកប្រទេសកម្ពុជា ជាបន្តបន្ទាប់ ពិសេសការសម្រេចបើកការធ្វើដំណើរតាមច្រកទ្វារអន្តរជាតិឡើងវិញ និងផ្ដល់ទិដ្ឋាការពេលមកដល់ដោយលុបចោលលក្ខខណ្ឌតម្រូវឲ្យបង្ហាញលទ្ធផលPCR។ 

ហើយចុងក្រោយនេះ កម្ពុជាបានសម្រេចអនុញ្ញាត្តលើកលែងការធ្វើចត្តាឡីស័កចំពោះទេសចរជាតិនិងអន្តរជាតិ ដែលមិនទាន់បានចាក់វ៉ាក់សាំងឬមិនទាន់បានចាក់គ្រប់ដូសដោយគ្រាន់តែតម្រូវឲ្យធ្វើតេស្តរហ័សតែប៉ុណ្ណោះ។ ដូច្នេះការកាត់បន្ថយនូវរបាំងនៃការធ្វើដំណើរទាំងនេះ បានធ្វើឲ្យមានកំណើនភ្ញៀវទេសចរផ្ទៃក្នុងរួមនឹងការមកដល់របស់ភ្ញៀវអន្តរជាតិក៏មានការកើនឡើងដែរ ហើយជើងហោះហើរចូលមកកម្ពុជាក៏មានការកើនឡើងជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់។  

ប៉ុន្តែយ៉ាងមិញ តាមការព្យាករណ៍របស់អង្គការទេសចរណ៍ពិភពលោកចំនួនទេសចរអន្តរជាតិក្នុងឆ្នាំ២០២២ អាចចុះចន្លោះពី៣០ទៅ៤០ភាគរយ បើធៀបនឹងចំនួនទេចរណ៍អន្តរជាតិក្នុងឆ្នាំ២០១៩មុនមានវិបត្តិកូវីដ១៩ដោយសារទេសចរណ៍ពិភពលោកកំពុងរងការគំរាមកំហែងនិងរងផលប៉ះពាល់ជាអវិជ្ជ​មានពីវិបត្តិនិងបញ្ហាប្រឈ មនានាដូចជាៈការវិវត្តជាបន្តបន្ទាប់នៃមេរោគកូវីដ១៩បំប្លែងថ្មី វិបត្តិនៅអ៊ុយក្រែនដែលជះឥទ្ធិពលធ្វើឲ្យមានការកើនឡើងជាអតិផរណាជារួម ការកើនឡើងថ្លៃប្រេង ការថមថយអំណាចទិញរបស់ភ្ញៀវ  រួមនឹងល្បឿនខុសៗគ្នានៃការបន្ធូរបន្ថយការរឹតត្បិតលើការធ្វើដំណើរនិងរបាំងនានារបស់ប្រទេសនីមួយៗជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ