អានតួអត្ថបទ
កម្ពុជា-ទំនាក់ទំនងការទូត

លោក ប្រាក់ សុខុន ស្នើឲ្យអាមេរិកបន្តផ្តល់GSPដល់កម្ពុជានៅក្នុងជំនួបជាមួយឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក

ការពង្រឹងទំនាក់ទំនងទ្វេភាគីកម្ពុជា-អាមេរិក ការគាំទ្រភាពជាប្រធានអាស៊ានរបស់កម្ពុជា ការផ្តល់ភាពអនុគ្រោះពន្ធ GSPពីសហរដ្ឋអាមេរិក បញ្ហាសុខមាលភាពអំឡុងពេលកូវីដ-១៩ ការរឹតត្បឹតទិដ្ឋាការមន្ត្រីជាន់ខ្ពស់ការបរទេសកម្ពុជា រួមនឹងបញ្ហាមួយចំនួនទៀត ត្រូវបានលើកឡើងនៅក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជាលោកប្រាក់ សុខុន និងលោក Daniel Kritenbrink ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកកាលពីថ្ងៃអង្គារម្សិលមិញ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា។ 

ជំនួបរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជាលោកប្រាក់ សុខុន និងលោក Daniel Kritenbrink ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក
ជំនួបរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជាលោកប្រាក់ សុខុន និងលោក Daniel Kritenbrink ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក © mfa.gov
ផ្សាយពាណិជ្ជកម្ម

នៅក្នុងជំនួបទ្វេភាគីរវាងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក Daniel J. Kritenbrink ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ភាគីទាំងពីរបានផ្តោតសំខាន់ទៅលើការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-អាមេរិក ដែលនៅក្នុងនោះក៏មានបញ្ហាអវិជ្ជមានមួយចំនួនបានលាយឡំផងដែរ។

តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ប្រមុខការទូតកម្ពុជាលោក ប្រាក់ សុខុន បានសម្តែងការខកចិត្តដោយលោកបានលើកឡើងថាកម្ពុជាត្រូវបានគេចាត់ទុកយ៉ាងអយុត្តិធម៌ជាប្រទេសដែលមិនផ្តល់កិច្ចសហការ ទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការក្នុងការធ្វើមាតុភូមិនិវត្តន៍ ដែលនាំទៅដល់ការដាក់ការរិតត្បិតទិដ្ឋាការចំពោះមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា។

បញ្ហាភាពអនុគ្រោះពន្ធពីសហរដ្ឋអាមេរិក GSP ក៏ត្រូវបានលើកយកមកជជែកដែរពីសំណាក់លោក ប្រាក់ សុខុន ដោយលោកស្នើទៅភាគីអាមេរិកផ្តល់ GSP មកកម្ពុជាវិញ ដើម្បីផលប្រយោជន៍ទំនាក់ទំនងសេដ្ឋកិច្ច ខណៈពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក មានកំណើនជាលំដាប់។

លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយបានចាប់អារម្មណ៍ថាបញ្ហាផ្តល់ភាពអនុគ្រោះពន្ធ GSP ពីអាមេរិកដល់កម្ពុជាឡើងវិញអាចជាការលំបាក ក៏ប៉ុន្តែអាចសម្របសម្រួលគ្នាបានចំពោះបញ្ហារឹតត្បឹតទិដ្ឋាការចំពោះមន្ត្រីជាន់ខ្ពស់ការបរទេសកម្ពុជា។ អ្នកវិភាគនយោបាយរូបនេះថា ជំហរអព្យាក្រិត្យរបស់កម្ពុជាមានសារសំខាន់ណាស់ក្នុងការទទួលបាននូវអត្ថប្រយោជន៍ពីសហរដ្ឋអាមេរិក។

ជាការពិតគោលបំណងរបស់ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Daniel J. Kritenbrink គឺដើម្បីសម្តែងការគាំទ្រភាពជាប្រធានអាស៊ានរបស់កម្ពុជា និងពង្រឹងទំនាក់ទំនងទ្វេភាគី ដោយភាគីទាំងពីរបានរំលេចពីការសម្រេចបានលទ្ធផលជាផ្លែផ្កានៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក កន្លងមក។ ជាងនេះទៅទៀត សហរដ្ឋអាមេរិកចង់ឃើញទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អាមេរិក ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅកម្ពុជានាពេលខាងមុខ។

សូមរំលឹកថាឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Daniel J. Kritenbrink បានធ្វើទស្សនកិច្ច​នៅកម្ពុជារយៈពេល២ថ្ងៃ គឺថ្ងៃទី១២ និងទី១៣ ខែកក្កដានេះ មុននឹងបន្តដំណើរទៅកាន់ប្រទេសជប៉ុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ